ក្នុងចំនួនទឹកប្រាក់កម្ចី ៥៨ ពាន់លានបាត ឬស្មើនឹង ១,៧ ពាន់លានដុល្លារអាមេរិកនោះ នឹងមានបែងចែកជាកម្ចី ២ប្រភេទ ដែលប្រភេទកម្ចីទី១ មានជាងទឹកប្រាក់សរុប ៨ ពាន់លានបាត ឬស្មើនឹងប្រមាណ ២៤០ លានដុល្លារអាមេរិក នឹងត្រូវផ្ដល់ជាកម្ចីទៅឲ្យសហគ្រាសធុនតូច និងមធ្យម ដែលបានចុះបញ្ចី ជំរុញឲ្យពួកគេក្លាយទៅជាស្ថាប័ន ឬក្រុមហ៊ុនដែលមានច្បាប់ទម្លាប់ត្រឹមត្រូវ ឬហៅថានីតិបុគ្គល។
រីឯប្រភេទកម្ចីទី២ មានទឹកប្រាក់កម្ចី ៥០ ពាន់លានបាត ឬស្មើនឹងជាង ១,៤ ពាន់លានដុល្លារអាមេរិក នឹងផ្ដល់ទៅលើឧស្សាហកម្មផលិតកែច្នៃកសិកម្ម ទេសចរណ៍សហគមន៍ និងសហគមន៍សហគ្រាស និងអាជីវកម្មតូចៗ ដែលមានភាពច្នៃប្រឌិតជាដើម។ នេះបើតាមប្រសាន៍របស់ ប្រធានក្រុមប្រឹក្សាភិបាលធនាគារ SME របស់ថៃ គឺលោក Mongkol Leelatham ដែលត្រូវបានដកស្រង់សម្ដី ដោយកាសែតបាងកកប៉ុស្ដិ៍ កាលពីពេលថ្មីៗនេះ។
សម្រាប់ផែនការទឹកប្រាក់កម្ចី ៨ ពាន់លានបាត ឬស្មើនឹងប្រមាណ ជាង ២៤០ លានដុល្លារអាមេរិកនេះ ធនាគារ SME ថៃ នឹងគិតការប្រាក់ពីអ្នកខ្ចី ១% រហូតដល់រយៈពេលកម្ចី ៧ឆ្នាំ និងមានរយៈពេលអនុគ្រោះ រយៈពេល៣ឆ្នាំ លើប្រាក់ដើម។ លើសពីនេះ អ្នកខ្ចីមិនចាំបាច់មានទ្រព្យបញ្ចាំនោះឡើយ ហើយអ្នកដែលធ្លាប់បរាជ័យក្នុងការសងកម្ចីត្រឡប់ទៅកាន់ធនាគារម្ដង ក៏អាចមានសិទ្ធិស្នើសុំកម្ចីនេះដែរ។
បើតាមការគូសបញ្ជាក់ ពីលោក Mongkol Leelatham នៅក្នុងកាសែតបាងកកប៉ុស្ដិ៍ បានឲ្យដឹងថា អ្នកខ្ចី អាចស្នើសុំកម្ចីធំបំផុតត្រឹម ១លានបាត ឬស្មើនឹងប្រមាណ ៣ម៉ឺនដុល្លារអាមេរិក ហើយខាងធនាគារ នឹងប្រើប្រាស់ពេលតែ ៧ថ្ងៃ ប៉ុណ្ណោះ ដើម្បីសម្រេចដំណើរការការផ្ដល់កម្ចី។
ដោយឡែក សម្រាប់ប្រាក់កម្ចី ៥០ពាន់លានបាត ឬស្មើនឹងប្រមាណ ១,៤ពាន់លានដុល្លារអាមេរិក ដែលមានរយៈពេលកម្ចីកំណត់ ៧ឆ្នាំនោះ ធនាគារ SME ថៃ នឹងកំណត់យកការប្រាក់ទៀងទាត់ ៣% (Fixed Interest Rate) សម្រាប់រយៈពេល ៣ឆ្នាំ នៃ ប្រសិនបើអ្នកខ្ចី ខ្វះទ្រព្យបញ្ចាំ ពួកគេអាចស្នើសុំការប្រើប្រាស់ សេវាធានាឥណទាន ពីសាជីវកម្មធានាឥណទានថៃ (TCG) ដែលមានការផ្ដល់នូវការលើកលែងការចំណាយប្រចាំឆ្នាំ សម្រាប់រយៈពេល ៤ឆ្នាំដំបូងផងដែរ។
គិតមកទល់ចុងខែ មិថុនានេះ ធនាគារ SME ថៃបានសម្រេចផ្ដល់កម្ចីប្រមាណ ២ ទៅ៣ ពាន់លានបាតហើយ ឬស្មើនឹងប្រមាណ ជាង៦០ ទៅជាង ៩០លានដុល្លារអាមេរិក សម្រាប់ SME ដែលជានីតិបុគ្គល។
អ្នកជំនាញសេដ្ឋកិច្ចថៃ បានអះអាងថា ការផ្ដល់កម្ចីទាំងនេះ គឺជានឹងជួយដល់ការរីកលូតលាស់ប្រកបដោយចីរភាពរបស់ សហគ្រិនខ្នាតតូចក្នុងប្រទេសថៃ។
គួរជម្រាបដែរថា កន្លងមក រាជរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានប្រកាសពីការបង្កើតធនាគារ SME ដែលមានអត្រាការប្រាក់ទាប សម្រាប់ជំរុញដល់កំណើនលូតលាស់វិស័យ SME នៅកម្ពុជាដែរ ប៉ុន្ដែ រហូតមកទល់ពេលនេះ ធនាគារដែលជាក្ដីរំពឹងដ៏ធំរបស់អាជីវកម្មខ្នាតតូច និងមធ្យមនៅកម្ពុជាមួយនេះ នៅមិនទាន់លេចរូបរាងនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ឯកឧត្តម វង្ស៊ី វិស្សុត រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានអះអាងថា រាជរដ្ឋាភិបាល នឹងជំរុញឲ្យធនាគារមួយនេះ ចេញក្នុងពេលឆាប់ៗ ហើយបច្ចុប្បន្ន ខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុង ដុតដៃដុតជើង ធ្វើការងារទាំងអស់នេះហើយ៕