ការសម្រេចហាមឃាត់នេះ ត្រូវបានធ្វើឡើងដោយសារតែ វិស័យប្រព័ន្ធពាណិជ្ជកម្មតាមអនឡាញ នៅក្នុងប្រទេសថៃ កាន់តែមានភាពរស់រវើក និងទាក់ទាញ ដូច្នេះហើយ អ្នកលក់គ្រឿងស្រវឹង បានជ្រើសរើសដាក់លក់ទំនិញ នៅតាមប្រព័ន្ធអនឡាញ ដែលវាជាការលំបាកមួយ ក្នុងការគ្រប់គ្រង ម៉ោង ពេលវេលានៃការលក់ ទីតាំង និងអតិថិជនគោលដៅ ដូចដែលធ្លាប់បានកំណត់ នៅក្នុងច្បាប់ត្រួតពិនិត្យភេសជ្ជៈមានជាតិអាល់កុល។
នាយករដ្ឋមន្រ្តីថៃ សម្រេចទទួលយកការប្រឹក្សាយោបល់អំពីបញ្ហាខាងដើមនេះ ពីគណៈកម្មាធិការគោលនយោបាលភេសជ្ជៈជាតិថៃ ដោយបានប្រកាសថា ការលក់ ឬសកម្មភាពផ្សេងៗដែលទាក់ទងនឹងការលក់ ភេសជ្ជៈមានជាតិអាល់កុល តាមប្រព័ន្ធអនឡាញ ត្រូវបានហាមឃាត់ជាដាច់ខាត។
ការហាមឃាត់នេះ គឺរាប់បញ្ចូលទាំងការលក់ ការទាក់ទាញចំណាប់អារម្មណ៍ ឬការណែនាំផលិតផល ឬសេវាកម្មតាមប្រព័ន្ធអនឡាញ ដែលអ្នកលក់ និងអ្នកទិញ អាចសម្រេចការទិញលក់ ដោយមិនជួបគ្នាផ្ទាល់។
យ៉ាងណាក៏ដោយ សេចក្តីប្រកាស ពុំបានហាមឃាត់ទៅលើ ការលក់ និងបង់ប្រាក់ តាមប្រព័ន្ធបច្ចេកវិទ្យានៅតាមហាង ភោជនីយដ្ឋាន ឬគ្រឹះស្ថានដែលមានលក់គ្រឿងស្រវឹងនោះទេ។
គួរជម្រាបដែរថា សេចក្តីប្រកាសនេះ នឹងចាប់ផ្តើមអនុវត្តក្នុងរយៈពេល ៩០ថ្ងៃ បន្ទាប់ពីបានប្រកាសនៅក្នុង រាជកិច្ចហើយ ហើយការពិន័យអាចចាប់ផ្តើមពីជាង ៣០០ដុល្លារអាមេរិក និងអាចជាប់ទោសក្នុងពន្ធនាគាររហូតដល់ទៅ ៦ខែ៕