ប្រទេសវៀតណាម បានប្រកាសបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀតហើយ តាមរយៈផែនការជាតិ ដ៏មានមហិច្ឆតាមួយក្នុងការផ្តល់ការបណ្តុះបណ្តាលបច្ចេកវិទ្យា AI កម្រិតមូលដ្ឋាន ការបង្កើនសមត្ថភាព និងវគ្គបំប៉នជំនាញដល់កម្លាំងពលកម្មឱ្យបានយ៉ាងហោចណាស់១០លាននាក់ក្នុងរយៈពេល៤ឆ្នាំខាងមុខ។ តាមរយៈយុទ្ធសាស្ត្រនេះ ត្រឹមឆ្នាំ២០៣០ វៀតណាម រំពឹងថា ៨០% នៃសិស្សវិទ្យាល័យ និង៨០% នៃនិស្សិតអប់រំវិជ្ជាជីវៈ និងសាកលវិទ្យាល័យទាំងអស់នឹងទទួលបានការបណ្តុះបណ្តាល និងចំណេះដឹង AI ស្របតាមកម្រិតសិក្សារបស់ពួកគេ។
បច្ចេកវិទ្យា AI នឹងត្រូវបញ្រ្ជាបចូលទៅក្នុងប្រព័ន្ធអប់រំជាតិ គ្រប់កម្រិត ខណៈសាកលវិទ្យាល័យនានាតម្រូវឱ្យរៀបចំលិខិតបទដ្ឋានគតិយុត្តផ្លូវការ ដើម្បីគ្រប់គ្រង និងទាញយកប្រយោជន៍ពី AI ក្នុងការបង្រៀន ការស្រាវជ្រាវ និងការវាយតម្លៃ។ ដើម្បីទ្រទ្រង់ដល់ការផ្លាស់ប្តូររចនាសម្ព័ន្ធអប់រំដ៏ធំនេះ រដ្ឋាភិបាលវៀតណាមមានបំណងបណ្តុះបណ្តាលគ្រូបង្រៀន សាស្ត្រាចារ្យ និងអ្នកគ្រប់គ្រងការអប់រំចំនួន១០ម៉ឺននាក់ឱ្យមានជំនាញ AI កម្រិតខ្ពស់, បណ្តុះបណ្តាលនិស្សិតបញ្ចប់ការសិក្សាចំនួន៥ម៉ឺននាក់ឱ្យមានសមត្ថភាពយក AI ទៅអនុវត្តផ្ទាល់ក្នុងឧស្សាហកម្មស្នូលរបស់ជាតិ និងបង្កើតក្រុមអ្នកជំនាញជាន់ខ្ពស់ វិស្វករ និងអ្នកស្រាវជ្រាវ AI យ៉ាងហោចណាស់១ម៉ឺននាក់ ដើម្បីដឹកនាំការច្នៃប្រឌិត។
មកទល់ពេលនេះ វៀតណាម មិនបានចាត់ទុក AI ត្រឹមជាឧបករណ៍បច្ចេកវិទ្យាសាមញ្ញនោះឡើយ ប៉ុន្តែជា ចលករយុទ្ធសាស្ត្រក្នុងការដំឡើងផលិតភាពពលរដ្ឋ បង្កើនភាពប្រកួតប្រជែង នៃផ្នែកឧស្សាហកម្ម និងទាក់ទាញលំហូរវិនិយោគអន្តរជាតិលើមជ្ឈមណ្ឌលទិន្នន័យ និងបច្ចេកវិទ្យាកម្រិតខ្ពស់។ នេះជាជំហានដ៏សំខាន់របស់វៀតណាមក្នុងការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ចពីការពឹងផ្អែកលើកម្លាំងពលកម្មមានតម្លៃថោកទៅជាសេដ្ឋកិច្ចពឹងផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងជំនាញខ្ពស់៕
ដោយៈ សរ សុជាតិ