ប្រទេសថៃ គឺជាប្រទេសកំពូលមួយដែលមានការផលិត និងនាំចេញកៅស៊ូធម្មជាតិច្រើនជាងគេលើពិភពលោក ដែលមានចំណែកប្រមាណ៤០% នៃការផ្គង់ផ្គង់កៅស៊ូសកល។ ប៉ុន្ដែ កសិករដាំដុះកៅស៊ូក្នុងប្រទេសនេះ កំពុងជួបនឹងបញ្ហាលំបាក ដោយសារតែតម្លៃទីផ្សារទាប នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែតម្រូវការកៅស៊ូសកលមានសញ្ញាដាំក្បាលចុះដែរ។
កាសែតបាងកកប៉ុស្ដិ៍ដែលបានស្រង់សម្ដីអ្នកនាំពាក្យរាជរដ្ឋាភិបាលថៃបានឲ្យដឹងថា ដើម្បីលើកម្ពស់តម្លៃ និងធ្វើឲ្យប្រាក់ចំណូលរបស់កសិករមានស្ថិរភាពរាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវគោលដៅ ដែលអាចនឹងសម្រេចបាននៅឆ្នាំ២០៣៦។ គោលដៅនោះ គឺរួមបញ្ចូលទាំងការកាត់បន្ថយការដាំដុះដំណាំកៅស៊ូឲ្យបាន២១% ពីផ្ទៃដីដាំដុះជាង ៣លាន៧សែនហិកតា នៅឆ្នាំ២០១៦ មកនៅជាង២លាន៩សែនហិកតា និងការបង្កើនតម្លៃបន្ថែមសម្រាប់ការនាំចេញកៅស៊ូធម្មជាតិ ឬផលិតផលធ្វើពីកៅស៊ូពីជាង៨ពាន់លានដុល្លារអាមេរិក ទៅជាង២៦ពាន់លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
ប្រទេសថៃ បានបង្កើនខិតខំប្រឹងប្រែងយ៉ាងខ្លាំង សម្រាប់ការនាំចេញកៅស៊ូ នៅប៉ុន្មានខែមកនេះ បន្ទាប់ពីប្រទេសនេះ បានកាត់បន្ថយការនាំចេញ អស់រយៈពេល៤ខែមកហើយ ចាប់ពីខែឧសភាដល់ខែកញ្ញាកន្លងមកនេះ ដែលវាជាផ្នែកមួយនៃគម្រោងកំពូលអ្នកនាំចេញកៅស៊ូពិភពលោក ដើម្បីលើកកម្ពស់តម្លៃកៅស៊ូសកល។
ការជំរុញឲ្យមានការកាត់បន្ថយការនាំចេញកៅស៊ូនេះ គឺដោយសារតែអ្នកនាំចេញថៃ បានរងផលប៉ះពាល់ពីភាពតានតឹងពាណីជ្ជកម្ម និងប្រាក់បាតឡើងថ្លៃ ដែលវាក៏កំពុងដាក់សម្ពាធទៅលើប្រទេសនេះ ដែលមានសេដ្ឋកិច្ចផ្អែកខ្លាំងលើការធ្វើពាណិជ្ជកម្មផងដែរ។
កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មថៃ លោក ជូរិន ឡាក់សាណាវិស្សុត បាននិយាយថា ថ្មីៗនេះប្រទេសថៃ បានចុះហត្ថលេខាកិច្ចព្រមព្រៀងនាំចេញកៅស៊ូដែលមានតម្លៃប្រមាណជាង១ពាន់លានដុល្លារអាមេរិក។ ដោយវាក៏មានរួមបញ្ចូលនូវកិច្ចព្រមព្រៀងលក់ផលិតផលកៅស៊ូ ប្រមាណ១៤ម៉ឺនតោនផងដែរ មានតម្លៃជាទឹកប្រាក់ប្រមាណជាង ២៦៥ លានដុល្លារអាមេរិក៕