អ្នកនាំចូលនីមួយៗ ត្រូវបានឲ្យដំណើរការការនាំចូល ក្រោមច្បាប់ដែលមានស្រាប់បច្ចុប្បន្ន មានសុពលភាពនៅត្រឹមថ្ងៃទី ៩ ធ្នូប៉ុណ្ណោះ ហើយចំពោះការល្មើសនាំចូលបន្ទាប់ពីថ្ងៃទី ១០ ខែធ្នូទៅ អគ្គនាយកដ្ឋានគយ នឹងមានសិទ្ធិ ដកហូត ឬកម្ទេចចោលយានយន្ដខុសច្បាប់ទាំងនោះ។
លោក អាឌុល ជុតទីនី សាខន អគ្គនាយកនាយកដ្ឋានពាណិជ្ជកម្មបរទេសបាននិយាយក្នុងសារព័ត៌មានបាងកកប៉ុស្ដិ៍ថា ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីប្រកាសផ្លូវការរួចហើយ បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តវិធានការនេះ កាលពីថ្ងៃទី ៧ ឧសភា កន្លងទៅ។
លោក អាឌុល បញ្ជាក់ថា «ច្បាប់ថ្មីនេះ មានគោលបំណងគ្រប់គ្រងការបំភាយឧស្ម័នពុល ពីយានយន្ដ និងសម្រាប់សុវត្ថិភាពដងផ្លូវ។ »
បទប្បញ្ញាតិដែលមានស្រាប់នាពេលបច្ចុប្បន្នរបស់ថៃ ហាក់នៅមានចន្លោះប្រហោង សម្រាប់ការរត់ពន្ធនាំចូលយានយន្ដខុសច្បាប់។ ឧទាហរណ៍ អ្នកនាំចូលខ្លះ បានប្រកាសថា ខ្លួនបាននាំចូលរថយន្ដជជុះទាំងមូល តែបន្លំថាជាការនាំចូលបំណែកនៃរថយន្ដ ដើម្បីគេចវេះពីការបង់ពន្ធគយក្នុងចំនួនច្រើន។
បច្ចុប្បន្ន សម្រាប់រថយន្ដ នាំចូលត្រូវបានកំណត់យកពន្ធ៨០% ខណៈដែលបំណែកនៃរថយន្ដ និងគ្រឿងបន្លាស់ គឺកំណត់យកពន្ធ តែ ៣០%ប៉ុណ្ណោះ។
របាយការណ៍ពីអគ្គនាយកដ្ឋានគយថៃ បានឲ្យដឹងថា រថយន្ដជជុះសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ត្រូវបាននាំចូលសរុបចំនួន ១០០ ឯកតា កាលពីឆ្នាំ ២០១៨ ប៉ុន្ដែ ធាតុពិត មានករណីរត់ពន្ធខុសច្បាប់នាំចូលរថយន្ដជជុះនេះ រហូតដល់ ១ពាន់ករណី ហើយមាន ៩៥% នៃរថយន្ដទាំងនោះ គឺជាប្រភេទរថយន្ដប្រណីតៗ។
ទោះយ៉ាងណា ច្បាប់ថ្មីនេះ ក៏មានការលើកលែង ចំពោះការនាំចូលរថយន្ដសម្រាប់គោលបំណងពិសេស ដូចជាសម្រាប់ការប្រើប្រាស់របស់រាជរដ្ឋាភិបាល ស្ថានទូត ការងារសប្បុរសធម៌សាធារណៈ ការដំឡើងនិងនាំចេញឡើងវិញ និងការតាំងពិព័រណ៍ជាដើម។ បន្ថែមពីនេះ យានយន្ដជជុះផ្សេងទៀត ដូចជា ត្រាក់ទ័រ ឡានសង្គ្រោះបន្ទាន់ និងឡានពន្លត់អគ្គីភ័យជាដើម ក៏ត្រូវបានអនុញ្ញាតឲ្យនាំចូលផងដែរ ប៉ុន្ដែ ត្រូវមានការស្នើសុំការអនុញ្ញាតពីក្រសួងពាក់ព័ន្ធជាមុនសិន៕