ការិយាល័យជំរុញពាណិជ្ជកម្មបរទេសនៃស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញបានរាយការណ៍ថា ក្រុមហ៊ុន ស្យ៉ាម ម៉ាក្រូ (Siam Makro) នឹងបើកសាខាពីរ បន្ថែមទៀតនៅប្រទេសកម្ពុជានៅឆ្នាំនេះ ខណៈដែលបច្ចុប្បន្នផ្សារទំនើបបោះដុំ ម៉ាក្រូនេះ បាននិងកំពុងដំណើរការក្នុងប្រទេសកម្ពុជាចំនួន២សាខារួចហើយ។
ការិយាល័យជំរុញពាណិជ្ជកម្មបរទេសបាននិយាយថា សេដ្ឋកិច្ចកម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយតម្រូវការទិញទំនិញមានការកើនឡើងកាន់តែខ្ពស់ផងដែរ ពិសេសការទិញទំនិញនៅតាមផ្សារទំនើបតែម្ដង។
លោកស្រី សូចាដា អ៉ីនធីចារ៉ូកូល (Suchada Ithijarukul) នាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉ាក្រូ គ្រុប (Makro Group) បានបញ្ជាក់ពីគម្រោងសាងសង់ផ្សារទំនើប ម៉ាក្រូ ចំនួនពីរ បន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានៅក្នុងឆ្នាំនេះ។ បន្ថែមពីនេះ លោកស្រី គូសបញ្ជាក់ទៀតថា ផ្សារទំនើបម៉ាក្រូ បីផ្សេងទៀតនឹងត្រូវបើកក្នុងប្រទេសឥណ្ឌាផងដែរ។ លោកស្រី បាននិយាយថា ផ្សារទំនើបបោះដុំ ម៉ាក្រូនេះ នឹងចំណាយជាង៣០០លានដុល្លារ ដើម្បីពង្រីកសាខាចំនួន ៣០ ក្នុងឆ្នាំនេះ ក្នុងនោះ មាន៥ជាសាខានៅក្រៅប្រទេស។
គូសបញ្ជាក់ថា បន្ទាប់ពីសម្រេចបាននូវផែនការការពង្រីកផ្សារទំនើប ម៉ាក្រូនៅឆ្នាំ២០២២ ក្រុមហ៊ុន ម៉ាក្រូ គ្រុប នឹងមានសាខាផ្សារទំនើបម៉ាក្រូចំនួន ១៨២កន្លែង ដោយក្នុងនោះ ១៧២ នៅក្នុងប្រទេសថៃ, ៤សាខានៅប្រទេសកម្ពុជា, ១នៅមីយ៉ាន់ម៉ា,៦សាខានៅឥណ្ឌា និង ១ ទៀតនៅប្រទេសចិន៕
អត្ថបទ: ម៉ុន សុកែវ