លោក Prayuth បានប្រាប់អ្នកសារព័ត៌មានថា លោកបានពិចារណាពីរឿងនេះមួយរយៈពេលមកហើយ ហើយទីបំផុតលោកបានសម្រេចចិត្តចូលរួមជាមួយគណបក្សរួមថៃសាងជាតិនេះ។ លោកបានបន្តថា លោកបានដឹងរួចហើយថា គណបក្សថ្មីនេះនឹងស្នើឱ្យលោកឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនៅឆ្នាំក្រោយនេះ។
ការប្រេះឆាគ្នានៅក្នុងគណបក្ស Palang Pracharat ដែលកំពុងកាន់អំណាចរបស់លោក Prayuth នោះ បានធ្វើឱ្យខូចប្រជាប្រិយភាពរបស់គណបក្សនេះយ៉ាងខ្លាំង ដោយបានបង្ខំឱ្យសមាជិកសភាមួយចំនួនរបស់គណបក្សនេះងាកទៅចូលរួមជាមួយគណបក្សនយោបាយផ្សេងៗទៀត។
នៅមុនពេលលោក Prayuth បានប្រកាសចូលរួមគណបក្សថ្មីនេះ គឺមានសមាជិកសភាចំនួន ៤០ នាក់មកពីគណបក្សផ្សេងៗបានប្រកាសពីផែនការរបស់ពួកគេក្នុងការចូលរួមជាមួយគណបក្ស Bhumjaithai ដែលជាគណបក្សចម្រុះមួយផ្សេងទៀត។ លំហូរអ្នកនយោបាយនេះ ត្រូវគេមើលឃើញយ៉ាងទូលំទូលាយថា ជាការជួយឱ្យមេដឹកនាំគណបក្សនេះគឺលោក Anutin Charnvirakul ក្នុងការក្លាយជានាយករដ្ឋមន្ត្រីថ្មីបន្តពីលោក ប្រាយុទ្ធ។
ច្បាប់បោះឆ្នោតរបស់ប្រទេសថៃបានកំណត់ថា បេក្ខជនត្រូវតែនៅក្នុងគណបក្សមួយយ៉ាងហោចណាស់ ៩០ ថ្ងៃនៅមុនថ្ងៃបោះឆ្នោត។ ដូច្នេះហើយនៅថ្ងៃទី៧ ខែកុម្ភៈគឺជាថ្ងៃចុងក្រោយសម្រាប់សមាជិកសភាក្នុងការប្តូរគណបក្ស ប្រសិនបើសភាតំណាងរាស្រ្តបញ្ចប់អាណត្តិនៅថ្ងៃទី២៣ ខែមីនាតាមការគ្រោងទុក។ គណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវតែរៀបចំការបោះឆ្នោតសកលក្នុងរយៈពេល ៤៥ ថ្ងៃបន្ទាប់ពីការរំលាយសភាហើយនោះ។
លោក Boonyakiat Karavekphan អ្នកវិទ្យាសាស្ត្រនយោបាយនៅសាកលវិទ្យាល័យ Ramkamhaeng នៅទីក្រុងបាងកកបាននិយាយថា ភាពមិនច្បាស់លាស់ពីពេលវេលាក្នុងការរំលាយសភារបស់លោក Prayuth មុនពេលអាណត្តិរបស់ខ្លួនបានបញ្ចប់នោះបានលើកទឹកចិត្តសមាជិកសភាឱ្យផ្លាស់ប្តូរគណបក្សជាបន្ទាន់ក្នុងពេលប៉ុន្មានសប្តាហ៍មកនេះព្រោះពួកគេត្រូវបំពេញតាមតម្រូវការរដ្ឋធម្មនុញ្ញ (ឱ្យស្ថិតនៅក្នុងគណបក្សមួយ) រយៈពេល ៩០ ថ្ងៃ (នៅមុនការបោះឆ្នោតសកល)។
អាណត្តិរបស់លោក ប្រាយុទ្ធ នៅសល់តែ២ឆ្នាំទៀតប៉ុណ្ណោះ នៅក្រោយការបោះឆ្នោតនេះក្រោយពីតុលាការធម្មនុញ្ញកាលពីខែកញ្ញាបានសម្រេចថា លោកបានកាន់តំណែងជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ២០១៧ ខណៈដែលរដ្ឋធម្មនុញ្ញថៃបច្ចុប្បន្នមានចែងថា បុគ្គលម្នាក់មិនឱ្យធ្វើជានាយករដ្ឋមន្ត្រីលើសពី ៨ ឆ្នាំនោះឡើយ។ តាមច្បាប់នេះ លោកនៅមានសិទ្ធិបន្តកាន់តំណែងរហូតដល់ឆ្នាំ២០២៥ ប្រសិនបើលោកឈ្នះការបោះឆ្នោតឆ្នាំ២០២៣។
កាលពីពេលថ្មីៗនេះ លោក ប្រាយុទ្ធ បាននិយាយថា លោកសង្ឃឹមថា នឹងបន្តកាន់តំណែងរយៈពេល២ឆ្នាំទៀត បន្ទាប់មកលោកនឹងស្វែងរកបុគ្គលដែលស័ក្តិសមមកស្នងតំណែងរបស់លោក ដើម្បីបញ្ចប់អាណត្តិរយៈពេល ៤ ឆ្នាំពេញលេញ។
គណបក្សរួមថៃសាងជាតិត្រូវបានបង្កើតឡើងក្នុងខែមីនា ឆ្នាំ២០២១ ហើយត្រូវបានដឹកនាំដោយអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក Pirapan Salirathavibhaga ។ អ្នកជំនាញនយោបាយ និងប្រភពគណបក្សនេះបានបញ្ជាក់ថា គណបក្សនេះ គឺត្រូវបានគេបង្កើតឡើងជាពិសេសដើម្បីជួយឱ្យលោក Prayuth ជាប់ឆ្នោតជាថ្មីនៅឆ្នាំក្រោយនេះ៕
អត្ថបទ ៖ សុខ ជា