ប្រទេសថៃ

ការបោះផ្សាយលក់មូលបត្រនៅថៃមានដល់ជាង ៣ពាន់លានដុល្លារកាលពីឆ្នាំ២០២២ ជាកម្រិតខ្ពស់បំផុតក្នុងតំបន់


ទីផ្សារមូលបត្រនៅក្នុងប្រទេសថៃ ទទួលបានការបោះផ្សាយលក់មូលបត្រ ឬ IPO នៅក្នុងទំហំដើមមូលនិធិសរុប ៣ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំ២០២២ ដែលជាតម្លៃបោះផ្សាយលក់មូលបត្រខ្ពស់ជាងគេបំផុតសម្រាប់ទីផ្សារមូលបត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ខណៈដែលកាលពីឆ្នាំមុននេះ ការប្រមូលដើមទុនពីទីផ្សារមូលបត្រនៅក្នុងតំបន់នេះ បានរអិលធ្លាក់ចុះជិតពាក់កណ្ដាលផងដែរ បើធៀបនឹងកាលពីឆ្នាំ២០២១។ នេះបើយោងតាមការសិក្សាថ្មីមួយដែលបានចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍។
ការបោះផ្សាយលក់មូលបត្រនៅប្រទេសថៃ

កាលពីឆ្នាំ២០២២ ផ្សារមូលបត្រថៃ (Stoc Exchange of Thailand) ទទួលបានការចុះបញ្ជីបោះផ្សាយលក់មូលបត្រសរុបក្នុងតម្លៃ ៣ពាន់៦រយលានដុល្លារអាមេរិក ដែលវាមានទំហំប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៧ និង២០១៩ ជាពេលមិនទាន់មានកូវីដ១៩រាតត្បាត។ នេះបើតាមការសិក្សាមួយដោយក្រុមហ៊ុនហិរញ្ញវត្ថុ ដែឡូអៀតេ (Deloitte)របស់អង់គ្លេស ស្ដីអំពី ទីផ្សារមូលធនមូលបត្រអាស៊ីអាគ្នេយ៍។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីប្រទេសថៃ មានការបើកប្រទេសឡើងវិញ និងកាត់បន្ថយការរឹតត្បិតវិធានការកូវីដ១៩នោះ បានធ្វើឲ្យការបោះផ្សាយលក់មូលបត្រមានការកើនឡើងវិញយ៉ាងខ្លាំង ពិសេសមានប្រមាណ ៩០% នៃការបោះផ្សាយលក់មូលបត្រសរុបនៅឆ្នាំ២០២២ គឺបានបោះផ្សាយនៅអំឡុងឆមាសទី២។

អ្នកជំនាញនៃក្រុមហ៊ុន Deloitte ប្រចាំប្រទេសថៃ បានអះអាងថា គេឃើញមានការបោះផ្សាយលក់មូលបត្រជាច្រើន កាលពីឆ្នាំ២០២២ គឺជាក្រុមហ៊ុនមកពីក្រុមឧស្សាហកម្មចម្រុះ រួមទាំងក្រុមហ៊ុនលក់ផលិតផលដែលមានតម្រូវការខ្លាំងពីសំណាក់អ្នកប្រើប្រាស់ ក្រុមហ៊ុនក្នុងផ្នែកសេវាហិរញ្ញវត្ថុ និងសំណង់ជាដើម។

របាយការណ៍ពីក្រុមហ៊ុន Deloitte ក៏បានព្យាករដែរថា តម្លៃនៃការបោះផ្សាយលក់មូលបត្រនៅក្នុងប្រទេសថៃ នឹងមានកាន់តែប្រសើរឡើងថែមទៀតនៅក្នុងឆ្នាំ២០២៣នេះ ដោយសារតែក្រុមហ៊ុនកាន់តែច្រើន កំពុងរៀបចំចុះបញ្ជី ហើយការតម្រូវឲ្យក្រុមហ៊ុនមានរបាយការណ៍ហិរញ្ញវត្ថុត្រឹមរយៈពេល៣ឆ្នាំ អាចចុះបញ្ជីក្នុងផ្សារភាគហ៊ុនបាននោះ ក៏នឹងត្រូវចូលជាធរមាននៅចុងឆ្នាំ២០២៣នេះផងដែរ។ តាមការរំពឹងទុក យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ២៩ កំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការចុះបញ្ជីបោះផ្សាយលក់មូលបត្រនៅក្នុងផ្សារមូលបត្រថៃ នៅឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា កាលពីឆ្នាំមុន ចំពេលដែលមានភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ក៏ដូចជាការដំឡើងអត្រាការប្រាក់ផងដែរនោះ ការបោះផ្សាយលក់មូលបត្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍សរុបមាន ១៦៣ IPOs ដែលមានទំហំមូលនិធិសរុប ៧ពាន់៦រយលានដុល្លារ ធ្លាក់ចុះជាង៤៣% ធៀបនឹងឆ្នាំ២០២១ ជាមួយនឹងមូលធននីយកម្មទីផ្សារជាង ៥៦ពាន់លានដុល្លារ កើនឡើងជាង១០%។

ប្រទេសថៃ និងឥណ្ឌូនេស៊ី បានជាប់ក្នុងកំពូលតារាសម្រាប់តំបន់អាស៊ីអាគ្នេយ៍ ដែលមានការផ្សាយលក់មូលបត្រក្នុងទំហំមូលនិធិច្រើនជាងគេ កាលពីឆ្នាំ២០២២។ អ្នកជំនាញ មានសុទិដ្ឋិយមថា ទីផ្សារមូលបត្រនៅក្នុងតំបន់នេះ នៅតែមានឱកាសសក្ដានុពលរីកចម្រើន ដ្បិតថា បច្ចុប្បន្នប្រទេសជាច្រើនកំពុងមានការបោះពួយងើបឡើងវិញពីវិបត្តិកូវីដ១៩៕




អត្ថបទបន្ទាប់


USAID ប្រកាសភាពជាដៃគូជាមួយក្រុមហ៊ុនឯកជនចំនួន៣ក្នុងវិស័យកសិកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា USAID បានប្រកាសភាពជាដៃគូថ្មីជាមួយក្រុមហ៊ុនឯកជនក្នុងផ្នែកវិស័យកសិកម្មកម្ពុជា រួ…

សេដ្ឋកិច្ចជប៉ុនឆ្នាំ២០២២សម្រេចបានកំណើនត្រឹម ១,១%ប៉ុណ្ណោះ ជាកំណើនទាបជាងការរំពឹងទុក

រាជរដ្ឋាភិបាលជប៉ុនបានប្រកាសនៅថ្ងៃទី ១៤ ខែកុម្ភៈថា សេដ្ឋកិច្ចជប៉ុនមានកំណើនក្នុងរង្វង់ ១,១% នៅពេញមួយឆ្នាំ២០២២ បើធៀបទៅនឹងកំណើនកាលពីឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ