វិស័យទេសចរណ៍

តើយន្តការលើកលែងទិដ្ឋាការចំពោះជនជាតិចិន សម្រេចបានលទ្ធផលយ៉ាងណាក្រោយអនុវត្តជិតមួយខែមកនេះ?


គិតមកទល់ពេលនេះ មានរយៈពេលជិត១ខែ ដែលកម្ពុជា បានដាក់ឱ្យអនុវត្តយន្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន សាកល្បង ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីទីផ្សារដ៏ធំនៅលើពិភពលោកមួយនេះ។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា លទ្ធផលដែលសម្រេចបានពីការអនុវត្តយន្តការនេះហាក់មានភាពយឺតយ៉ាវជាងការរំពឹងទុក ដោយសារឥទ្ធិពលនៃបញ្ហាឆបោកអនឡាញ (Scam) ដែលនៅតែជាស្រមោលអវិជ្ជមានរារាំងដល់ទំនុកចិត្តរបស់ភ្ញៀវទេសចរ និងវិនិយោគិនចិន។
វិស័យទេសចរណ៍
ដោយ

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា ត្រូវទទួលថា បញ្ហាស្កេមអនឡាញ ដែលធ្លាប់កើតមាននៅកម្ពុជានៅតែបន្តជះឥទ្ធិពលខ្លាំងទៅលើទំនុកចិត្តរបស់ប្រជាជនចិន ដូច្នេះហើយវាបានធ្វើឱ្យយន្តការលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលបានដាក់ឱ្យអនុវត្តរយៈពេលជិតមួយខែមកនេះ ហាក់មានលទ្ធផលយឺតជាងការរំពឹងទុកនៅឡើយ។ បើតាមអ្នកជំនាញរូបនេះ រាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងកាដោះស្រាយបញ្ហានេះ ប៉ុន្តែលោកយល់ថា វានៅមិនទាន់គ្រប់គ្រាន់នោះទេ ដែលទាមទាឱ្យមានការចូលរួមពីរដ្ឋាភិបាលចិន បន្ថែមក្នុងការផ្សព្វផ្សាយដល់ប្រជាជនខ្លួនឱ្យបានទូលំទូលាយ ទើបអាចជំរុញឱ្យយន្តការនេះអាចសម្រេចជោគជ័យទៅបាន។

ជាមួយគ្នានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដើម្បីឱ្យយន្តការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ទទួលបានជោគជ័យ ទាមទារឱ្យកម្ពុជា ត្រូវត្រៀមលក្ខណៈក្នុងការផ្តល់សេវាកម្មទទួលស្វាគមន៍ភ្ញៀវទេសចរចិន ដែលចូលមកទាំងនោះឱ្យបានល្អបំផុត ដើម្បីឱ្យពួកគេផ្សព្វផ្សាយបន្ត និងចង់មកម្តងហើយម្តងទៀត។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏ត្រូវបង្កើនបរិយាកាសធុរកិច្ចឱ្យកាន់តែល្អប្រសើរថែមទៀត ពិសេសសម្រាប់អ្នកវិនិយោគផ្ទាល់តែម្តង ដើម្បីទាក់ទាញលំហូរទុនចិនចូលមកកម្ពុជាកាន់តែច្រើន។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញយន្តការសាកល្បងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរត្រង់ចេញពីប្រទេសចិន ដោយអនុញ្ញាតឱ្យស្នាក់នៅបានចំនួន១៤ថ្ងៃក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ យន្តការនេះមិនតម្រូវឱ្យមានការដាក់ពាក្យស្នើសុំ និងមិនមានបង់កម្រៃអ្វីឡើយ ពោលគឺគ្រាន់តែបំពេញទម្រង់បែបបទចេញចូលតាមអេឡិចត្រូនិច ឬ E-arrival ប៉ុណ្ណោះ ហើយក្នុងអំឡុងពេលនេះភ្ញៀវទេសចរចិន អាចធ្វើដំណើរចូលមកកម្ពុជា ប៉ុន្មានលើកក៏បានដែរ៕




អត្ថបទបន្ទាប់


តើក្រសួងសុខាភិបាល មានតួនាទីសំខាន់យ៉ាងណាក្នុងការទប់ស្កាត់ និងបង្ក្រាបអាហារបំប៉នដែលប៉ះពាល់ដល់សុខភាពពលរដ្ឋ?

ក្រសួងសុខាភិបាល សហការជាមួយមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានចាប់ផ្តើ…

ថៃនឹងតម្រូវឱ្យពលរដ្ឋដាក់ប្រាក់បញ្ញើពី១៥ម៉ឺនដុល្លារឡើងទៅបញ្ជាក់ពីប្រភពចំណូល ដើម្បីទប់ស្កាត់ការលាងលុយកខ្វក់

បញ្ហាអំពើពុករលួយ ស៊ីសំណូកសូកប៉ាន់ អាជីវកម្មខុសច្បាប់ និងការចរាចរណ៍សាច់ប្រាក់ខ្មៅដែលបានមកពីការជួញដូរគ្រឿងញៀន និងកញ្ឆានៅក្នុងសង្គមថៃ ក្ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ