សេដ្ឋកិច្ចថៃ

IMF ព្រមានពីហានិភ័យសេដ្ឋកិច្ចថៃ ក្រោយបំណុលសាធារណៈហក់ឡើងដល់ជិត៦៦% នៃ GDP


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានចេញមុខព្រមានពីហានិភ័យ នៃវិបត្តិថាមពលនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ប៉ុន្តែអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយនេះបានផ្ដោតការយកចិត្តទុកដាក់ជាពិសេសលើសុខភាពម៉ាក្រូសេដ្ឋកិច្ចរបស់ប្រទេសថៃ។ ការផ្តោតសំខាន់លើប្រទេសថៃនេះ ក៏ដោយសារ IMF មើលឃើញថា បំណុលសាធារណៈរបស់ប្រទេសក្បែរខាងកម្ពុជាមួយនេះបានកើនឡើងដល់ជិត៦៦% នៃផលិតផលក្នុងស្រុកសរុប (GDP)។
សេដ្ឋកិច្ចថៃ
ដោយ

សារព័ត៌មាន The Nation បាយរាយការណ៍ថា ស្របពេលដែលវិបត្តិថាមពលនៅមជ្ឈិមបូព៌ាកំពុងឡើងកម្តៅខ្លាំង មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្ដល់គំនិតឱ្យអាស៊ាន ជាពិសេសប្រទេសថៃ ត្រូវផ្តល់អាទិភាពខ្ពស់លើការប្រើប្រាស់កញ្ចប់ថវិកាគាំទ្រផ្នែកហិរញ្ញវត្ថុឱ្យចំគោលដៅ និងគួរពន្យារពេលការកាត់បន្ថយអត្រាការប្រាក់ ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ច។

ថ្លែងក្នុងកិច្ចប្រជុំនិទាឃរដូវឆ្នាំ២០២៦ កាលពីពេលថ្មីៗ លោក គ្រីស្នា ស្រ៊ីនីវ៉ាសាន (Krishna Srinivasan) ប្រធាននាយកដ្ឋានប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិករបស់ IMF បានលើកឡើងពីបញ្ហាប្រឈមធំៗពីរ ដែលតំបន់នេះកំពុងជួបប្រទះ គឺការរក្សាសន្ទុះកំណើនសេដ្ឋកិច្ច និងការទប់ទល់នឹងវិបត្តិថាមពល។

យ៉ាងណាមិញលោកបានកត់សម្គាល់ថា បំណុលសាធារណៈរបស់ថៃ ដែលស្ថិតក្នុងរង្វង់ពី៦៥% ទៅ ៦៦% នៃ GDP ត្រូវបានចាត់ទុកថា ស្ថិតក្នុងកម្រិតខ្ពស់ បើធៀបនឹងបណ្ដាប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។ អ្វីដែលកាន់តែបារម្ភនោះ គឺសេដ្ឋកិច្ចថៃមានភាពងាយរងគ្រោះខ្លាំងពីវិបត្តិតម្លៃថាមពល ដ្បិតថាការប្រើប្រាស់ប្រេង និងឧស្ម័នមានអត្រាលើសពី១០% នៃ GDP ខណៈការនាំចូលសុទ្ធមានរហូតដល់ ៨% នៃ GDP។ តួលេខនេះធ្វើឱ្យថៃ ក្លាយជាប្រទេសពឹងផ្អែកលើការនាំចូលថាមពលខ្លាំងបំផុតមួយក្នុងតំបន់ឈរនៅលំដាប់បន្ទាប់ពីប្រទេសសិង្ហបុរី។

ជាការឆ្លើយតប IMF បានជំរុញឱ្យរដ្ឋាភិបាលថៃ និងបណ្ដាប្រទេសនៅតំបន់អាស៊ាន បង្កើនការប្រុងប្រយ័ត្នផ្នែកហិរញ្ញវត្ថុ ដោយត្រូវជៀសវាងការឧបត្ថម្ភធនលើប្រេងឥន្ធនៈក្នុងទ្រង់ទ្រាយធំដែលមិនចំគោលដៅ។ ជាមួយគ្នានេះអ្នកជំនាញយល់ថា បើទោះបីជាបំណុលក្នុងកម្រិត៦៦% នៃ GDP មិនទាន់ជាវិបត្តិដែលផ្ទុះឡើងភ្លាមៗក៏ដោយ ប៉ុន្តែវាគឺជាសញ្ញាព្រមានដ៏សំខាន់ ដែលតម្រូវឱ្យមានការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងតឹងរ៉ឹងបំផុត ដើម្បីធានាស្ថិរភាពសេដ្ឋកិច្ចក្នុងរយៈពេលវែង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អាម៉េរិកបើកឱ្យប្រទេសនានាអាចទិញប្រេងរុស្ស៊ី១ខែទៀត ខណៈប្រទេសនៅតំបន់អាស៊ីកាន់តែច្រើនសម្រុកទៅទិញប្រេងពីអាម៉េរិក

ក្នុងយុទ្ធសាស្ត្រគ្រប់គ្រងតម្លៃថាមពលសកល រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបន្តសុពលភាពដោយអនុញ្ញាតឱ្យបណ្ដាប្រទេសនានាអាចទិញប្រេងពីរុស្ស៊ីបានរយៈពេ…

ច្រកសមុទ្រហ័រម៉ូសត្រូវបានបិទខ្ទប់ជាថ្មី ខណៈការចរចាសន្តិភាពនៅមជ្ឈិមបូព៌ាកំពុងជួបភាពទាល់ច្រក

ស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកាន់តែតានតឹង ដោយអនុរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានប្រកាសច្រានចោលការកំណត់ថ្ងៃចរចាជុំថ្មីជាមួយសហរដ្ឋអាម៉េរិក ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ