ឧបនាយករដ្ឋមន្រ្តីថៃ លោក សោមគីត ចតុស្រីបិតក បានបញ្ជាក់ឲ្យដឹងថា ក្រោយពីទទួលបានដំណឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងផ្អាកការអនុគ្រោះពន្ធពាណិជ្ជកម្ម សម្រាប់ឧស្សាហកម្មអាហារសមុទ្រថៃ ដែលមានទំហំពាណិជ្ជកម្មប្រមាណ ១,៣ ពាន់លានដុល្លារអាមេរិកនោះ នាយករដ្ឋមន្រ្តីថៃ ក៏ត្រៀមខ្លួននឹងទៅចរចាឡើងវិញ ចំពោះបញ្ហានេះ ដោយសារតែ គម្រោងនេះ មិនទាន់សម្រេចជាស្ថាពរនៅឡើយទេ។
លោក សោមគីត បន្តថា ថៃ និងអាមេរិក ជាមិត្តស្និទ្ធស្នាលនឹងគ្នា យូរណាស់មកហើយ ហើយចំពោះរឿងអនុគ្រោះពន្ធនេះ ក៏អាចចរចាគ្នាបានដែរ នៅក្នុងឱកាសកិច្ចប្រជុំអាស៊ាន ដែលនាយករដ្ឋមន្រ្តី ប្រាយុទ្ធ អាចជួបជាមួយនឹង គណៈប្រតិភូ និងអ្នកវិនិយោគិនអាមេរិកផងដែរ។
យ៉ាងណាក៏ដោយ លោក ប្រាយុទ្ធចាន់អូចា ក៏បានប្រកាសដល់ សាធារណៈជន កុំឲ្យមានការភ័យព្រួយបារម្ភខ្លាំងពេក អំពី បញ្ហានេះ ដោយអះអាងថា ថៃ នឹងព្យាយាមចរចា ឲ្យបានសម្រេច និងលឿនតាមតែអាចធ្វើទៅបាន និងព្យាយាមស្វែងរកទីផ្សារបន្ថែមទៀត ដែលជាដំណោះស្រាយរយៈពេលវែង។
ទោះបីជាមានការផ្អាកការអនុគ្រោះពន្ធនេះក៏ដោយ ថៃ នៅតែអាចនាំចេញផលិតផលទៅកាន់ អាមេរិក បានដដែល ដោយគ្រាន់តែរងសម្ពាធពន្ធប្រមាណ ៦០លានដុល្លារអាមេរិក ក្នុងមួយឆ្នាំ។
សូមជម្រាបដែរថា បើតាមការដកស្រង់សម្តីរបស់ ការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក ដោយសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងថា ផលិតផលគ្រឿងសមុទ្រថៃជាង ៥៧០មុខ នឹងបាត់បង់សិទ្ធទទួលបានការអនុគ្រោះពន្ធ ដែលនឹងចាប់ផ្តើមចាប់ពីខែមេសា ឆ្នាំ ២០២០ខាងមុខនេះ។
ក្រៅពីអាហារសមុទ្រ នៅមានផលិតផលជាច្រើនមុខទៀត ដែលអាចនឹងបាត់បង់ការអនុគ្រោះពន្ធនេះដែរ ដូចជា បន្លែ ផ្លែឈើ វាយនភណ្ឌ និងគ្រឿងអេឡិចត្រូនិកជាដើម។
គួរជម្រាបថា ការិយាល័យអ្នកតំណាងពាណិជ្ជកម្មអាមេរិក បង្ហាញឲ្យដឹងថា ការនាំចេញរបស់ថៃ ទៅកាន់អាមេរិក កាលពីឆ្នាំ ២០១៨កន្លងទៅសម្រេចបានជាង ៣១ពាន់លានដុល្លារអាមេរិក៕