ប្រទេសក្បែរខាងកម្ពុជាមួយនេះ ត្រូវបានគេរាយការណ៍ថា បានរកឃើញករណីឆ្លងកូវីដ-១៩ ជាង៩ពាន់នាក់ ត្រឹមតែរយៈពេល១ខែប៉ុណ្ណោះ បន្ទាប់ពីមានការផ្ទុះរាលដាលរលកឆ្លងជាថ្មី។
ជាដំណោះស្រាយ ប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃបានស្នើឱ្យរដ្ឋាភិបាលមានវិធានការបើកប្រាក់ខែពាក់កណ្តាលជូនបុគ្គលិកក្នុងវិស័យទេសចរណ៍ បន្ធូរបន្ថយវិក័យបត្រទឹកភ្លើង ផ្តល់ប្រាក់កម្ចីអនុគ្រោះដែលមានការប្រាក់ទាប និងឈានដល់ការអនុគ្រោះ ដោយផ្អាកការសងប្រាក់ទៅធនាគារក្នុងរយៈពេល២ឆ្នាំ។
យ៉ាងណាមិញ រដ្ឋាភិបាលថៃសង្ឃឹមថា វិស័យទេសចរណ៍នឹងប្រសើរឡើងវិញនៅឆមាសទី២ឆ្នាំ២០២១ ជាមួយនឹងការរំពឹងទុកថា នឹងអាចមានភ្ញៀវទេសចរចំនួន ១០លាននាក់ ប្រសិនបើការរាលដាលនៃកូវីដ-១៩ មានការថមថយ ដោយថៃកំពុងពិចារណាលុបចោលការធ្វើចត្តាឡីស័ក ១៤ថ្ងៃ ទៅលើភ្ញៀវទេសចរ។
សូមជម្រាបជូនថា កូវីដ-១៩បាននិងកំពុងរាលដាលយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ ដែលមកទល់នឹងពេលនេះ រកឃើញវិជ្ជមានចំនួនជាងម៉ឺន៥ពាន់នាក់ និងមានអ្នកឆ្លងនៅក្នុង៦៣ខេត្តហើយ ក្នុងចំណោមខេត្តទាំង ៧៧របស់ថៃ៕