តាមរយៈរបាយការរបស់ខ្លួន ក្រុមហ៊ុន គៀតណាគិន ផាត្រា (Kiatnakin Phatra) Financial Group ដែលជាក្រុមហ៊ុនស្រាវជ្រាវមួយបានបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការចុះខ្សោយនៃវិស័យផលិតកម្មរបស់ប្រទេសថៃ ក្រោយចំនួនរោងចក្របិទដំណើរការមានការកើនឡើង។ សន្ទស្សន៍ផលិតកម្មរបស់ប្រទេសថៃបានធ្លាក់ចុះគួរឲ្យកត់សម្គាល់នៅ១៥ខែចុងក្រោយ ពោលគឺរវាងខែធ្នូ ឆ្នាំ២០២២ ដល់ខែមីនា ឆ្នាំ២០២៤។ កត្តាដែលជំរុញឱ្យរោងចក្រទាំងនោះបិទទ្វារដំណើរការ គឺដោយសារការធ្លាក់ចុះកំណើនពាណិជ្ជកម្មសកល គួបផ្សំតម្រូវការប្រើប្រាស់នៅតាមបណ្តាប្រទេសធំៗមួយចំនួនមានការធ្លាក់ចុះ។
ចំនួនរោងចក្រនៅប្រទេសថៃ ដែលបានបិទទ្វារ បានកើនឡើងជាបន្តបន្ទាប់ ជាពិសេសចាប់តាំងពីឆមាសទី២នៃឆ្នាំ២០២៣មក។ ស្ថិតិបានបង្ហាញថា នៅឆ្នាំ២០២១ ចំនួនរោងចក្រដែលបានបិទទ្វារក្នុង១ខែមានជាមធម្យ៥៧រោងចក្រ ហើយនៅឆ្នាំ២០២២ កើនដល់៨៣រោងចក្រ និងបានកើនឡើងដល់១៥៩រោងចក្រក្នុង១ខែនៅក្នុងឆមាសទីពីរនៃឆ្នាំ២០២៣។
បើតាមរបាយការណ៍ដដែលនេះ គិតចាប់ពីឆ្នាំ២០២៣ រហូតដល់ត្រីមាសទី១ឆ្នាំ២០២៤ រោងចក្រនៅថៃ ប្រមាណ១ពាន់៧រយកន្លែងត្រូវបានបិទទ្វារ ដែលបានធ្វើឱ្យប៉ះពាល់ដល់កម្មករប្រហែល៤ម៉ឺន២ពាន់នាក់។
ចំនួនរោងចក្របិទដំណើរការនៅថៃ មានចំនួនច្រើនជាងរោងចក្រដែលបានបើកដំណើរការថ្មីទៅទៀត ពោលគឺនៅក្នុងអំឡុងពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ថៃទទួលបានរោងចក្របើកថ្មីប្រមាណ១៥០រោងចក្រក្នុង១ខែ ប៉ុន្តែចាប់ពីខែកក្កដា ឆ្នាំ២០២៣ ដល់ខែមករា ឆ្នាំ ២០២៤ ចំនួនរោងចក្របើកថ្មីជាមធ្យមបានធ្លាក់ចុះមកនៅត្រឹម៥០រោងចក្រប៉ុណ្ណោះក្នុង១ខែ។
ក្រុមហ៊ុនសា្រវជ្រាវខាងលើបានអះអាងថា រោងចក្រដែលបិទទ្វារភាគច្រើនជារោងចក្រធំៗ ខណៈរោងចក្រដែលបានបើកដំណើរការថ្មីភាគច្រើនជារោងចក្រតូចៗ ដែលនិន្នាការនេះបានបង្ហាញពីបញ្ហាប្រឈមដែលកំពុងកើតឡើងក្នុងវិស័យផលិតកម្មរបស់ប្រទេសនេះ៕
ដោយៈ សរ សុជាតិ