ប្រទេសថៃ បានដំឡើងពិដានបំណុលដែលបានកំណត់ត្រឹម ៦០ភាគរយ ទៅដល់ ៧០ភាគរយ នៃផលិតផលក្នុងស្រុកផងដែរ ដើម្បីសម្រួលដល់ការខ្ចីប្រាក់ និងការចំណាយខ្ពស់ ដែលជួយគាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ចថៃ។
ប៉ុន្ដែ ថ្មីៗនេះ ថៃហាក់បន្ថយគោលនយោបាយសារពើរពន្ធ និងបានចាប់ផ្ដើមជំរុញការប្រមូលចំណូលរដ្ឋឡើងវិញជាបណ្ដើរៗផងដែរ។ តើថៃបានដាក់ចេញនូវគោលដៅសំខាន់ៗអ្វីខ្លះ ដើម្បីប្រមូលចំណូលចូលជាតិ?
ជុំវិញការប្រមូលចំណូលនេះដែរ រាជរដ្ឋាភិបាលថៃបានកំណត់គោលដៅចំនួន ៣ ដើម្បីអាចប្រមូលចំណូលបន្ថែម សម្រាប់គាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសក្រោយវិបត្តិកូវីដ១៩ ។ ទី១ គោលដៅនៃការអនុវត្តពន្ធ ដើម្បីទទួលប្រាក់ចំណូលកាន់តែច្រើន។រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Arkhom បាននិយាយថា ការយកពន្ធលើប្រាក់ចំណេញពីការជួញដូររូបិយវត្ថុឌីជីថល ឬហៅថា គ្រីបតូ និងការបញ្ចប់ការលើកលែងពន្ធលើប្រតិបត្តិការហិរញ្ញវត្ថុទាក់ទងនឹងការជួញដូរភាគហ៊ុននៅលើទីផ្សារក្នុងស្រុក នឹងជួយពង្រីកមូលដ្ឋានពន្ធ និងប្រមូលចំណូលបន្ថែមសម្រាប់ការអភិវឌ្ឍជាតិ ខណៈដែលប្រទេសថៃបានលើកលែងពន្ធជាច្រើន និងមិនបានពង្រីកមូលដ្ឋានពន្ធនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។
គោលដៅសំខាន់ទី២ គឺ ការធ្វើកំណែទម្រង់ពន្ធ។ ដោយរដ្ឋាភិបាលថៃបច្ចុប្បន្ននេះ បានអនុម័តច្បាប់ពន្ធជាច្រើនក្នុងអំឡុងពេល ៤ ឆ្នាំដំបូងរបស់ខ្លួន ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធពន្ធ។ ជុំវិញការកំណែទម្រង់ពន្ធនេះ អ្នកជំនាញសេដ្ឋកិច្ចបានឱ្យដឹងថា ការប៉ាន់ប្រមាណមួយបង្ហាញថា រដ្ឋាភិបាលថៃអាចទទួលបានប្រាក់ចំណូលបន្ថែមពី ២ពាន់៤រយលានដុល្លារ ទៅ ២ពាន់៧រយលានដុល្លារ ប្រសិនបើដំឡើងពន្ធលើតម្លៃបន្ថែម (VAT) មួយភាគរយទៀតពីលើកម្រិតបច្ចុប្បន្ន ដែលមាន៧ភាគរយ។
ដោយឡែកគោលដៅសំខាន់ទី៣ គឺពង្រឹងគោលដៅប្រមូលចំណូល។ យោងតាមមតិរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិថៃ ទាក់ទងនឹងការគ្រប់គ្រងបំណុលសាធារណៈសម្រាប់ឆ្នាំ ២០២២ រាជរដ្ឋាភិបាលថៃគួរតែផ្តោតលើការរក្សាលំហសារពើពន្ធ ដើម្បីសម្រួលដល់កម្រិតនៃភាពមិនច្បាស់លាស់ ក៏ដូចជាធ្វើឱ្យមានតុល្យភាពនៃស្ថិរភាពសារពើពន្ធ។ រដ្ឋាភិបាលថៃអាចបំពេញគោលដៅប្រាក់ចំណូលរបស់ខ្លួននៅឆ្នាំនេះបាន លុះត្រាតែសេដ្ឋកិច្ចកើនឡើង ៤ភាគរយ ដែលជាអត្រាការព្យាករណ៍របស់ក្រសួងហិរញ្ញវត្ថុ ខណៈធនាគារកណ្តាលថៃបានទម្លាក់ការព្យាករណ៍កំណើនផលិតផលក្នុងស្រុកសរុបរបស់ថៃនៅឆ្នាំ ២០២២ ពី ៣,៩ភាគរយ មកនូវត្រឹម ៣,៤ភាគរយប៉ុណ្ណោះក្រោយការលេចឡើងនូវវត្តមានមេរោគអូមីក្រុង។
ទន្ទឹមនេះ រដ្ឋាភិបាលថៃក៏បានកំណត់ការចំណាយសម្រាប់សារពើពន្ធឆ្នាំ ២០២២ ចំនួន ៩៣ពាន់លានដុល្លារ ខណៈរំពឹងថាប្រាក់ចំណូលសុទ្ធមានចំនួន ៧២ពាន់លានដុល្លារ។ ដូច្នេះ រដ្ឋថៃត្រូវការខ្ចីបំណុលបន្ថែមប្រហែលជាង២០ពាន់លានដុល្លារទៀត ដើម្បីបង្គ្រប់ការចំណាយ។
សូមរំឭកថា នៅក្នុងឆ្នាំសារពើពន្ធ ២០២១ រដ្ឋាភិបាលថៃបានប្រមូលប្រាក់ចំណូលសុទ្ធចំនួនជិត ៧១ ពាន់លានដុល្លារ ដែលធ្លាក់ចុះពីគោលដៅរបស់ខ្លួនជាង ១១ភាគរយ ឬធ្លាក់ចុះ ៩ ពាន់លានដុល្លារ៕
អត្ថបទ ស៊ើង និមល់