ការសម្រេចចិត្តដោយគណៈកម្មការមូលបត្រថៃក្នុងការហាមប្រាមកាក់ Bitcoin និងរូបិយវត្ថុឌីជីថលដទៃទៀតសម្រាប់ការទូទាត់នេះ នឹងមិនអនុញ្ញាតអ្នកប្រើប្រាស់ទិញទំនិញ ឬ ប្រើសេវាកម្មដោយប្រើរូបិយប័ណ្ណឌីជីថលដូចជាកាក់ Bitcoin ដើម្បីទូទាត់នោះឡើយ ខណៈប្រតិបត្តិករទូទាត់រូបិយប័ណ្ណគ្រីបតូនឹងត្រូវបានផ្តល់រយៈពេលអនុគ្រោះរហូតដល់ចុងខែមេសា ដើម្បីបញ្ឈប់សេវាកម្មរបស់ខ្លួន។ ក៏ប៉ុន្តែ ការជួញដូររូបិយប័ណ្ណគ្រីបតូសម្រាប់គោលបំណងវិនិយោគនឹងត្រូវបានអនុញ្ញាតឱ្យបន្ត ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់និយ័តករ និងច្បាប់របស់ថៃ។
គួរកត់សម្គាល់ថា រូបិយបណ្ណគ្រីបតូ ហាក់កំពុងមាននិន្នាការប្រើប្រាស់ខ្លាំងនៅក្នុងប្រទេសថៃ ហើយការប្រើប្រាស់ គឺ កំពុងរីករាលដាលក្នុងការទូទាត់ទូទំនិញ និង ការជួញដូផ្សេងៗ ខណៈមានហាងទំនិញខ្លះបានទទួលយកការទូទាត់តាមរូបិយបណ្ណគ្រីបតូទាំងនេះ។
ក្នុងនោះ ក្រុមហ៊ុន The Mall Group ដែលជាក្រុមហ៊ុនលក់រាយដ៏ធំរបស់ថៃ គឺបានចាប់ផ្តើមដំឡើងឧបករណ៍ទូទាត់រូបិយបណ្ណគ្រីបតូនៅមជ្ឈមណ្ឌលផ្សារទំនើបរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន ខណៈក្រុមហ៊ុនអចលនទ្រព្យមួយ ត្រូវបានគេស្គាល់ថាជាផ្នែកមួយនៃក្រុមហ៊ុនយក្សរបស់ថៃ CP ក៏បានដាក់លក់ផ្ទះ ដោយអនុញ្ញាតឲ្យមានការទូទាត់តាមរូបិយវត្ថុឌីជីថលដែរ។
និន្នាការប្រើប្រាស់រូបិយវត្ថុគ្រីបតូសម្រាប់ការទូទាត់មាននិន្នាការកើនឡើងខ្លាំងបែបនេះហើយ ទើបអាជ្ញាធរថៃសម្រេចដាក់ច្បាប់ហាមប្រាមការទូទាត់តាមរូបិយវត្ថុគ្រីបតូនេះ។
គណៈកម្មការមូលបត្រថៃ បានអះអាងថា ការសម្រេចចិត្តគ្រប់គ្រងការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ បន្ទាប់ពីបានពិភាក្សាអំពី ហានិភ័យ និងអត្ថប្រយោជន៍ ជាមួយធនាគារកណ្តាលថៃ ដោយសារហានិភ័យដែលបានមើលឃើញរួមមានការខាតបង់ពីការប្រែប្រួលតម្លៃ ការលួចតាមអ៊ីនធឺណិត និងការលាងលុយកខ្វក់។
គួរជម្រាបថា នៅក្នុងប្រទេសថៃ មនុស្សប្រមាណ ៣១% ជាម្ចាស់ទ្រព្យសកម្មរូបិយប័ណ្ណគ្រីបតូ នេះបើយោងតាមការស្ទង់មតិដោយក្រុមហ៊ុនស៊ើបការណ៍ទីផ្សារអាល្លឺម៉ង់ Statista ។ ភាគហ៊ុនរូបិយប័ណ្ណគ្រីបតូនៅក្នុងប្រទេសថៃ គឺ ធំជាងគេទីពីរក្នុងចំណោម ៥៦ ប្រទេសបន្ទាប់ ពីប្រទេសនីហ្សេរីយ៉ា៕
អត្ថបទ៖ វ៉ាន់ ស្រីរ័ត្ន