វិស័យកសិកម្ម

ថៃ ដាក់ចេញគម្រោងទុរេនឌីជីថល ដើម្បីបង្កើនការផលិត ក្រោយទីផ្សារទុរេនរងសម្ពាធការប្រកួតប្រជែងកាន់តែខ្លាំង


ទីភ្នាក់ងារលើកកម្ពស់សេដ្ឋកិច្ចឌីជីថលរបស់ប្រទេសថៃ បានដាក់ចេញគម្រោងទុរេនឌីជីថល ដើម្បីជួយកសិករជិត៩លាននាក់ ឲ្យបង្កើនផលិតភាពរបស់ពួកគេ និងកំណត់ស្តង់ដាទុរេនថៃ ឲ្យច្បាស់លាស់។ ការដាក់ចេញផែនការរបស់ថៃនេះ វាស្របពេលដែលប្រទេសជាច្រើនដូចជាចិន ឡាវ ឥណ្ឌូនេស៊ី និងវៀតណាម ជាដើម ក៏កំពុងដាក់ចេញផែនការជំរុញការដាំដុះទុរេន ដើម្បីបង្កើនភាពប្រកួតប្រជែងរបស់ខ្លួន ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
វិស័យកសិកម្ម
ដោយ

រដ្ឋាភិបាលថៃ រំពឹងថា តាមរយៈគម្រោងទុរេនឌីជីថល ដែលខ្លួនទើបដាក់ចេញ វានឹងជួយកសាងទំនុកចិត្តរបស់អ្នកប្រើប្រាស់ទាំងក្នុង និងក្រៅប្រទេស លើផលិតផលទុរេនរបស់ថៃ ដែលជាផ្លែឈើមានតម្លៃខ្ពស់នៅទូទាំងពិភពលោក។ ការដាក់ចេញគម្រោងទុរេនឌីជីថលរបស់ថៃនេះ ធ្វើឡើងចំពេលទីផ្សារទុរេនមានការប្រកួតប្រជែងដ៏ខ្លាំងក្លា ជាពិសេសពីប្រទេសនៅក្នុងតំបន់ដែលមានស្ថានភាពភូមិសាស្រ្តនិងអាកាសធាតុអំណោយផលសម្រាប់ដំណាំទុរេនដូចគ្នា។

លោក ផានតានូ វ៉ានណាង៉ាងសៃ (Pantanu Wannagangsai) ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានអះអាងថា ការដាក់ចេញគម្រោងខាងលើវាស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្នុងការដោះស្រាយបញ្ហាបំណុល ប្រាក់ចំណូល តម្លៃនៃការរស់នៅ និងស្ថិរភាពសង្គម។

មកដល់ពេលនេះថៃ មានផ្ទៃដីដាំទុរេនសរុបជាង១៦ម៉ឺនហិកតា និងអាចប្រមូលផលទុរេនបានរហូតដល់១,៥៣លានតោន ខណៈផ្លែទុរេនថៃ ភាគច្រើន នាំចេញទៅកាន់ទីផ្សារចិន។ បើតាមការចុះផ្សាយរបស់ VN Express ចិនជាទីផ្សារនាំចូលទុរេនធំជាងគេមួយនៅលើពិភពលោក ដោយកាលពីឆ្នាំ២០២៣ កន្លងទៅ ចិនបាននាំចូលទុរេនរហូតដល់១,៤លានតោន ដែលមានតម្លៃរហូតដល់៦,៧ពាន់លានដុល្លារ។

ទីផ្សារទុរេនរបស់ចិន មិនមែនមានទំហំប៉ុននេះនោះទេ ពោលគឺអាចមានទំហំធំជាងនេះ។ តែយ៉ាងណាក៏ដោយ បច្ចុប្បន្នចិន កំពុងពង្រីកផលិតកម្មដាំដុះដំណាំនេះ ខណៈឡាវ កំពុងចាប់ផ្តើមដាំដំណាំនេះ ស្របពេលឥណ្ឌូនេស៊ី ដែលអាចប្រមូលផលទុរេនបានរហូតដល់ជិត២លានតោនក្នុង១ឆ្នាំ ក្នុងតម្លៃប្រមាណ៨ពាន់លានដុល្លារ ក៏កំពុងដាក់គោលដៅនាំចូលទៅកាន់ប្រទេសចិន ផងដែរ។ នៅពេលនេះប្រទេសដែលនាំចេញទុរេនទៅចិន ច្រើនជាងគេ គឺប្រទេសថៃ បន្ទាប់មកវៀតណាម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Mirarth របស់ជប៉ុននឹងនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរបស់កម្ពុជា ទៅកាន់ទីផ្សារអឺរ៉ុបលើកដំបូងនៅសប្តាហ៍ក្រោយ

សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុន Mirarth Agri Tech របស់ជប៉ុន ដែលបានបើកដំណើរការរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា តាំងពី…

តើប្រទេសអឺរ៉ុបណាខ្លះ ដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក?

បណ្តាប្រទេសនៅសហភាពអឺរ៉ុបមួយចំនួន ដែលពឹងផ្អែកខ្លាំងលើការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក កំពុងព្រួយបារម្ភពីគោលនយោបាយរបស់ប្រធានាធិបតីទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ