លោក ស៊ុផាន មង្គល ស៊ូទ្រី ប្រធានសហព័ន្ធឧស្សាហកម្មថៃ បាននិយាយនៅក្នុងសារព័ត៌មានក្នុងស្រុកថៃ បាងកកប៉ុស្ដិ៍ នាពេលថ្មីៗនេះថា តាមទស្សនៈអាជីវកម្ម ការផ្ទុះឡើងនៃវីរុស Covid 19 នេះ គឺមានទាំងឥទ្ធិពលវិជ្ជមានផង និងអវិជ្ជមានផង។
លោក ស៊ុផាន បានបញ្ជាក់ថា វិស័យចំនួន ៥ អាចនឹងទាញប្រយោជន៍បាន នៅអំឡុងពេលមានហេតុការណ៍រីករាលដាលនៃវីរុសនេះ ដូចជា វិស័យកាត់ដេរ វាយនភណ្ឌ ឧបករណ៍សុខាភិបាល ផលិតផលស្បែក និងគ្រឿងសិប្បកម្មឧស្សាហកម្មជាដើម។ ផលិតផលក្នុងវិស័យទាំងនេះ កំពុងមានតម្រូវច្រើន ព្រោះវាជាឧបករណ៍សម្រាប់ការពារមេរោគ ដូចជាម៉ាស់ពាក់មុខ សាប៊ូ ឬទឹកលាងដៃ និងសម្លៀកបំពាក់ជាដើម។ បើតាមអ្នកជំនាញសេដ្ឋកិច្ចថៃរូបនេះ បានគូសបញ្ជាក់ថា វិស័យផលិតសម្ភារទាំងនេះ នឹងទទួលបានការបញ្ជាទិញកាន់តែច្រើនឡើង និងអាចពង្រីកទីផ្សារបន្ថែម ជំនួសឲ្យប្រទេសចិនផងដែរ។
ទោះយ៉ាងណា ប្រធានសហព័ន្ធឧស្សាហកម្មថៃ ក៏បានលើកឡើងដែរថា មានវិស័យជាច្រើនផ្សេងទៀត កំពុងរងផលប៉ះពាល់ពីឥទ្ធិពលនៃវីរុស Covid 19 ដូចជា រោងម៉ាស៊ីន, គ្រឿងអលង្ការ, កៅស៊ូ, គ្រឿងសង្ហារឹម, គ្រឿងសម្អាត គ្រឿងបន្លាស់យានយន្ដ, គីមីឥន្ធនៈ, រថយន្ដ, រោងចក្រចម្រាញ់ប្រេង, ផលិតផលគីមី, ផ្លាស្ទិក, គ្រឿងអេឡិចត្រូនិក និងផលិតផលផ្សំពីរុក្ខជាតិជាដើម។
មិនតែប៉ុណ្ណោះ ក្រុមហ៊ុននាំចូលរបស់ចិន នឹងពន្យារពេលបញ្ជាទិញ ខណៈដែលរោងចក្រផលិតនៅថៃ មិនអាចនាំចូលផលិតផលវត្ថុធាតុដើម ពីប្រទេសចិនបាននោះទេ។ លើសពីនេះទៅទៀត ស្របពេលដែលប្រទេសចិនមានការរាតត្បាតខ្លាំងនៃវីរុសនេះ វាក៏បានធ្វើឲ្យវិស័យទេសចរណ៍របស់ថៃបានធ្លាក់ចុះចំណូលខ្លាំងណាស់ដែរ។
បើតាមការបញ្ជាក់របស់អ្នកជំនាញក្នុងវិស័យឧស្សាហកម្មថៃ វិស័យធំ២ដែលរងផលប៉ះពាល់ខ្លាំងបំផុត គឺវិស័យទេសចរណ៍ និងការនាំចេញ។ ផលប៉ះពាល់មកលើសេដ្ឋកិច្ចថៃ ដោយសារបញ្ហាវីរុសនេះ បានធ្វើឲ្យអំណាចនៃការបញ្ជាទិញ (Purchasing Power) បានធ្លាក់ចុះទាប ខណៈដែលបញ្ហាគ្រោះរាំងស្ងួតក៏បានអូសបន្លាយ ដូច្នេះហើយ សហព័ន្ធឧស្សហកម្មថៃ នឹងធ្វើការចាត់បន្ថយការព្យាករពីកំណើនសេដ្ឋកិច្ចថៃ សម្រាប់ឆ្នាំ២០២០នេះផងដែរ។
សូមបញ្ជាក់ថា តាមស្ថាប័នស្រាវជ្រាវសេដ្ឋកិច្ចរបស់ថៃ EIC ធ្លាប់បានទម្លាក់ការព្យាកររបស់ខ្លួន សម្រាប់សេដ្ឋកិច្ចថៃ នៅឆ្នាំ២០២០នេះថា នឹងអាចរក្សាបានកំណើនប្រមាណជុំវិញ ២% ប៉ុណ្ណោះ ខណៈដែលការព្យាករពីមុនថាប្រមាណ២,៧% ទៅ២,៨%។
ប្រទេសថៃ នៅតែមានភាពប្រយ័ត្នប្រយែងខ្ពស់ចំពោះ ការរីករាលដាលនៃវីរុស Covid 19 ខណៈដែលគិតមកទល់នឹងថ្ងៃទី ២១ កុម្ភៈនេះ ប្រទេសថៃ មានការឆ្លងនូវវីរុសផ្លូវដង្ហើមនេះ ចំនួន ៣៥ ករណីហើយ។ ហើយថ្មីៗនេះដែរ ក្រុមហ៊ុនអាកាសចរណ៍ជាតិថៃ Thai Airways International ក៏ទើបតែប្រកាស នឹងលុបចោលជើងហោះហើរទៅកាន់ប្រទេសនិងតំបន់ចំនួន ៨ នៅក្នុងខែនេះ និងខែក្រោយ ដោយសារតែបញ្ហាវីរុស Covid 19។
ប្រទេស និងតំបន់ ដែលនឹងត្រូវក្រុមហ៊ុន Thai Airways លុបចោលជើងហោះហើរជាមួយ មានដូចជា ចិន, ហុងកុង, តៃវ៉ាន់, ជប៉ុន, កូរ៉េខាងត្បូង, សិង្ហបុរី, ហ្វីលីពីន, បង់ក្លាដេស និងអេមីរ៉ាត អារ៉ាប់រួមជាដើម៕