លោក ដុន ណាខន ថាប់ នាយកជាន់ខ្ពស់នៃនាយកដ្ឋានសេដ្ឋកិច្ច និងគោលនយោបាយនៅធនាគារកណ្តាលថៃ បានគូសបញ្ជាក់ថា សេដ្ឋកិច្ចថៃ នឹងធ្លាក់ចុះគ្រប់ត្រីមាសទាំងអស់ ក្នុងឆ្នាំ ២០២០នេះ ដោយត្រីមាសទី ២ រងផលប៉ះពាល់ខ្លាំងជាងគេ ហើយត្រីមាសទី ៣ និងទី ៤ អាចនឹងមានការធ្លាក់ចុះស្តួចស្តើង មុននឹងមានភាពប្រសើរឡើងវិញនៅក្នុងឆ្នាំ ២០២១ខាងមុខ។
លោក បញ្ជាក់ថា ការព្យាករណ៍យ៉ាងដូច្នេះ គឺក្នុងករណីដែល បញ្ហាមេរោគកូវីដ ត្រូវបានគ្រប់គ្រងបាន នៅក្នុងត្រីមាសទី ២នេះប៉ុណ្ណោះ។លើសពីនេះទៅទៀត វិបត្តិមេរោគកូវីដ១៩ បានជះឥទ្ធិពលអាក្រក់បំផុត ដល់វិស័យទេសចរណ៍ និងការនាំចេញទំនិញរបស់ប្រទេសថៃ នៅក្នុងឆ្នាំនេះ ដោយចាប់ពីពេលនេះ រហូតដល់ដំណាច់ខែមិថុនា នឹងគ្មានភ្ញៀវទេសចរណ៍បរទេស ចូលមកកម្សាន្តទៀតនោះទេ ដោយសារតែវិធានការបិទប្រទេស ទប់ស្កាត់ការរីករាលដាលនៃមេរោគ ដែលកំពុងអនុវត្តទូទាំងសកលលោក។
ការធ្លាក់ចុះនូវ ចំនួនភ្ញៀវទេសចរណ៍ គឺបន្តប៉ះពាល់ដល់គ្រប់ប្រភេទអាជីវកម្ម ដែលទាក់ទងទាំងអស់ ដូចជា សណ្ឋាគារ ភោជនីយដ្ឋាន និងវិស័យដឹកជញ្ជូនជាដើម ហើយអត្រាអត់ការងារធ្វើ នឹងចាប់ផ្តើមកើនឡើងបន្ទាប់ពី សណ្ឋាគារជាច្រើន បិទទ្វារជាបណ្តោះអាសន្ន ហើយខ្លះទៀតគឺ បិទទ្វាររហូតតែម្តង។
លើសពីនេះ ធនាគារកណ្តាលថៃ បានព្យាករណ៍ថា ការនាំចេញទំនិញរបស់ថៃ ដែលរំពឹងនឹងកើនឡើង ០.៥% ក្នុងឆ្នាំនេះ នឹងត្រូវធ្លាក់ចុះទៅវិញ ប្រមាណ ៨.៨% ឯណោះ ខណៈការនាំចូលទំនិញមកកាន់ថៃ ក៏ធ្លាក់ចុះដូចគ្នា រង្វង់ ១៥%។
ជាចុងក្រោយ បើតាមការបញ្ជាក់ពី ធនាគារកណ្តាលថៃ គឺថា បើសិនជា ប្រជាជនថៃ សហការ និងអនុវត្តទៅតាមវិធានការ របស់រាជរដ្ឋាភិបាល ជាពិសេសការធ្វើចំណាកស្រុក និងការរក្សាគម្លាតសង្គម (Social Distance) ពិតណាស់ អត្រាឆ្លងមេរោគ នឹងត្រូវបានគ្រប់គ្រង ហើយសេដ្ឋកិច្ចនឹងមានភាពប្រសើរឡើងទៅតាមនោះដែរ ហើយធនាគារកណ្តាលថៃ ក៏បានព្យាករណ៍ដែរថា កំណើនសេដ្ឋកិច្ចរបស់ ថៃ នឹងអាចកើនឡើងប្រមាណ ៣% នៅក្នុងឆ្នាំ ២០២១៕