រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ អានុទីន ចាន់វីរាគុលបានបញ្ជាក់ថាថា ក្រោយការអនុញ្ញាតឲ្យប្រើប្រាស់លិខិតឆ្លងដែន ដែលបញ្ជាក់ពីការបានចាក់វ៉ាក់សាំងរួចរាល់, អ្នកដំណើរចូលក្នុងប្រទេសថៃ ត្រូវបានកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កពី១៤ថ្ងៃ មកត្រឹម ១០ថ្ងៃឬ៧ថ្ងៃតែប៉ុណ្ណោះ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ បញ្ជាក់ទៀតថា ការសម្រេចដូចនេះ គឺធ្វើឡើងដើម្បីជួយជំរុញដល់វិស័យទេសចរណ៍និងធ្វើឱ្យសេដ្ឋកិច្ចមានកំណើនឡើងវិញផងដែរ ស្របពេលដែលវិស័យទេសចរណ៍ និងសេដ្ឋកិច្ចរបស់ថៃជារួម បានរងផលប៉ះពាល់ខ្លាំងពីវិបត្តិដែលបណ្តាលមកពីមេរោគរាលដាលសកលកូវីដ-១៩។
ថៃបានដាក់ចេញជាវិធានការច្បាស់លាស់ ដោយក្នុងនោះ បានបែងចែកជា ៣ផ្នែក។ សម្រាប់អ្នកដំណើរចូលដល់ប្រទេសថៃ ទាំងជាជនជាតិថៃ និងបរទេស ដែលបានចាក់វ៉ាក់សាំងរួចពី១៤ថ្ងៃទៅ ៩០ថ្ងៃព្រមទាំងមានលទ្ធផលតេស្តអវិជ្ជមានកូវីដ១៩ តម្រូវឲ្យធ្វើចត្តាឡីស័កតែ ៧ថ្ងៃប៉ុណ្ណោះ ស្របពេលដែលអ្នកដែលមិនបានចាក់វ៉ាក់សាំង តែមានលិខិតបញ្ជាក់ថា អវិជ្ជមានកូវីដ១៩ តម្រូវឲ្យចត្តាឡីស័កចំនួន១០ថ្ងៃ។
យ៉ាងណាមិញដោយសារតែតំបន់អាហ្វ្រិចជាតំបន់ដែលមានមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីកំពុងរាលដាលខ្លាំង។ដូច្នេះ ថៃមិនបានអនុញ្ញាតឲ្យកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីតំបន់អាហ្វិ្រកនោះទេ គឺតម្រូវឲ្យតាមដាន និង ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃដូចធម្មតា ទោះបីជនទាំងអស់នោះ បានចាក់វ៉ាក់សាំងរួច ឬមានលិខិតបញ្ជាក់អវិជ្ជមានកូវីដ១៩យ៉ាងណាក៏ដោយ ។
សូមបញ្ជាក់ថា រដ្ឋាភិបាលថៃបានប្រឹងប្រែងដាក់ចេញនូវវិធានការនានា ដើម្បីស្រោចស្រង់វិស័យទេសចរណ៍ថៃដែលបានលិចលង់អស់ជិត២ឆ្នាំមកនេះ ស្របពេលដែលក្រសួងទេសចរណ៍ថៃ បានដាក់គោលដៅ រកចំណូលឲ្យបានប្រមាណ ជិត ៤០ពាន់លានដុល្លារអាមេរិកនៅក្នុងឆ្នាំ២០២១នេះ៕