លោក វុធ ជីពង្ស ទីប្រឹក្សាការិយាល័យគោលនយោបាយសារពើពន្ធថៃ បានលើកឡើងថា តម្រូវការប្រើប្រាស់នៅក្នុងជីវភាពរបស់ប្រជាពលរដ្ឋថៃ បានកើនឡើងវិញក្នុងខែសីហាកន្លងទៅនេះ ហើយការវិនិយោគពីវិស័យឯកជន ក៏មានលក្ខណៈល្អប្រសើរដែរ ដោយធ្លាក់ចុះត្រឹមតែ ០,៥% ក្នុងខែសីហា ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ខណៈដែលខែកក្កដា ធ្លាក់ចុះដល់ទៅ ១៥% ឯណោះ។
បើទោះបីជា ទំហំពាណិជ្ជកម្មរបស់ថៃ នៅតែស្ថិតក្នុងកម្រិតវិជ្ជមានក៏ដោយ ការនាំចេញទំនិញរបស់ថៃ ក៏មានសន្ទុះងើបឡើងវិញបន្តិច ក្នុងខែសីហា ជាពិសេសការនាំចេញអង្ករប្រណីត ប្រេងដូង ត្រីធូណាកំប៉ុង សាច់ជ្រូកកក ជាដើម។
អ្វីដែលបង្កផលលំបាកដល់ ការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ គឺកាលពីត្រីមាសទី ២ សេដ្ឋកិច្ចថៃ ធ្លាក់ចុះខ្លាំងបំផុតដល់ទៅ ១២% ដោយសារតែវិបត្តិកូវីដ១៩ បានកាច់ផ្តាច់ទំនាក់ទំនងពាណិជ្ជកម្ម និងវិស័យទេសចរណ៍ ដែលសុទ្ធតែជាសសរស្តម្ភនៃសេដ្ឋកិច្ច។
បើតាមការិយាល័យគោលនយោបាយសារពើពន្ធថៃ បានធ្វើការព្យាករថា GDP របស់ថៃ នឹងធ្លាក់ចុះ ៨,៥% ក្នុងឆ្នាំ ២០២០នេះ មុននឹងកើនឡើងវិញបានប្រមាណ ៥% នៅក្នុងឆ្នាំ ២០២០ខាងមុខ។
នៅពេលនេះ កត្តាសំខាន់បំផុតដែលអាចកំណត់ពី កំណើននៃសេដ្ឋកិច្ចជាតិថៃ គឺវិស័យទេសចរណ៍ ពីព្រោះថា វិស័យទេសចរណ៍ បានកាន់កាប់ចំណែក ១១% នៃ GDP សរុបរបស់ថៃ។
បើតាមអាជ្ញាធរទេសចរណ៍ថៃ បានបញ្ជាក់ថា គិតមកទល់នឹងខែ កញ្ញានេះ ចំនួនអ្នកដំណើរអន្តរជាតិ ដែលចូលមកកាន់ប្រទេសថៃ ស្ថិតនៅកម្រិតថេរ ត្រឹមតែ ៦,៧លានប៉ុណ្ណោះ ហើយការចំណាយរបស់ពួកគេទៀតសោត ក៏មានត្រឹមតែ ១០ពាន់លានដុល្លារអាមេរិកតែប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅ ៧០% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។
គួរជម្រាបថា លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក៏បានអនុម័តលើ សំណើទិដ្ឋាការពិសេស សម្រាប់ភ្ញៀវទេសចរបរទេស ដែលគ្រោងនឹងបើកទ្វារទទួលភ្ញៀវឡើងវិញ ចាប់ពីខែតុលាខាងមុខនេះ៕