អ្នកជំនាញផ្នែកសន្តិសុខរបស់បស្ចិមលោក និងមជ្ឈិមបូព៌ា យល់ឃើញថា សេណារីយ៉ូដែលអាក្រក់បំផុតជុំវិញការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សានេះ នឹងក្លាយជាការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ដែលអាចរាលដាលជាជម្លោះនៅទូទាំងតំបន់ ហើយវាថែមទាំងបានគំរាមកំហែងដល់សន្តិសុខនៅតំបន់អាស៊ីផងដែរ។
ប្រសិនបើជម្លោះនៅអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា បានកើនឡើងក្លាយជាសង្រ្គាមធំរាលដាលទៅដល់តំបន់ផ្សេងទៀត នោះសន្តិសុខនៅច្រកសមុទ្រតៃវ៉ាន់ និងឧបទ្វីបកូរ៉េនឹងរងផលប៉ះពាល់យ៉ាងខ្លាំងផងដែរ ព្រោះសហរដ្ឋអាម៉េរិក លែងមានកម្លាំងយោធាគ្រប់គ្រាន់ ដើម្បីដោះស្រាយជម្លោះធំៗនៅកន្លែងទាំង២នេះក្នុងពេលតែមួយបានឡើយ។
តើយោធាអាម៉េរិក អាចទប់ទល់បានដោយរបៀបណាប្រសិនបើសង្គ្រាមធំពីរ ឬច្រើនជាងនេះពាក់ព័ន្ធនឹងអឺរ៉ុប មជ្ឈិមបូព៌ា ឬអាស៊ីផ្ទុះឡើងក្នុងពេលតែមួយមែននោះ?
ពាក់ព័ន្ធនឹងសំណួរនេះលោក ម៉ាក មីឡេយ៍ (Mark Milley) អតីតប្រធានអគ្គសេនាធិការចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយនៅពេលលោកបានទៅទស្សនកិច្ចនៅប្រទេសជប៉ុន ក្នុងខែកក្កដាថា រឿងសំខាន់បំផុត គឺត្រូវប្រាកដថា គ្មាននរណាម្នាក់ចោទជាសំណួរបែបនេះឡើង។
លោក មីឡេយ៍ បាននិយាយថា អាម៉េរិកនឹងមានរចនាសម្ព័ន្ធកម្លាំង ដើម្បីអាចដោះស្រាយសង្រ្គាមដ៏ធំមួយក្នុងពេលណាមួយបាន ប៉ុន្តែវាក៏នៅតែអាចទប់ស្កាត់ ឬរារាំងសង្គ្រាមនៅកន្លែងផ្សេងទៀតបានដែរ ប៉ុន្តែយកល្អគឺត្រូវរារាំងកុំឱ្យសង្រ្គាមកើតឡើងនៅកន្លែងផ្សេងទៀត ដើម្បីកុំឱ្យមានការពិបាកក្នុងការប្រយុទ្ធគ្នានៅក្នុងសង្គ្រាមពីរកើតឡើងក្នុងពេលតែមួយ។
លោក មីឡេយ៍ គិតយ៉ាងច្បាស់ថា អាម៉េរិកនឹងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរមួយចំនួនបើសិនចិនឈ្លានពានតៃវ៉ាន់ ក្នុងពេលមានភាពចលាចលនៅអ៊ុយក្រែន និងមជ្ឈិមបូព៌ា ឬបើសិនកូរ៉េខាងជើងបញ្ជូនទ័ពចូលកូរ៉េខាងត្បូង ដោយហេតុផលដូចគ្នា ហើយដើម្បីរារាំងសកម្មភាពបែបនេះ លោក មីឡេយ៍ សង្កត់ធ្ងន់ថា អាម៉េរិក និងសម្ព័ន្ធមិត្តត្រូវតែជំរុញការរារាំងប្រទេសទាំង២នេះ គឺចិន និងកូរ៉េខាងជើង។
ទីប្រឹក្សាក្រសួងការពារជាតិ អាម៉េរិកម្នាក់អះអាងថា សង្រ្គាមនៅអឺរ៉ុបនឹងមិនប៉ះពាល់ខ្លាំងដល់សន្តិសុខអាស៊ីទេ ព្រោះកម្លាំងជើងគោកទំនងជាដើរតួនាទីសំខាន់នៅអឺរ៉ុប ចំណែកឯសមរភូមិធំៗនៅអាស៊ីវិញទំនងជានឹងកើតឡើងនៅសមុទ្រ។ ទោះយ៉ាងនេះក្តី ការគ្រប់គ្រងជម្លោះនៅតំបន់ទាំង២ក្នុងពេលដំណាលគ្នានឹងមិនងាយស្រួលសម្រាប់កងទ័ពអាម៉េរិកនោះទេ ព្រោះថាពួកគេនឹងត្រូវមានគ្រាប់រំសេវ កាំជ្រួចមីស៊ីល និងយន្តហោះនៅកន្លែងទាំង២នេះ។
ហេតុនេះហើយ កាលពីខែធ្នូឆ្នាំមុនប្រទេសជប៉ុន បានសម្រេចបង្កើនចំណាយជិតទ្វេដងនៅក្នុងវិស័យការពារជាតិ នៅត្រឹមឆ្នាំសារពើពន្ធ២០២៧ ដើម្បីធ្វើឱ្យសម្ព័ន្ធភាពរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយនឹងទីក្រុងវ៉ាស៊ីនតោន។ ដំណឹងល្អមួយទៀត គឺថាមេដឹកនាំជប៉ុន អាម៉េរិក និងកូរ៉េខាងត្បូង បានបើកកិច្ចប្រជុំកំពូលត្រីភាគីមួយ កាលពីពាក់កណ្តាលខែសីហា ដើម្បីពង្រឹងសហប្រតិបត្តិការសន្តិសុខ។ ក៏ប៉ុន្តែគេមិនសូវជាមានសុទិដ្ឋិនិយមខ្លាំងពេកទេ ជាពិសេសពាក់ព័ន្ធនឹងស្ថានភាពនៅច្រកសមុទ្រតៃវ៉ាន់តែម្ដង៕
អត្ថបទ៖ សុខ ជា