ថៃ ដែលជាអ្នកភូមិផងរបងជាមួយកម្ពុជា និងជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២បន្ទាប់ពីឥណ្ឌូនេស៊ីទាក់ទាញលំហូរទុនវិនិយោគផ្ទាល់ពីបរទេសបានរហូតដល់ជិត៤ពាន់លានដុល្លារនៅក្នុងរយៈពេល៩ខែឆ្នាំនេះ មានការកើនឡើងរហូតដល់ប្រមាណ៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជប៉ុនបានក្លាយជាបោះទុនវិនិយោគច្រើនជាងគេនៅប្រទេសថៃក្នុងរយៈពេលនេះ បន្ទាប់មកសិង្ហបុរី ចិន សហរដ្ឋអាម៉េរិក និងហុងកុងជាដើម។
ជាមួយគ្នានេះ បើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅក្នុងរយៈពេល១០ខែ ឆ្នាំ២០២៤ ថៃបានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង២៦លាននាក់ ពោលគឺមានការកើនឡើងប្រមាណ៣០% ហើយថៃរំពឹងថា ខ្លួននឹងអាចទាក់ទាញអ្នកទេសចរបរទេសរុបជាង៣៦លាននាក់នៅត្រឹមដំណាច់ឆ្នាំនេះ។ បើតាមការអះអាងរបស់អាជ្ញាធរទេសចរណ៍ថៃ ជើងហោះហើរថ្មីៗជាច្រើនកំពុងតភ្ជាប់មកប្រទេសថៃ រួមមានមកពីចិន ឥណ្ឌា អារ៉ាប៊ីសាអូឌីត រុស្ស៊ី អង់គ្លេស អាល្លឺម៉ង់ ប៉ូឡូញ និងអូស្រ្តាលី។
ក្រៅពីទេសចរណ៍ និងការវិនិយោគបរទេស ការនាំចេញរបស់ថៃ នៅក្នុងរយៈពេល៩ខែឆ្នាំនេះ សម្រេចបានជាង២២៣ពាន់លា នដុល្លារកើនឡើងប្រមាណជិត៤% ហើយក្រសួងពាណិជ្ជកម្មថៃ ព្យាករណ៍ថា ការនាំចេញអាចនឹងឡើងដល់២៩០លានដុល្លារ នៅដំណាច់ឆ្នាំ២០២៤នេះ៕
ដោយៈ សរ សុជាតិ