គម្រោងកម្មវិធីអនុគ្រោះពន្ធនេះ ត្រូវបានលាតត្រដាងឡើងដោយលោក ប្រាសឺត ចាន់ថារោងថុង (Prasert Chantharauangthong) រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលថៃ នៅក្នុងកម្មវិធីសិក្ខាសាលា មួយដែលរៀបចំឡើងនៅទីក្រុងបាងកក ។ លោក ប្រាសឺត បាននិយាយថា រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សភឿថៃ បានផ្តោតលើការអភិវឌ្ឍទីប្រជុំជននៃខេត្តនីមួយៗទៅជាទីក្រុងឆ្លាតវៃ ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ បានបន្តថា តាមចក្ខុវិស័យ “ទីក្រុងវ័យឆ្លាតថៃឆ្នាំ២០២៤” របស់រដ្ឋាភិបាលថៃនឹងផ្តោតសំខាន់នៅលើ វិស័យធំៗចំនួន៧ ដែលរួមមាន វិស័យដឹកជញ្ជូន ថាមពល វិស័យសេដ្ឋកិច្ច ពលរដ្ឋ ការរស់នៅ សេវាសាធារណៈ និង បរិស្ថាន។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ បានបន្តថា តាមគោលដៅនិងផែនការដែលបានដាក់ចេញ ខេត្តនីមួយៗនៅប្រទេសថៃ ត្រូវតែពង្រឹងនិងអភិវឌ្ឈន៍វិស័យនានាទាំងប្រាំពីរនេះ ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន និងទទួលបានងារជាទីក្រុងឆ្លាតវៃ ហើយរាល់គម្រោងដែល ក្រុមហ៊ុនវិនិយោគក្នុងខេត្តនានាតាមគម្រោងនេះ នឹងមានសិទ្ធិទទួលបានការបន្ធូរបន្ថយពន្ធសាជីវកម្ម ៥០ ភាគរយ សម្រាប់រយៈពេល ៣ ឆ្នាំ។
លោក ប្រាសឺត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ បានបន្ថែមថា ទន្ទឹមនឹងនេះ ពន្ធក៏នឹងត្រូវបានលើកលែងផងដែរចំពោះទំនិញ ឬសេវាកម្មដែលបានទិញនៅក្នុងទីក្រុងឆ្លាតវៃ តាមរយៈការធ្វើបដិវត្តន៍កម្មឌីជីថល ហើយក្រសួង ចង់ឱ្យទីក្រុងឆ្លាតវៃក្លាយជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចថៃជាថ្មី។លោក បាននិយាយថា ការអភិវឌ្ឍទីក្រុងឆ្លាតក៏នឹងទាមទារការចូលរួមពីសហគមន៍មូលដ្ឋានផងដែរ។
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថៃ បានបន្ថែមថា ក្រសួងនឹងផ្សព្វផ្សាយ តាមបណ្តាញសង្គមនិងអ៊ីនធើបណែត និងបច្ចេកវិទ្យា Big Data ដើម្បីគ្រប់គ្រងបរិស្ថាន កាត់បន្ថយការបំពុល និងឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិ៕
ដោយៈ សរ សុជាតិ