អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បានទម្លាយឱ្យដឹងថា មានគណនីសហគ្រាសធុនតូច និងមធ្យម (SMEs) រហូតដល់ទៅប្រមាណ៤លានគណនីត្រូវបានធនាគារកណ្ដាលថៃ (BoT) ចាត់ទុកជាឥណទានមិនដំណើរការ និងចាត់ប្រភេទជាកូនបំណុល Code 21។
ផ្អែកតាមលក្ខខណ្ឌរបស់ការិយាល័យឥណទានជាតិ ឥណទានមិនដំណើរការទាំងនេះនឹងត្រូវលុបចេញពីកំណត់ត្រារបស់ខ្លួននៅឆ្នាំក្រោយ។ ទោះជាយ៉ាងណារដ្ឋាភិបាលថៃ ចង់ពន្លឿនដំណើរការនេះដើម្បីជួយសម្រួលឱ្យកូនបំណុលទាំងនេះទទួលបានឥណទានកាន់តែឆាប់រហ័ស។
ជាធម្មតា ក្រោមលក្ខខណ្ឌរបស់ការិយាល័យឥណទានជាតិ (NCB) ប្រសិនបើកូនបំណុលណាម្នាក់នៅគ្រឹះស្ថានឥណទានណាមួយក្លាយជាឥណទានមិនដំណើរការ ឬខកខានទូទាត់កម្ចីលើសពី៣ខែដោយគ្មានការកែតម្រូវ កូនបំណុលទាំងនោះនឹងជាប់ឈ្មោះក្នុងបញ្ជីខ្មៅរហូតដល់ទៅ៥ឆ្នាំឯណោះ។
មិនតែប៉ុណ្ណោះ បន្ទាប់ពីត្រូវបានលុបចេញពីបញ្ជីខ្មៅរួចហើយ ព័ត៌មានរបស់កូនបំណុលទាំងនោះក៏នៅតែត្រូវបានរក្សាទុកក្នុងកំណត់ត្រារបស់ការិយាល័យឥណទានជាតិ (NCB) រយៈពេល៣ឆ្នាំបន្ថែមទៀត ពោលគឺសរុបចំនួន៨ឆ្នាំ។
លោក ជូឡាពុន អាម៉នវីវ៉ាត (Julapun Amornvivat) បានលើកឡើងថា រយៈពេល៨ឆ្នាំសម្រាប់កូនបំណុលនៃឥណទានមិនដំណើរការ ដែលនៅជាប់ឈ្មោះក្នុងកំណត់ត្រារបស់ការិយាល័យឥណទានជាតិ (NCB) គឺវែងខ្លាំងពេក។ សម្រាប់មន្ត្រីជាន់ខ្ពស់រូបនេះ ការអន្តរាគមន៍របស់រដ្ឋក្នុងការជួយដល់កូនបំណុល នៃឥណទានមិនដំណើរការ ឬ កូនបំណុល Code 21 មិនគួរត្រូវបានចាត់ទុកជាការបំពានគោលការណ៍ហិរញ្ញវត្ថុនោះទេ ពីព្រោះកូនបំណុលទាំងនេះទទួលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។
ទន្ទឹមនឹងនេះ ក្រុមមន្ត្រីការិយាល័យឥណទានជាតិ (NCB) បានគូសបញ្ជាក់ថា ទោះបីជាកូនបំណុល Code 21 ត្រូវបានលុបឈ្មោះចេញពីបញ្ជីខ្មៅក៏ដោយ ក៏ពួកគេនៅតែពិបាកក្នុងការទទួលបានឥណទាននៅតាមគ្រឹះស្ថានឥណទាននានាខ្លាំងណាស់ដោយផ្អែកលើច្បាប់ផ្តល់ប្រាក់កម្ចីដ៏តឹងរ៉ឹងរបស់ធនាគារនានា៕
ដោយ: តែម សុខុម