លោក អាឃុម (Arkhom Termpittayapaisith) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានបញ្ជាក់ថា ការសម្រេចរបស់ គណៈកម្មធិការគោលនយោបាយរូបិយវត្ថុ ការតម្លើងពិដានបំណុលនេះ នឹងអនុញ្ញាតឲ្យ ថៃ អាចខ្ចីប្រាក់បំណុលដល់ជាង ៦០ពាន់លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីជួយស្រោចស្រង់សេដ្ឋកិច្ច ដែលញាំញីដោយវិបត្តិមេរោគរាតត្បាតនេះ។
គណៈកម្មាធិការនេះ គឺបង្កើតឡើងដោយមានតំណាងមកពី ក្រសួងហិរញ្ញវត្ថុ ធនាគារកណ្តាលថៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និងការិយាល័យថវិកាជាតិ។
លោក អាឃុម បន្តថា ទោះយ៉ាងណា រាជរដ្ឋាភិបាលថៃ នឹងពិចារណាទៅលើ ការខ្ចីប្រាក់ ក្នុងករណីចាំបាច់ប៉ុណ្ណោះ ហើយការតម្លើងពិដានបំណុលនេះ ពុំមែនមានន័យថា រដ្ឋ មានបំណងខ្ចីប្រាក់ឲ្យគ្រប់ទៅតាមបរិមាណកំណត់នោះទេ។
លើសពីនេះ ក្រសួងហិរញ្ញវត្ថុថៃ អះអាងថា រាជរដ្ឋាភិបាលថៃ មានសមត្ថភាពខ្ពស់ក្នុងការសងបំណុល ដោយអត្រាបំណុលសាធារណៈរបស់រដ្ឋ ធៀបនឹងប្រាក់ចំណូលប្រចាំឆ្នាំ គឺប្រមាណ ៣២% ទាបជាងពិដានកំណត់ដែលមានដល់ទៅ ៣៥%។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ បានពន្យល់ទៀតថា ច្បាប់គ្រប់គ្រងរូបិយវត្ថុ និងសារពើពន្ធ បានកំណត់ឲ្យ ការិយាល័យថវិកាជាតិថៃ បែងចែក ២,៥% ទៅ ៤% នៃចំណាយប្រចាំឆ្នាំ ដើម្បីសងប្រាក់បំណុលជាប្រាក់ដើម ដូច្នេះហើយ សម្រាប់ឆ្នាំសារពើពន្ធ ២០២២ ការិយាល័យថវិកាជាតិថៃ បានកំណត់ទឹកប្រាក់ ៣ពាន់លានដុល្លារអាមេរិក សម្រាប់សងបំណុលជាប្រាក់ដើម និង ៦ពាន់លានដុល្លារអាមេរិកទៀត សម្រាប់សងអត្រាការប្រាក់បំណុលទាំងនោះ។
យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលថៃ អាចនឹងចំណាយទឹកប្រាក់ជាង ៤ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ ២០២១នេះ ដែលដកចេញពី ប្រាក់កម្ចីសង្គ្រោះបន្ទាន់លើកទី២ ទំហំ ១៥ពាន់លានដុល្លារអាមេរិក ខណៈទឹកប្រាក់ជាង ១០ពាន់លានដុល្លារអាមេរិកទៀត អាចនឹងត្រូវបានប្រើប្រាស់នៅក្នុងឆ្នាំសារពើពន្ធ ២០២២។
កាលពីឆ្នាំ ២០២០កន្លងទៅ រាជរដ្ឋាភិបាលថៃ បានដាក់ចេញនូវច្បាប់អនុញ្ញាតប្រាក់កម្ចីសង្គ្រោះបន្ទាន់ ជាលើកដំបូង ដែលមានទំហំទឹកប្រាក់ប្រមាណ ៣០ពាន់លានដុល្លារអាមេរិក ដើម្បីចាក់បញ្ចូលទៅក្នុងផែនការប្រយុទ្ធប្រឆាំងនឹង វិបត្តិមេរោគកូវីដ១៩ ហើយចូលមកដល់ឆ្នាំ ២០២១នេះ រាជរដ្ឋាភិបាលថៃ ក៏បានអនុម័តជាលើកទី ២ ក្នុងការខ្ចីប្រាក់បន្ថែម ១៥ពាន់លានដុល្លារអាមេរិកទៀត។
ដូច្នេះ ប្រាក់កម្ចីសង្គ្រោះបន្ទាន់លើកទី ១ អាចនឹងធ្វើឲ្យ អត្រាទំហំបំណុលសាធារណៈធៀបនឹង GDP កើនឡើងដល់ ៥៩% ក្នុងខែកញ្ញានេះ ហើយបើសិនជា រដ្ឋថៃ ខ្ចីប្រាក់បន្ថែមនៅក្នុង ប្រាក់កម្ចីសង្គ្រោះបន្ទាន់លើកទី២ វានឹងជំរុញឲ្យ បំណុលសាធារណៈ កើនឡើងលើស ៦០% នៃទំហំ GDP ក្នុងឆ្នាំ ២០២២។
ទោះជាបែបនេះក្ដី ធនាគារកណ្តាលថៃ ក៏បានបង្ហាញភាពជឿជាក់ដែរថា វាចាំបាច់ណាស់ក្នុងការ តម្លើងអត្រាពិដានបំណុលធៀបនឹងផលិតផលក្នុងស្រុកសរុប ដើម្បីបង្កើតចន្លោះទំនេរ សម្រាប់រាជរដ្ឋាភិបាលថៃ អាចគ្រប់គ្រងស្ថានការណ៍កូវីដ១៩ និងពង្រឹងសេដ្ឋកិច្ចឡើងវិញ៕
អត្ថបទ៖ វណ្ណ វុឌ្ឍវិវឌ្ឍន៍