
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា កាលពីថ្ងៃទី២០ ខែកុម្ភៈ បានកោះប្រជុំជាបន្ទាន់ជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មលោក ពិឆៃ ណារីបថាផាន (Pichai Naripthaphan) និងរដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍លោកស្រី ណារូមុន ពីនយ៉ូស៊ីនវ៉ាត់ (Narumon Pinyosinwat) នៅវិមានរដ្ឋាភិបាល ដើម្បីពិភាក្សារកដំណោះស្រាយលើបញ្ហាស្រូវអង្ករធ្លាក់ថ្លៃកាលពីពេលថ្មីៗនេះ។
ការកោះប្រជុំបន្ទាន់នេះធ្វើឡើងក្រោយទទួលរងសម្ពាធកាន់តែខ្លាំងពីប្រជាកសិករថៃ ដែលទាមទារឱ្យរដ្ឋាភិបាលធ្វើអន្តរាគមន៍ជាបន្ទាន់លើបញ្ហានេះ ដែលអាចឈានទៅដល់ការលើកគ្នាតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើរដ្ឋាភិបាលមិនអើពើ ឬដោះស្រាយមិនបានល្អទេនោះ។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលមួយម៉ោង រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងរដ្ឋមន្ត្រីក្រសួងកសិកម្មបានប្រកាសថា អនុគណៈកម្មការគោលនយោបាយ និងគ្រប់គ្រងស្រូវអង្ករជាតិ នឹងបើកសម័យប្រជុំមួយនៅក្រសួងពាណិជ្ជកម្ម ដើម្បីសម្រេចដាក់ចេញដំណោះស្រាយ មុននឹងប្រកាសបន្ថែមទៀត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃបានបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការដាក់សម្ពាធពីប្រជាកសិករ ហើយបានបញ្ជាឱ្យក្រសួងកសិកម្មសហការជាមួយក្រសួងពាណិជ្ជកម្ម ដើម្បីដោះស្រាយបញ្ហានេះ។ បើតាមការអះអាងរបស់រដ្ឋមន្ត្រីរូបនេះ នៅក្នុងកិច្ចប្រជុំនោះលោកស្រី ផែថងថាន បានសង្កត់ធ្ងន់ថា រាល់វិធានការដែលដាក់ចេញត្រូវតែអនុវត្តទៅតាមច្បាប់ និងមានភាពប្រាកដនិយម ហើយប្រជាកសិករត្រូវរាយការណ៍ពីពូជស្រូវដែលខ្លួនដាំដុះ ទំហំដី និងកន្លែងស្តុកទុកស្រូវអង្ករជាដើម។
ដោយឡែក លោក ប្រាម៉ូត ឆារឿងស៊ីល (Pramote Charoensil) ប្រធានសមាគមកសិករ និងកសិកម្មថៃបានទម្លាយឱ្យដឹងថា សមាគមបានដាក់សំណើផ្លូវការមួយទៅកាន់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ដើម្បីស្វែងរកការបំភ្លឺលើបញ្ហាសំខាន់ៗចំនួន៣ទាក់ទងនឹងការធ្លាក់ថ្លៃស្រូវអង្ករ។ តែយ៉ាងណាភាគីរដ្ឋាភិបាលថៃ មិនទាន់ឆ្លើយតបនឹងសំណួររបស់កសិករនៅឡើយទេ៕
ដោយ: តែម សុខុម