ក្រៅតែពីការបង្គាប់ឲ្យក្រុមគ្រួសាររបស់បុគ្គលិកស្ថានទូតចាកចេញពីអ៊ុយក្រែន រដ្ឋបាលក្រុងវ៉ាស៊ីនតោនថែមទាំងបានអនុញ្ញាត ឲ្យបុគ្គលិកស្ថានទូតណាដែលមិនមានកិច្ចការសំខាន់តម្រូវឲ្យនៅធ្វើការក្នុងស្ថានទូត ឬដែលអាចធ្វើការពីចំងាយបាន អាចចាកចេញដោយស្ម័គ្រចិត្តពីប្រទេសអ៊ុក្រែនតែម្តង។
បន្ថែមពីលើនេះ វ៉ាស៊ីនតោនថែមទាំងបានជំរុញពលរដ្ឋអាមេរិកនៅក្នុងប្រទេសនៃតំបន់អឺរ៉ុបខាងកើតមួយនេះ ឲ្យពិចារណាចាកចេញឥលូវនេះតែម្តង ដោយបានសំអាងថាអាមេរិកទំនងជាមិនអាចជម្លៀសពួកគេបានទាន់ពេលឡើយ ប្រសិនបើមានការឈ្លានពានណាមួយកើតឡើងពីទីក្រុងម៉ូស្គូ មកលើអ៊ុយក្រែន។
គួររំឭកថា រុស្សីនៅមួយរយៈចុងក្រោយនេះបានដាក់ពង្រាយកងទ័ពរាប់ពាន់នាក់ និងបំពាក់មកជាមួយនូវសព្វាវុធធន់ធ្ងន់ជាច្រើន ដូចជារថក្រោះ មីស៊ីល និងកាំភ្លើងផ្លោងផងដែរ នៅតាមព្រំដែនជាមួយអ៊ុយក្រែន។ ប្រការនេះត្រូវបានទីក្រុងវ៉ាស៊ីនតោនអះអាងថា រុស្សីអាចវាយប្រហារមកលើអ៊ុយក្រែនបានគ្រប់ពេលវេលា។
អស់ពេលជាច្រើនខែមកហើយ ដែលរុស្ស៊ី ត្រូវបានអាមេរិក សហភាពអឺរ៉ុប និងក្រុមប្រទេសលោកខាងលិចដទៃទៀត ចោទប្រកាន់ ថាបានដាក់ពង្រាយកម្លាំងទ័ព ឡោមព័ទ្ធអ៊ុយក្រែន។ រុស្ស៊ីបានទាមទារថា អាមេរិក និងអង្គការណាតូ ត្រូវតែសន្យាឈប់រើសសមាជិកថ្មីចូលបន្ថែម ពិសេសគឺអ៊ុយក្រែនតែម្តង ហើយត្រូវឈប់ធ្វើសមយុទ្ធយោធា នៅក្បែរព្រំដែនរុស្ស៊ីទៀត។ ភាគីរុស្ស៊ីបានលើកឡើងនូវចំណុចមួយទៀត ដោយទាមទារឲ្យអង្គការណាតូ ដកទ័ពចេញពីប្រទេសចំនួន១៤ ដែលជាអតីតសមាជិកសហភាពសូវៀត ក្នុងនោះមានដូចជា ប៊ុលការី និងរ៉ូម៉ានីជាដើម។
សូមជម្រាបថា វិបត្តិអ៊ុយក្រែននៅតែមិនទាន់មានភាពធូរស្រាលនៅឡើយ បើទោះបីជាមានកិច្ចចរចារវាងរុស្ស៊ី-អាម៉េរិក និងរុស្ស៊ី-អង្គការណាតូ ជាច្រើនលើកក្តី ពោលគឺកិច្ចចរចាទាំងនេះមិនទទួលបានផ្លៃផ្កាជាដុំកំភួននោះឡើយ។ បើទោះបីជាមិនទាន់មានដំណោះស្រាយលើបញ្ហាអ៊ុយក្រែនក្តី ភាគីទាំងអស់ នៅតែឯកភាពបន្តកិច្ចចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលបានអូសបន្លាយអស់រយៈពេលជាច្រើនខែមកនេះ៕