ការិយាល័យប្រឆាំងការលាងលុយកខ្វក់ (AMLO) របស់ថៃ បានឱ្យដឹងថា គណៈកម្មាធិការប្រតិបត្តិការរបស់ខ្លួនបានសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់មេខ្លោងឧក្រិដ្ឋឆបោកតាមអនឡាញ ចេន ហ្ស៊ី បន្ថែមចំនួន៤៣១មុខ រួមមាន សាច់ប្រាក់ គ្រឿងអលង្ការមាស អគារ ដីធ្លី និងទ្រព្យសម្បត្តិឌីជីថលមានតម្លៃប្រមាណ៣,៥លានដុល្លារអាម៉េរិក។ ការរឹបអូសថ្មីនេះ ធ្វើឡើងបន្ទាប់ពី AMLO ធ្លាប់បានបង្កកទ្រព្យសម្បត្តិមួយចំណែករួចមកហើយមានតម្លៃប្រមាណជិត១១លានដុល្លារ ដែលបច្ចុប្បន្នកំពុងស្ថិតក្រោមការពិចារណារបស់តុលាការរដ្ឋប្បវេណីថៃ។ សរុបមកទ្រព្យសម្បត្តិរបស់លោក ចេន ហ្ស៊ី ដែលត្រូវអាជ្ញាធរថៃ រឹបអូសបានមានតម្លៃប្រមាណ១៤លានដុល្លារអាម៉េរិក។
ស្ថិតក្នុងវ័យ៣៨ឆ្នាំ លោក ចេន ហ្ស៊ី គឺជាស្ថាបនិកក្រុមហ៊ុនសម្ព័ន្ធ Prince Group ដែលមានប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសលើសពី៣០ប្រទេស។ ទោះជាយ៉ាងណា អាជ្ញាធរអន្តរជាតិ រួមទាំងចិន និងសហរដ្ឋអាម៉េរិក បានបើកការស៊ើបអង្កេត និងរកឃើញថា អាណាចក្រជំនួញនេះគ្រាន់តែជាសំបកក្រៅបិទបាំងបណ្តាញឆបោកតាមអនឡាញ និងលាងលុយកខ្វក់ឆ្លងដែនតែប៉ុណ្ណោះ។
ដោយសាររងការចោទប្រកាន់ពីបទដឹកនាំអង្គការឧក្រិដ្ឋកម្ម និងការបោកប្រាស់ទ្រង់ទ្រាយធំ លោក ចេន ហ្ស៊ី ត្រូវបានធ្វើបត្យាប័នពីកម្ពុជា ទៅកាន់ប្រទេសចិន កាលពីខែមករា កន្លងទៅ។ មិនត្រឹមតែថៃ នោះទេ បណ្តាប្រទេសជាច្រើនក៏បានបើកប្រតិបត្តិការរឹបអូសទ្រព្យសម្បត្តិមហាសេដ្ឋីរូបនេះផងដែរ ក្នុងនោះរួមមានទ្រព្យសម្បត្តិ និងអចលនទ្រព្យតម្លៃរហូតដល់ជាង១ពាន់លានដុល្លារនៅក្នុងដែនដីហុងកុង។
កាន់តែធ្ងន់ធ្ងរជាងនេះ កាលពីចុងខែកក្កដា ព្រះរាជអាជ្ញាចិន បានបន្ថែមបទចោទប្រកាន់ថ្មីមួយទៀត គឺការបង្ករបួសស្នាមដោយចេតនាលើមេខ្លោងឧក្រិដ្ឋកម្មឆបោកតាមអនឡាញរូបនេះផងដែរ។ យោងតាមច្បាប់ព្រហ្មទណ្ឌរបស់ចិន អំពើបង្ករបួសស្នាមដោយចេតនាបណ្តាលឱ្យស្លាប់ ឬពិការធ្ងន់ធ្ងរដោយវិធីឃោរឃៅអាចប្រឈមមុខនឹងទោសជាប់ពន្ធនាគារយ៉ាងតិច១០ឆ្នាំ ឬអាចឈានដល់ទោសប្រហារជីវិត ខណៈកាលបរិច្ឆេទនៃការឡើងសវនាការផ្លូវការនៅតែមិនទាន់ត្រូវបានទម្លាយនៅឡើយ៕
អត្ថបទៈ សួន ឡង់ទី