ក្រោមកម្មវិធីពិសេសសម្រាប់ជួយដល់អ្នកចំណូលក្រោមមធ្យមនេះ ប្រជាពលរដ្ឋជាច្រើនអាចទទួលបានកម្ចីឥណទានសម្រាប់ទិញផ្ទះដែលមានតម្លៃក្រោម១លានបាត ឬស្មើនឹងប្រមាណ ៣ម៉ឺនដុល្លារអាមេរិក។
បើតាមផែនការ រដ្ឋាភិបាលថៃ នឹងអនុវត្តគម្រោងកម្ចីឥណទានផ្ទះសម្បែងនេះ សម្រាប់ចំនួនលំនៅដ្ឋាន១លានខ្នងឯណោះ។
នៅពេលដែលពួកគេបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងត្រូវបានសម្រេចផ្ដល់សិទ្ធិពីរដ្ឋរួចហើយ នោះពួកគេនឹងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ដែលអាចសងត្រឡប់ក្នុងរយៈពេលរហូតដល់ជាង ៤០ឆ្នាំ។ តួយ៉ាងអ្នកដែលរកប្រាក់ចំណូលបានតិចជាង ២៥.០០០បាត ឬស្មើនឹងជាង ៧៦០ ដុល្លារអាមេរិក ក្នុងមួយខែ នឹងទទួលបានការផ្ដល់ជូននូវអត្រាការប្រាក់ថេរ ៣% រហូតដល់រយៈពេល៥ឆ្នាំដំបូង ខណៈដែលអ្នកដែលមានចំណូលលើសពី ជាង ៧៦០ ដុល្លារឡើងទៅ នឹងទទួលបានអត្រាការប្រាក់៣% ដូចគ្នា ក្នុងរយៈពេល៣ឆ្នាំដំបូង។
ក្នុងជំហានដំបូងនៃការអនុវត្តផែនការផ្ដល់កម្ចីនេះ គេសង្កេតឃើញថា អ្នកមកដាក់ពាក្យស្នើសុំ គឺមានច្រើនលើសការកំណត់ ហើយរាជរដ្ឋាភិបាលថៃ ក៏បានបន្ថែមថវិកា លើសកញ្ចប់ថវិកាដែលបានកំណត់ដូចគ្នាដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ។
ជាក់ស្ដែង គិតត្រឹមថ្ងៃអាទិត្យ ទី២៣ ធ្នូកន្លងទៅនេះ ទំហំឥណទានដែលបានផ្ដល់ជូនពលរដ្ឋ បានកើនឡើងដល់ ១៣០ពាន់លានបាត ឬស្មើនឹងប្រមាណ ៤ពាន់លានដុល្លារអាមេរិក ខណៈដែលកញ្ចប់ថវិកា ដែលបាន ដាក់ចេញមានតែប្រមាណ ជាង ១.៥០០ លានដុល្លារអាមេរិកប៉ុណ្ណោះ។ ដូច្នេះ រដ្ឋ ត្រូវការបន្ថែមថវិកាលើសផែនការ ដែលបានកំណត់។
ទោះយ៉ាងណា ធនាគារលំនៅដ្ឋានរបស់រដ្ឋ (GHB) នឹងប្រកាសនៅពេលក្រោយទៀត អំពីការពង្រីកកញ្ចប់ថវិកាបន្ថែម ដើម្បីជួយដល់អ្នកចំណូលក្រោមមធ្យមអាចទិញផ្ទះបាន បន្ទាប់ពីកញ្ចប់ថវិកាដំបូងសម្រាប់ការផ្ដល់កម្ចី ដែលបានប្រកាសក្នុងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ត្រូវបានពលរដ្ឋកក់ទុករួចរាល់អស់ហើយ។
យ៉ាងណាក៏ដោយចុះ បើតាម នាយកប្រតិបត្តិធនាគារលំនៅដ្ឋានរដ្ឋាភិបាល (GHB) លោក ឆាតឆៃ ស៊ីរីឡៃ បានឲ្យដឹងថា ការពង្រីកកញ្ចប់ថវិកាឥណទានបន្ថែមនេះ ត្រូវការរង់ចាំការអនុម័តពីគណៈរដ្ឋមន្ត្រីជាមុនសិន៕