ស្របតាមកិច្ចព្រមព្រៀងរវាង រដ្ឋាភិបាលថៃ និងចិន គឺថា អង្ករជាង ១សែនតោន នឹងត្រូវបាននាំចេញទៅប្រទេសចិន ខណៈឯ រដ្ឋាភិបាលថៃ និងវិស័យឯកជន បានឈ្នះការដេញថ្លៃលក់អង្ករជាង ២សែនតោន ទៅឲ្យប្រទេសហ្វីលីពីន។
ការនាំចេញអង្ករដ៏ច្រើនសន្ធឹកនេះ ត្រូវបានធ្វើឡើងនៅក្នុង ខែធ្នូ ឆ្នាំ២០១៨ និងខែមករា ឆ្នាំ ២០១៩ ហើយរដ្ឋាភិបាលថៃ រំពឹងថា ចំនួននេះ នឹងជួយដល់ការសម្រេចគោលដៅនាំចេញអង្ករ ១១លានតោនសម្រាប់ឆ្នាំ ២០១៨ របស់រដ្ឋាភិបាលថៃផងដែរ។
លោក អាដុល ឆូទីនី សាខន ប្រធាននាយកដ្ឋានពាណិជ្ជកម្មបរទេសថៃ បានលើកឡើងថា ចំនួននាំចេញអង្ករដ៏ខ្ពស់ ក្នុងរយៈពេលខ្លីនេះ អាចជួយកាត់បន្ថយចំនួនអង្ករស្តុកក្នុងឃ្លាំង បានច្រើនណាស់ ជាពិសេសគឺ ជួយដល់ប្រជាកសិករ ឲ្យរកបានចំណូលគាប់ប្រសើរមួយ ដែលមានឥទ្ធិពលល្អដល់ទីផ្សារអង្ករ ក្នុងរយៈពេលវែង។
គួរជម្រាបដែរថា គិតត្រឹម១១ខែឆ្នាំ ២០១៨ ថៃ បាននាំចេញអង្ករជិត ១០លានតោន ដែលរកប្រាក់ចំណូលបានប្រមាណជិត ៥ពាន់លានដុល្លារអាមេរិក៕