លោក សោមគីត ចតុស្រីបិតក ឧបនាយករដ្ឋមន្រ្តីថៃ បានបញ្ជាក់ថា គ្រប់ប្រទេសទាំងអស់ សុទ្ធតែជួបប្រទះបញ្ហាសេដ្ឋកិច្ច ដោយសារតែវិបត្តិកូវីដ-១៩ ដូច្នេះហើយ លោកចង់បញ្ជាក់ឲ្យច្បាស់ពី ស្ថានការណ៍ដ៏លំបាកនេះ គឺយើងត្រូវតែជួយគ្នាទៅវិញទៅមក ដើម្បីរស់នៅឲ្យបានប្រសើរជាងមុន នៅក្នុងឆមាសទី ២នេះ។
ឧបនាយករដ្ឋមន្រ្តីថៃបន្តថា ព្យុះភ្លៀងសេដ្ឋកិច្ច នឹងបក់បោកទៅលើ គ្រប់ប្រទេសទាំងអស់ មិនមែនគ្រាន់តែប្រទេសថៃ តែមួយនោះទេ ព្រោះគ្រប់គ្នា សុទ្ធតែបានចាត់វិធានការយ៉ាងតឹងរ៉ឹងបំផុត ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ កាលពីឆមាសទី ១ ហើយវាបានជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចជាតិយ៉ាងពិតប្រាកដ។
ប្រធានផ្នែកស្រាវជ្រាវនៃ ធនាគារ CIMB Thai បានលើកឡើងស្រដៀងគ្នាដែរថា នៅក្នុងឆមាសទី ២នេះ សេដ្ឋកិច្ចថៃ នឹងងើបឡើងវិញ ក្នុងល្បឿនយឺតបំផុត ដោយត្រូវរង់ចាំមើលពីកត្តាក្នុងស្រុក ដូចជា កញ្ចប់ថវិកាជួយសង្គ្រោះជាតិ អត្រាការប្រាក់នៅធនាគារកណ្តាល និងកត្តាក្រៅស្រុក ដូចជា ទំនាក់ទំនងក្នុងវិស័យទេសចរណ៍ និងការនាំចេញ-នាំចូលទំនិញ ដែលពាក់ព័ន្ធនឹងវិបត្តិជម្លោះសេដ្ឋកិច្ចសកលរវាង អាមេរិក និងចិន។
ដោយឡែក បើតាមការព្យាករពី ធនាគារកណ្តាលថៃ GDP ថៃ អាចនឹងធ្លាក់ចុះប្រមាណ ៨,១% នៅក្នុងឆ្នាំ ២០២០នេះ ដែលតួលេខនេះ អន់ខ្សោយជាងការព្យាករជាផ្លូវការរបស់ បណ្តាប្រទេសនានា ក្នុងតំបន់អាស៊ី។
ក្រុមហ៊ុនមូលបត្រ Asia Plus Securities ដែលមានប្រតិបត្តិការនៅក្នុងវិស័យមូលបត្រថៃ បានបង្ហាញពីការព្យាកររបស់ខ្លួនដែរថា GDP របស់ថៃ ក្នុងឆ្នាំ ២០២០នេះ ទំនងនឹងធ្លាក់ចុះ ៧,៨% ហើយការនាំចេញទំនិញសរុប ក៏ធ្លាក់ចុះ ១០%ផងដែរ។
ជាចុងក្រោយ ក្រុមប្រឹក្សានាវាជាតិរបស់ថៃ ក៏បានទម្លាក់ការព្យាករពី ការនាំចេញទំនិញរបស់ថៃ នៅក្នុងឆ្នាំ ២០២០នេះ គឺអាចនឹងធ្លាក់ចុះ ១០% ដោយសារតែ ការចុះខ្សោយនៃអំណាចទិញ និងដៃគូពាណិជ្ជកម្មសំខាន់ៗ មានសេដ្ឋកិច្ចចុះអន់ខ្សោយដូចគ្នាដែរ ហើយចំពោះឆមាសទី ២នេះ ការនាំចេញទំនិញរបស់ថៃ នឹងមានលទ្ធផលអវិជ្ជមានជារៀងរាល់ខែ តែម្តង៕