វិនិយោគ​បរទេស

ក្រុមហ៊ុន​ថៃ​មួយ​បោះទុន​១០០​លាន​ដុល្លារ ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​១​លាន​ដើម​នៅ​កម្ពុជា


អាចថាជាដំណឹងល្អមួយសម្រាប់អ្នកដាំដើមច័ន្ទក្រឹស្នានៅកម្ពុជា ខណៈដែលមានក្រុមហ៊ុនថៃមួយប្រកាសវិនិយោគ១០០លាន លើការប្រើប្រាសបច្ចេកវិទ្យាថែទាំដើមច័ន្ទក្រឹស្នា១លានដើមនៅកម្ពុជា ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់យកប្រេងច័ន្ទក្រឹស្នាសម្រាប់ផលិតធ្វើជាផលិតផលសុខភាព និងគ្រឿងសម្អាងផ្សេងៗ។
ក្រុមហ៊ុន​ថៃ​មួយ​បោះទុន​១០០​លាន​ដុល្លារ ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​១​លាន​ដើម​នៅ​កម្ពុជា។
ដោយ

ដ្បិតថា ការ​ដាំដុះ​ដើម​ច័ន្ទ​ក្រឹស្នា នៅ​កម្ពុជា មាន​ជា​យូរ​ឆ្នាំ​មក​ហើយ​ក៏​ពិត​មែន ប៉ុន្ដែ ការ​បង្កើត​រោងចក្រ​កែច្នៃ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ក្នុង​ការ​ទាញ​យក​ទិន្នផល​ពី​ដើម​រុក្ខជាតិ​ដ៏​ពិសេស​មួយ​នេះ នៅ​មិន​ទាន់​មាន​នៅ​ឡើយ​ទេ។

លោក សៀន ហ្គុ នាយក​ក្រុមហ៊ុន First Capital Global ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ថៃ បាន​លើកឡើង​នៅ​​ក្នុង​កម្មវិធី​ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ​នឹង​ក្រុមហ៊ុន ធូប​ច័ន្ទ​ក្រឹស្នា​ខ្មែរ និង​ម្ចាស់​ចម្ការ​ច័ន្ទ​​ក្រឹស្នា ថា បន្ទាប់​ពី​ការ​ចុះ​អនុស្សរណៈ​នេះ​ទៅ ក្រុមហ៊ុន​និង​ម្ចាស់​ចម្ការ​នឹង​ធ្វើការ​រួមគ្នា​ដើម្បី​អភិវឌ្ឍ​លើ​គម្រោង​ច័ន្ទ​ក្រឹស្នា ដែល​បាន​និង​កំពុង​ដាំដុះ​នៅ​កម្ពុជា​ប្រមាណ ១​លាន​ដើម និង​ឈាន​ទៅ​បង្កើត​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ក្រឹស្នា​នៅ​ថ្ងៃ​ខាង​មុខ​ផង​ដែរ។

លោក សៀន ហ្គុ បន្ថែម​ថា ជំហាន​ដំបូង​នៃ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន​លោក នឹង​ចំណាយ​ទុន​ប្រមាណ​១០០​លាន​ដុល្លារ លើ​ការ​មើល​ថែទាំ​ដើម​ច័ន្ទ​ក្រឹស្នា ជាមួយ​នឹង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ហើយ​​បច្ចេកទេស​ទាំង​នោះ ត្រូវការ​ទាមទារ​ពេល​វេលា​ច្រើន​គួរសម​ដែរ មុន​នឹង​អាច​ប្រមូល​ផល​បាន​ពី​ដើម​ច័ន្ទ​ក្រឹស្នា​ទាំង​នោះ​បាន។ ដោយឡែក សម្រាប់​ការ​បង្កើត​រោងចក្រ​វិញ គឺ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ ៦​ខែ ក្រោយ​ពី​ដើម​ច័ន្ទ​ក្រឹស្នា​ទាំង​នោះ ត្រូវ​បាន​ចុះ​មើល​ថែទាំ។ 

លោក​បាន​គូស​បញ្ជាក់​ថា ក្រុមហ៊ុន​នឹង​ចុះ​សិក្សា​មើល​ទីតាំង​បន្ថែម​នៅ​ខេត្ត​ព្រះសីហនុ ខណៈ​ដែល​ម្ចាស់​ចម្ការ​ច័ន្ទ​ក្រឹស្នា​នៅ​តំបន់​នោះ ក៏​បាន​ណែនាំ​ទីតាំង​មួយ​ចំនួន​នៅ​​ទីនោះ​សម្រាប់​ការ​បើក​រោងចក្រ​ផងដែរ។ 

ដើម​រុក្ខជាតិ ច័ន្ទ​ក្រឹស្នា។

នាយក​ក្រុមហ៊ុន​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ទៀត​ថា ដើម្បី​អាច​ធ្វើការ​ចម្រាញ់​ប្រេង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​នៅ​កម្ពុជា យ៉ាង​ហោច​ណាស់ ត្រូវការ​រយៈពេល​៩​ខែ ពោល​គឺ​៤ខែ ចំណាយ​ពេល​លើ​ការ​ថែទាំ ផ្សាំ ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប និង​សល់​ពេល ៥​ខែ​ទៀត សម្រាប់​សិក្សា​មើល​ទីតាំង និង​បង្កើត​រោងចក្រ។  

រីឯ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ក៏​បាន​ផ្ដល់​អនុសាសន៍​ដល់​ក្រុមហ៊ុន​នេះ​ឲ្យ​ទៅ​រក​មើល​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ​ដែរ ព្រោះ​ខេត្ត​នេះ​ងាយ​ក្នុង​ការ​ដឹក​ទំនិញ​ចេញ​ទៅ​មក​ក្រៅ​ប្រទេស។

លោកស្រី នួន ប៊ុនណា ម្ចាស់​ចម្ការ​ដាំ​ដើម​ច័ន្ទ​ក្រឹស្នា ប្រមាណ​២០​ម៉ឺន​ដើម នៅ​ខេត្ត​ព្រះសីហនុ បាន​លើក​​ឡើង​ថា ប្រជាជន​ខ្មែរ​មួយ​ចំនួន​បាន​ដាំដុះ​ដើ​ម​ច័ន្ទ​ក្រឹស្នា​នេះ​ជា​យូរ​មក​ហើយ តែ​នៅ​ខ្វះ​បច្ចេកទេស​ក្នុង​ការ​​ថែទាំ និង​បច្ចេកទេស​កែច្នៃ​ក្នុង​ការ​ប្រមូល​ផល និង​ទីផ្សារ​មិន​សូវ​ជា​មាន​សម្បូរ​នោះ​ទេ។ ដូច្នេះ​ហើយ ក៏​បាន​ធ្វើ​ឲ្យ​អ្នក​ដាំ​ដើម​ក្រឹស្នា​ខ្លះ សម្រេច​ចិត្ត​ឈូស​ដើម​ក្រឹស្នា​ចោល មក​ដាំ​ដំណាំ​ផ្សេង​ក៏​មាន​ដែរ។ 

ប៉ុន្ដែ នៅ​ពេល​មាន​ក្រុមហ៊ុន​ចូល​មក​វិនិយោគ​លើ​ដំណាំ​នេះ លោកស្រី​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​អ្នក​ដាំ​ដើម​ច័ន្ទ​ក្រឹស្នា​មាន​ភាព​រីករាយ​ឡើង​វិញ ខណៈ​ទីផ្សារ​ក៏​មាន​កាន់តែ​ប្រសើរ​ឡើង។ លោកស្រី​បាន​​គូស​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន ការ​ដាំដុះ​ច្រើន​មាន​នៅ​ខេត្ត​ព្រះសីហនុ និង​តាម​បណ្ដា​ខេត្ត​ផ្សេង​ទៀត ដែល​​មាន​សរុប​ប្រមាណ ១​លាន​ដើម។ លោកស្រី​​បន្ថែម​​ថា ការ​ដាំដុះ​ដើម​រុក្ខជាតិ​មួយ​នេះ ក៏​មាន​ការ​គាំទ្រ និង​លើក​ទឹកចិត្ត​ពី​សំណាក់​រាជ​រដ្ឋាភិបាល​ផង​ដែរ ហើយ​កម្ពុជា​​ក៏បាន​ផលិត​ធូប​ពី​ដើម​ច័ន្ទ​ក្រឹស្នានេះ ប៉ុន្មាន​ឆ្នាំ​មក​ហើយ​ដែរ ដែល​ភាគ​ច្រើន​លក់​ក្នុង​ស្រុក និង​មាន​ចំនួន​តិចតួច​បំផុត​បាន​នាំ​ចេញ​ទៅ​ក្រៅ។  

ទោះយ៉ាងណា ក្រុមហ៊ុន First Capital Global នៅ​មិនទាន់​បាន​ប្រកាស​បញ្ជា​ទិញ​ដើម​ច័ន្ទ​ក្រឹស្នា​១​លាន​ដើម​នោះ ពី​ប្រជាជន ​និង​សម្រេច​ថា​ទិញ​ក្នុង​តម្លៃ​ប៉ុន្មាន​នៅ​ឡើយ​ទេ ខណៈ​ដែល​អ្នក​ដាំ​ដើម​រុក្ខជាតិ​មួយ​នេះ មាន​នៅ​បណ្ដា​ខេត្ត​ផ្សេងៗ​គ្នា និង​មិនទាន់​មាន​ចងក្រង​ជា​សមាគម​នៅ​ឡើយ។ តែ​យ៉ាង​ណា បើ​តាម​ការ​អះអាង​ពី​លោកស្រី នួន ប៊ុនណា ប្រសិន​បើ​ម្ចាស់​ចម្ការ​អាច​លក់​បាន​ក្នុង​តម្លៃ​១​ដើម ៥០​ដុល្លារ ក៏​ជា​តម្លៃ​សមរម្យ​ដែរ។ 

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា ដើម​ច័ន្ទ​ក្រឹស្នា​នេះ គឺ​ជា​ដំណាំ​ប្រវត្តិសាស្ត្រ​មួយ​សម្រាប់​កម្ពុជា ប៉ុន្ដែ កម្ពុជា​នៅ​មាន​ទីផ្សារ​តូច​នៅ​ឡើយ។ ដ្បិតថា ការ​ចាប់​ផ្ដើម​ពង្រីក​ទីផ្សារ​របស់​ដើម​ច័ន្ទក្រឹស្នា​នៅ​កម្ពុជា ហាក់​នៅ​ដើរ​ក្រោយ​គេ​បន្ដិច​ក្ដី ប៉ុន្ដែ រាជ​រដ្ឋាភិបាល​នឹង​ខិតខំ​ប្រឹងប្រែង​​ជំរុញ​ការងារ​នេះ​បន្ថែម​ទៀត ព្រោះ​វា​ជា​ផ្នែក​មួយ ជួយ​ដល់​កសិករ​ខ្នាត​តូច និង​មធ្យម​ ក៏ដូចជា​បង្កើត​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​ជនបទ សំដៅ​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ​ផងដែរ។ 

ឯកឧត្តម​បន្ត​ថា បច្ចុប្បន្ន កម្ពុជា​ក៏​បាន​នាំចេញ​ផលិត​ផល​ធូប​មួយ​ចំនួន ដែល​ធ្វើឡើង​ពី​ដើម​ច័ន្ទ​ក្រឹស្នា​នេះ​ទៅ​កាន់​ទីផ្សារ​បរទេស​ផង​ដែរ ហើយ​ក្រោយ​ពី​មាន​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ក្រឹស្នា​នេះ នឹង​ធ្វើ​ឲ្យ​ការ​នាំចេញ​ផលិត​ផល​នេះ នឹង​កាន់តែ​មាន​វិសាលភាព​ធំ​ជាង​មុន​ថែម​ទៀត។ 

សូម​ជម្រាប​ថា ការ​ដាំ​ដើម​ច័ន្ទ​ក្រឹស្នា​នេះ ត្រូវ​ប្រើប្រាស់​ពេល​វេលា​ប្រមាណ​៦ ទៅ ៧​ឆ្នាំ ទើប​អាច​ប្រមូល​ផល​បាន ហើយ​បើ​តាម​ការ​លើក​ឡើង​ពី​ក្រុមហ៊ុន ដែល​គ្រោង​នឹង​បើក​រោងចក្រ​ចម្រាញ់​ប្រេង​ច័ន្ទ​ក្រឹស្នា​នៅ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រេង​រុក្ខជាតិ​នេះ​អាច​យក​ទៅ​ប្រើប្រាស់​បាន​ច្រើន ដូចជា កែច្នៃ​ជា​ទឹក​អប់ ធូប ផលិតផល​ថែ​រក្សា​ស្បែក និង​ធ្វើ​ជា​ឱសថ​ជាដើម។ រីឯ​ទីផ្សារ​ដែល​មាន​តម្រូវការ​ខ្លាំង​នោះ គឺ​នៅ​ប្រទេស​ចិន​និង​ប្រទេស​នៅ​អារ៉ាប់​រួម៕




អត្ថបទបន្ទាប់


សណ្ឋាគារ​លំដាប់​អន្តរជាតិ Courtyard Marriott នឹង​​បើក​ដំណើរការ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​នេះ

សណ្ឋាគារ​លំដាប់​ថ្នាក់​អន្ដរជាតិ​មួយ​ដែល​មាន​ឈ្មោះ​ថា Courtyard Marriott នឹង​ផុស​ឡើង​នៅ​ចំ​កណ្តាល​រាជ​ធានី​ភ្នំពេញ បន្ទាប់​ពី​បញ្ចប់…

ជីប ម៉ុង បើក​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍​ដ៏​ធំ​មួយ​ក្នុង​តម្លៃ​ជាង​២៦២​លាន​ដុល្លារ

ក្រុមហ៊ុន ជីបម៉ុង អ៊ីនស៊ី ស៊ីមេន ខបភើរេសិន បាន​វិនិយោគ​ទឹក​ប្រាក់​ប្រមាណ​ជាង ២៦២​លាន​ដុល្លារ​អាមេរិក​ក្នុង​ការ​សាងសង់​រោងចក្រ​ផលិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ