បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ជូរីន ឡាក់សាណាវីស៊ីត (Jurin Laksanawisit) បាននិយាយថា គម្រោងធានារ៉ាប់រងនេះបានគ្របដណ្តប់លើផ្ទៃដីស្រែចំនួន ជាង ២៨ លានរ៉ៃនៅទូទាំងប្រទេសថៃ និងប្រជាកសិករចំនួនជាង ៤លាន៦សែនគ្រួសារ ហើយលក្ខណៈវិនិច្ឆ័យរបស់គម្រោងនេះ គឺដូចគ្នាទៅនឹងលក្ខខណ្ឌកាលពី ៣ ឆ្នាំមុនដែរ។
តាមគម្រោងការណ៍សម្រាប់ដំណាំស្រូវនេះ ប្រជាកសិករអាចចុះឈ្មោះចាប់ពីថ្ងៃទី០១ ខែមេសា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ខណៈដែលប្រជាកសិករនៅភាគខាងត្បូងនៃប្រទេសថៃ អាចចុះឈ្មោះចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
គណៈកម្មាធិការនេះក៏បានអនុម័តវិធានការគាំទ្រស្រដៀងគ្នាមួយចំនួន ដើម្បីធានាស្ថិរភាពតម្លៃស្រូវរួមទាំងផែនការលើកទឹកចិត្តកសិករកុំឱ្យឆាប់លក់ស្រូវរបស់ពួកគេនៅលើទីផ្សារពេក ដោយផ្តល់ជំនួយឥតសំណងចំនួន ១ ៥០០ បាត ឬប្រហែលជាង ៤១ ដុល្លារសម្រាប់កសិករដាំដុះស្រូវក្នុងផ្ទៃដី១រ៉ៃ ឬក្នុងស្រូវមួយតោន ដល់កសិករដែលបានចុះបញ្ជី និងប្រាក់ឧបត្ថម្ភការប្រាក់ ៣% សម្រាប់ស្ថាប័នជាកសិកដ្ឋានដាំដុះស្រូវ ដែលយល់ព្រមលើការលក់ស្រូវយឺត។
លើសពីនេះទៀត ការឧបត្ថម្ភការប្រាក់ ៣% ត្រូវបានផ្តល់ជូនដល់រោងម៉ាស៊ីនកិនស្រូវ ដែលបានយល់ព្រមរក្សាស្តុកអង្ករក្នុងអំឡុងពេលនៃការផ្គត់ផ្គង់នៅក្នុងទីផ្សារ ហើយគណៈកម្មាធិការនេះបានយល់ព្រមគាំទ្រដល់ការកាត់បន្ថយថ្លៃដើម និងគម្រោងគ្រប់គ្រងស្រូវសម្រាប់កសិករ ក្នុងតម្លៃជាង២៧ដុល្លារ ក្នុងមួយរ៉ៃដែលកំណត់យកត្រឹមអតិបរមា ២០ រ៉ៃក្នុងមួយគ្រួសារ។
ចំណែកផែនការធានាប្រាក់ចំណូលឯណោះវិញ ប្រជាកសិករទទួលបានភាពខុសគ្នារវាងតម្លៃស្រូវតាមការធានារ៉ាប់រង និងតម្លៃគោលដែលមានការប្រែប្រួលរៀងរាល់ ២ សប្តាហ៍ម្ដងស្របតាមតម្លៃទីផ្សារ។
គម្រោងធានាលើដំណាំស្រូវនេះ បានគ្របដណ្តប់លើស្រូវអង្ករចំនួន ៥ ប្រភេទគឺស្រូវអង្កសមានសំណើម ១៥% ប្រភេទស្រូវក្រអូប Hom Mali ស្រូវក្រអូប Pathum Thani មានសំណើម ១៥% ស្រូវដំណើបមានសំណើម ១៥% និងស្រូវក្រអូបប្រចាំខេត្ត។
ក្រោមគម្រោងនេះ ប្រជាកសិករទទួលបានការផ្ដល់ជូនប្រាក់ ១ ម៉ឺនបាត ឬប្រហែលជាង ២៧៥ ដុល្លារក្នុងមួយតោនសម្រាប់ប្រភេទស្រូវអង្ករសដែលមានសំណើម ១៥% ដែលត្រូវបានកំណត់ត្រឹម ៣០ តោនក្នុងមួយគ្រួសារ ឬផ្ទៃដីជាង ៦ ហិកតា។
ការផលិតស្រូវរបស់ប្រទេសថៃសម្រាប់ឆ្នាំរដូវឆ្នាំ២០២២-២០២៣ ត្រូវគេប៉ាន់ប្រមាណថា មានចំនួនជិត២៧ លានតោនពោល គឺបានកើនឡើងជាង ២% បើធៀបនឹងរដូវដាំស្រូវដូចគ្នាកាលពីឆ្នាំមុន។
ប្រទេសថៃ និងវៀតណាម ថ្មីៗនេះ ក៏បានប្រកាសពីការសហប្រតិបត្តិការជាមួយគ្នាក្នុងការដំឡើងថ្លៃអង្ករលើទីផ្សារពិភពលោកដែរ ដើម្បីជួយដល់ប្រជាកសិករបស់ខ្លួន នៅចំពេលដែលពួកគេកំពុងជួបប្រទះនឹងការលំបាកពាក់ព័ន្ធនឹងការចំណាយថ្លៃដើមខ្ពស់ និងប្រឈមនឹងបញ្ហាអាកាសធាតុផងដែរ៕