ថៃដែលជាប្រទេសមានសក្តានុពលសេដ្ឋកិច្ចមួយនៅក្នុងតំបន់អាស៊ាន មានបំណងបណ្ដុះបណ្ដាលក្រុមហ៊ុនទើបចាប់ផ្តើមអាជីវកម្មចំនួន១ម៉ឺនសហគ្រាសនៅក្នុងប្រទេស ដែលកំពុងវិនិយោគលើវិស័យផ្សេងៗ ចាប់ពីកសិកម្មរហូតដល់ផលិតកម្មឱសថឲ្យយកចិត្តទុកដាក់នៅលើការច្នៃប្រឌិត។
លោក គ្រីតប៉ាកា ប៊ូនហ្វូអេង ( Krithpaka Boonfueng) នាយកប្រតិបត្តិនៃទីភ្នាក់ងារនវានុវត្តន៍ជាតិបានប្រាប់សារព័ត៌មាន Nikkei ក្នុងបទសម្ភាសកាលពីពេលថ្មីៗថា លោកនឹងបង្កើនចំនួនក្រុមហ៊ុនច្នៃប្រឌិត ហើយក៏នឹងមានផែនការធ្វើឱ្យប្រសើរឡើងនូវផលិតភាពនៃសេដ្ឋកិច្ចថៃ។
តាមផែនការដែលបានគ្រោងទុក ក្រុមអ្នកជំនាញរបស់រដ្ឋាភិបាលថៃ មានផែនការដាក់ចេញគម្រោងនេះឱ្យអនុវត្តវារហូតដល់ដំណាច់ឆ្នាំ២០២៧ ក្រោមផែនការដ៏មហិច្ឆតាមួយដើម្បីជំរុញការច្នៃប្រឌិតសាជីវកម្មប្រកបដោយសុពលភាព។ ផែនការនវានុវត្តន៍ជាតិរយៈពេល៤ឆ្នាំនៅក្នុងការងារ ដែលនឹងចាប់ផ្តើមនៅឆ្នាំ២០២៤នេះ មានគោលដៅពង្រីកចំនួនសហគ្រាសធុនតូច និងមធ្យម រួមទាំងការចាប់ផ្តើមអាជីវកម្មផងដែរ។
ដើម្បីអនុវត្តផែនការនេះ រដ្ឋាភិបាលថៃ មានបំណងនឹងប្រើប្រាស់មូលនិធិ ដែលមានតម្លៃដល់ទៅ៥ពាន់លានបាត ឫប្រមាណជា១៣៨លានដុល្លារ ដើម្បីផ្តល់ជាជំនួយ ឫជាមូលនិធិវិនិយោគក្នុងរយៈពេល៤ឆ្នាំខាងមុខនៅក្នុងក្រុមសហគ្រាសអាជីវកម្មតាមគោលដៅ ដែលបានកំណត់។
ទំហំទឹកប្រាក់នេះមានការកើនឡើងទ្វេដងនៃមូលនិធិ ដែលរដ្ឋាភិបាលថៃធ្លាប់បានបែងចែកសម្រាប់រយៈពេល៤ឆ្នាំមុន។ មូលនិធិនេះនឹងផ្តោតលើវិស័យអាទិភាពចំនួន៥រួមមាន កសិកម្ម ឱសថ ទេសចរណ៍ ថាមពលទន់ និងថាមពលអគ្គិសនី។
លោក គ្រីតប៉ាកា បានគូសបញ្ជាក់ថា ការដាក់ចេញផែនការនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីប្រែក្លាយប្រទេសថៃ ឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសកំពូលទាំង៣០ នៅលើពិភពលោកទាក់ទងនឹងការច្នៃប្រឌិតបច្ចេកវិទ្យានៅឆ្នាំ២០៣០។
មកដល់ពេលនេះ ប្រទេសថៃជាប្រទេសដែលជាប់ចំណាត់ថ្នាក់ទី៤៣ ក្នុងសន្ទស្សន៍នវានុវត្តន៍សកលឆ្នាំ២០២៣ របស់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកនៅពីក្រោយប្រទេសសិង្ហបុរី ដែលស្ថិតនៅចំណាត់ថ្នាក់ទី៥ និងប្រទេសម៉ាឡេស៊ីនៅចំណាត់ថ្នាក់ទី៣៦៕
ដោយៈ សរ សុជាតិ