ថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមថៃ បានគូសបញ្ជាក់ថា បញ្ហាមេរោគកូវីដ-១៩ បានធ្វើឲ្យ អាជីវកម្មជាច្រើនបិទទ្វារ គួបផ្សំនឹងគ្រោះរាំងស្ងួត បានវាយប្រហារដល់ជីវភាពប្រជាជនថៃយ៉ាងធ្ងន់ធ្ងរ ដែលជំរុញឲ្យការខ្ចីប្រាក់កើនឡើងនៅទូទាំងប្រទេស។
វិបត្តិលើកនេះ បានធ្វើឲ្យប៉ះពាល់ដល់ ប្រាក់ចំណូលរបស់ប្រជាជនថៃ ដែលធ្វើឲ្យការផ្តល់ប្រាក់កម្ចី នៅតាមគ្រឹះស្ថានហិរញ្ញវត្ថុ កាន់តែមានការកើនឡើង ពោលគឺកើន ៧% នៅក្នុងត្រីមាសទី ១នេះ។
សម្រាប់ GDP របស់ថៃ នៅក្នុងឆ្នាំ ២០២០ រំពឹងថា សម្រេចបានជាង ៤៨០ពាន់លានដុល្លារអាមេរិក ទាបជាងឆ្នាំ ២០១៩កន្លងទៅ ដែលមានជាង ៥១០ពាន់លានដុល្លារអាមេរិក ក៏ប៉ុន្តែ ប្រាក់បំណុលគ្រួសាររបស់ប្រជាជនថៃ កាលពីឆ្នាំ ២០១៩កន្លងទៅមានជាង ៤៣០ពាន់លានដុល្លារអាមេរិក ហើយសម្រាប់ឆ្នាំ ២០២០ បំណុលគ្រួសារ អាចនឹងកើនឡើងលើស ៨០% នៃ GDP។
សូមរម្លឹកបន្តិចដែរថា បើតាមការព្យាកររបស់ធនាគារពិភពលោក បង្ហាញថា សេដ្ឋកិច្ចប្រទេសថៃ អាចនឹងធ្លាក់ចុះ ៥% នៅក្នុងឆ្នាំ ២០២០នេះ ដែលស្របគ្នាទៅតាមការព្យាកររបស់ ធនាគារកណ្តាលថៃ ដែលរំពឹងថា សេដ្ឋកិច្ចនឹងធ្លាក់ចុះ ៥,៣% ក្នុងឆ្នាំនេះ តែនៅឆ្នាំ ២០២១ខាងមុខ សេដ្ឋកិច្ចថៃរំពឹងថា នឹងមានកំណើន ៤,១% មកវិញ៕