ក្រុមហ៊ុនជប៉ុនទាំងនោះ ក៏បានស្នើដល់ក្រុមប្រឹក្សាវិនិយោគរបស់ថៃ ឲ្យជួយពួកគេស្វែងរកបានដៃគូដែលស័ក្ដសម ដើម្បីអនុវត្តផែនការពង្រីកអាជីវកម្មក្រៅពីប្រទេស ជប៉ុន និងចិនផងដែរ។
លោកស្រី សុខលីន ផ្លយមៀរ ទីប្រឹក្សាប្រតិបត្តិជាន់ខ្ពស់ នៃក្រុមប្រឹក្សាវិនិយោគថៃ បានឲ្យដឹងថា អ្នកវិនិយោគអាជីវកម្មខ្នាតតូច និងមធ្យមភាគច្រើន ស្វែងរកដៃគូអាជីវកម្មនៅក្នុងប្រទេសថៃ ប៉ុន្ដែ ពួកគេមិនបានបានបញ្ជាក់ពីឧស្សាហកម្មគោលដៅនៅឡើយទេ។ លោកស្រី បន្ថែមថា ប្រទេសថៃ មានសក្ដានុពលដើម្បីអភិវឌ្ឍវិស័យផ្សេងៗជាច្រើន រួមទាំងឧស្សាហកម្មរថយន្ដ គ្រឿងបន្លាស់យានយន្ដ អេឡិចត្រូនិក និងសុខាភិបាល។
ក្រុមហ៊ុនជប៉ុនចង់ពង្រីកអាជីវកម្មនៅក្នុងប្រទេសថៃ ដោយសារតែថៃ គឺជាទីតាំងមូលដ្ឋានផលិតកម្មដ៏សំខាន់មួយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
រាជរដ្ឋាភិបាលថៃ កំពុងធ្វើចំណាត់ថ្នាក់សហគ្រាសធុនតូច និងមធ្យម រហូតដល់ ២ពាន់សហគ្រាស ដោយផ្អែកលើលទ្ធផលអាជីវកម្មរបស់ពួកគេ ដែលរួមបញ្ជូលទាងទំហំអាជីវកម្ម, ចំណូល, កំណើន និងបទពិសោធន៍ ដើម្បីអាចឲ្យសហគ្រាសទាំងនោះ ធ្វើជំនួញរួមគ្នាជាមួយនឹងក្រុមហ៊ុនបរទេសបាន។
នៅឆ្នាំសារពើពន្ធ ២០១៩ ក្រុមប្រឹក្សាវិនិយោគថៃ បានធ្វើការផ្គូរផ្គងការវិនិយោគក្នុងតម្លៃជាទឹកប្រាក់វិនិយោគជិត១ពាន់៣រយលានដុល្លារ ខណៈដែលនៅឆ្នាំសារពើពន្ធ ២០២០ដែលបានបិទបញ្ចប់កាលពីចុងខែកញ្ញាកន្លងទៅនេះ មានការផ្គូផ្គង់ការវិនិយោគក្នុងតម្លៃជាទឹកប្រាក់ប្រមាណជាង៨០០ លានដុល្លារអាមេរិក៕