
តាមប្រភពព័ត៌មាន ក្នុងស្រុកថៃ បានឲ្យដឹងថា កិច្ចព្រមព្រៀងទិញអគ្គិសនីថ្មីនេះ គឺនឹងជំនួសកិច្ចព្រមព្រៀងចាស់ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០០១ និង២០០៦ ដែលនឹងត្រូវផុតសុពលភាពនៅខែនេះ។
ត្រូវបានស្រង់សម្ដីដោយកាសែតក្នុងស្រុកថៃ លោក ស៊ីរី ជីរ៉ាពុង រដ្ឋមន្ត្រីក្រសួងថាមពលថៃ បានលើកឡើងថា កិច្ចព្រមព្រៀងនេះ ឆ្លុះបង្ហាញឲ្យឃើញពីកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មផ្នែកថាមពលទៅវិញទៅមករវាងប្រទេសទាំងពីរ។ លោកបន្ថែមថា ប្រទេសថៃ នឹងទិញអគ្គិសនីពីប្រទេសឡាវកើនដល់ ៦ពាន់មេហ្គាវ៉ាត់ម៉ោង និងអាចឈានទៅពង្រីកបន្ថែមដល់ ៩ពាន់មេហ្គាវ៉ាត់ម៉ោងនាពេលខាងមុខ។
បើតាមរដ្ឋមន្ត្រីក្រសួងថាមពលថៃ បានគូសបញ្ជាក់ទៀតថា ប្រទេស ថៃ និងឡាវ មានកិច្ចសហប្រតិបត្តិការលើវិស័យថាមពលនេះ អស់រយៈពេល៥០ឆ្នាំមកហើយ ហើយការចុះកិច្ចព្រមព្រៀងនេះទិញអគ្គិសនីពីប្រទេសឡាវនេះ ក៏មិនមែនជារឿងថ្មីនោះដែរ៕