Advertisement
Advertisement
ធនាគារជាតិនៃកម្ពុជា

ធនាគារជាតិនៃកម្ពុជា៖ គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩


ធនាគារជាតិនៃកម្ពុជាបានប្រកាសណែនាំដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ជៀសវាងដាច់ខាតគឺមិនត្រូវរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុល ក្នុងពេលមានការរីករាលដាលជំងឺកូវីដ១៩ ដោយរក្សាភាពទន់ភ្លាន់ក្នុងការដោះស្រាយជាមួយកូនបំណុល។
ធនាគារជាតិនៃកម្ពុជា(រូបភាព ៖www.nbc.gov.kh)
ដោយ
Advertisement

អគ្គនាយករង​ត្រួតពិនិត្យ​ទី​១ នៃ​ធនាគារជាតិ​នៃ​កម្ពុជា លោក គិត សុ​វ​ណ្ណា​រិ​ទ្ធ បាន​ប្រាប​អ្នក​សារព័ត៌មាន​តាម​រយៈ​សារ​ជា​សម្លេង​របស់​លោក​ឲ្យ​ដឹង​ថា គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​សូម​រក្សា​ភាព​ទន់ភ្លន់​ដោះស្រាយ​បំណុល​ជាមួយ​កូនបំណុល​តាម​ការ​អំពាវនាវ ក៏​ដូច​ជា​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា​ដែល​បាន​ចេញ​នា​ពេល​កន្លង​មក និង​ចៀសវាង​ជា​ដាច់​ខាន​មិន​ត្រូវ​រឹបអូស​ទ្រព្យ​បញ្ចាំ​របស់​កូនបំណុល​ខ្លួន​នោះ​ឡើយ ក្នុង​ពេល​ដែល​កំពុង​មានការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩​។

ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ ១៩ បាន​ឆ្លង​ទៅ​ពលរដ្ឋ​កម្ពុជា​កាន់តែ​ច្រើន​ឡើង​ៗ​ដែល​រំពឹង​ថា​បញ្ហា​នេះ​នឹង​អាច​រង​ផល​ប៉ះពាល់​រយៈពេល​យូរ ដូច្នេះ​ធនាគារជាតិ​សូម​អំពាវនាវ​ដល់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ សូម​រក្សា​ភាព​ទន់ភ្លន់​ចំពោះ​ការ​ដោះស្រាយ​បំណុល ជាមួយ​កូនបំណុល​ក្នុង​កំឡុង​វិបត្តិ​ដ៏​ធ្ងន់ធ្ងរ​នេះ​។

អគ្គនាយករង​ត្រួតពិនិត្យ​ធនាគារជាតិ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា បើសិនជា​មាន​គ្រឹះស្ថាន​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ណា​ដែល​មិន​គោរព​តាម​ការ​ណែនាំ​របស់​ធនាគារជាតិ​នៃ​កម្ពុជា ដូចដែល​បាន​ចែង​ក្នុង​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​បាន​អនុញ្ញាត​ឲ្យ​ធនាគារជាតិ​នៃ​កម្ពុជា​ចាត់វិធានការ​មួយ​ចំនួន ដូច​ជា​ព្រមាន ពិន័យ ហើយ​បើ​ធ្ងន់ធ្ងរ​គឺ​ឈាន​ដល់​ការ​បិទ ឬ​ដក​អាជ្ញា​បណ្ណ​តែ​ម្តង​។

ជុំវិញ​នឹង​សារាចរ​ណែនាំ​របស់​ធនាគារជាតិ លោក ផល វ៉ា​ន់​ឌី នាយក​ប្រតិបត្តិ​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា វិធានកា​របស់​ធនាគារជាតិ​កន្លង​មក គឺ​បាន​ជួយ​បើកផ្លូវ​ដល់​គ្រឹះស្ថាន​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ឥណទាន​របស់​គ្រឹះស្ថាន​នីមួយ​ៗ ឲ្យ​ប្រសើ​និង​ថែរក្សា​ស្ថេ​រ​ភាព​ហិរញ្ញវត្ថុ​ជា​ពិសេស​ក្នុងអំឡុងពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូ​វិត​១៩​នេះ​។

លោក​បញ្ជាក់​ថា សមាគម មាន​ជំនឿ​ទុកចិត្ត​ទាំងស្រុង​ថា សមាជិក​របស់​ខ្លួន​មាន​ទំនួល​ខុស​ត្រូវ ក្រមសីលធម៌ និង​វិជ្ជាជីវៈ​គ្រប់គ្រាន់​ក្នុង​ការ​ដោះស្រាយ​បញ្ហា​របស់​អតិថិជន​ដោយ​ផ្អែក​លើ​ផល​ប៉ះពាល់​ពិតប្រាកដ​។ ម្យ៉ាងទៀត ដោយសារ​តែ​យន្តការ​ទីផ្សារសេរី ប្រកបដោយ​ការ​ប្រកួតប្រជែង គ្រឹះស្ថាន​នីមួយ​ៗ ប្រាកដជា​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​អតិថិជន​របស់​ខ្លួន ដើម្បី​ធានា​ថា​អតិថិជន​នឹង​បន្ត​ផ្តល់​ទំនុកចិត្ត ហើយ​បន្ត​ប្រើប្រាស់​សេវាកម្ម​របស់​គ្រឹះស្ថាន​ជា​បន្ត​ទៀត​។

លោក​បាន​បន្ថែម​ទៀត​ថា កូ​វី​ដ​១៩ គឺជា​បញ្ហា​សកល ហើយ​កម្ពុជា​ក៏​មិន​អាច​ចៀស​ផុត​ពី​ផល​ប៉ះពាល់​នេះ​បាន​ដែរ ហើយ​យើង​រំពឹង​ថា​វិស័យ​ហិរញ្ញវត្ថុ​ក្នុង​ប្រទេស​កម្ពុជា ក៏​ចៀស​មិន​ផុត​ពី​ផល​ប៉ះពាល់​នេះ​ផង​ដែរ​។ វិស័យ​មីក្រូ​ហរិ​ញ្ញ​វត្ថុ​នៅ​កម្ពុជា ក៏​នឹង​រង​ផល​ប៉ះពាល់​ដែរ តែ​សមាគម​គិត​ថា​ផល​ប៉ះពាល់​នឹង​ស្ថិត​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន​។

បើ​តាម​លោក ផល វ៉ា​ន់​ឌី គិត​ត្រឹម​ថ្ងៃ​០៣ ខែមេសា ឆ្នាំ​២០២០ ស្ថានភាព​វិស័យ​មីក្រូហិរញ្ញវត្ថុ ហាក់​នៅ​មាន​ស្ថានភាព​ធម្មតា​នៅឡើយ​។ ការ​ស្នើរ​សុំ​ប្រាក់​កម្ចី ក៏​ដូច​ជា​ការ​ដាក់​ប្រាក់​បញ្ញើ នៅ​មាន​ចរន្ត​ជា​ធម្មតា​។ ប៉ុន្តែ​ក្នុង​រយៈពេល​ថ្មី​ៗ​នេះ​ក៏​ឃើញ​មានការ​ដក​ប្រាក់​ខ្លះ​ៗ ពី​អតិថិជន​ដាក់​ប្រាក់​បញ្ញើ​តូច​ៗ តែ​អ​ថិ​ជន​ដែល​មាន​ប្រាក់​បញ្ញើ​ច្រើន​គឺ​នៅ​ធម្មតា ដូចនេះ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ហាក់​មិន​ទាន់​មាន​កង្វះ​សាច់ប្រាក់​បម្រុង​ទុក​ឡើយ​។

សូម​ជម្រាប​ថា បន្ថែម​លើ​យន្តការ​ដែល​មាន​ស្រាប់ ធនាគារជាតិ​នៃ​កម្ពុជា​បាន​បង្កើត​គណៈកម្មការ និង​អនុ​គណៈកម្មការ​តាមដាន​និង​គ្រប់គ្រង​ហានិភ័យ​ប្រតិបត្តិការ​ធនាគារកណ្តាល ក្នុងអំឡុងពេល​នៃ​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ នៅ​កម្ពុជា​។ គណៈកម្មការ​នេះ​មាន​ភារកិច្ច​ចម្បង​ក្នុង​ការ​តាមដាន​និង​វាយតម្លៃ​រាល់​ហានិភ័យ​និង​ផល​ប៉ះពាល់​ដែល​អាច​កើតឡើង​ជាយថាហេតុ ពី​ការ​រីក​រាលដាល​វីរុស​កូ​វី​ដ​១៩ មក​លើ​វិស័យសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​។

ទន្ទឹម​នេះ គណៈកម្មការ​ទទួល​ភារកិច្ច​រៀបចំ​ក្របខ័ណ្ឌ​យុទ្ធសាស្ត្រ យន្តការ និង​ផែនការ​សកម្មភាព​ដើម្បី​គ្រប់គ្រង​ហានិភ័យ​និង​ផល​ប៉ះពាល់​ទាំងនោះ សំដៅ​ធានា​ភាពរឹងមាំ​និង​និរន្តរភាព​នៃ​វិស័យ​ធនាគារ​កម្ពុជា​។ ដើម្បី​អនុវត្ត​ការងារ​ទាំងនេះ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ធនាគារជាតិ​នៃ​កម្ពុជា ក៏​បាន​បង្កើត​អនុ​គណៈកម្មការ​ជំនាញ​បួន សម្រាប់​ជំនួយ​ដល់​គណៈកម្មការ​ខាងលើ​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅផ្ទះក៏អាចទិញបាន BUY/BOOK FROM HOME ពីអ័រគីដេវីឡា ទោះវិបត្តិកូវីដ១៩ក្ដី

ព័ត៌មាន
ខណៈដែលវីរុសកូវីដ១៩ (ពីមុន គេហៅថា វីរុសកូរ៉ូណា) កំពុងធ្វើឲ្យមនុស្សម្នានៅទូទាំងប្រទេសព្រួយបារម្ភពីការឆ្លង និងមិនហ៊ានចេញទៅណាមកណា អ័រគ...

មានករណីជាសះស្បើយពីកូវីដ១៩ ចំនួន១៤នាក់ទៀតហើយ និងគ្មានករណីឆ្លងថ្មីនោះទេ

ព័ត៌មាន
មិនមានករណីឆ្លងថ្មីទេកាលពីថ្ងៃទី០៣ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់នៅដដែលគឺ ១១៤នាក់ដដែល ខណៈដែលអ្នកជាសះស្បើយថ្មីមានដល់១៤នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ