យោងតាមរបាយការណ៍សិក្សាមួយ ដែលមានឈ្មោះថា e-Conomy Southeast-Asia 2019 បានរកឃើញថា សេដ្ឋកិច្ចឌីជីថលនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានកើនដល់ ១០០ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ដោយមានប្រជាជនជាង ៣៦០លាននាក់ ភ្ជាប់ទំនាក់ទំនងជាមួយ ហើយតាមព្យាករណ៍ទំហំសេដ្ឋកិច្ចនេះ នឹងកើនដល់ ៣០០ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៥។
ការកក់សំបុត្រហោះហើរ សណ្ឋាគារ និងកន្លែងសម្រាកកម្សាន្តនានា តាមប្រព័ន្ធអនឡាញ គឺជាចំណែកធំជាងគេនៅលើ សេដ្ឋកិច្ចឌីជីថលរបស់ថៃ ដែលមានទំហំរហូតដល់ទៅ ៧ពាន់ ២រយលានដុល្លារអាមេរិក។
ដោយឡែក ការធ្វើពាណិជ្ជកម្មអនឡាញ ក៏បង្ហាញពីកំណើនរឹងមាំរហូតដល់ទៅ ៥ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៩នេះ ហើយរំពឹងនឹងកើនដល់ ១៨ពាន់លានដុល្លារអាមេរិក ត្រឹមឆ្នាំ ២០២៥។
ទាក់ទងទៅនឹងវិស័យសេដ្ឋកិច្ច និងបច្ចេកវិទ្យានេះ ឯកឧត្តម ប្រាយុទ្ធ ចាន់ អ៊ូចា នាយករដ្ឋមន្រ្តីថៃ មានប្រសាសន៍ដែរថា រាជរដ្ឋាភិបាលថៃ នឹងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីប្រមូលទិន្នន័យសំខាន់ៗ ងាយស្រួលក្នុងការរៀបចំផែនការថវិកាជាតិ ឲ្យត្រូវចំចំណុចដែលមានបញ្ហា និងដោះស្រាយដោយមានប្រសិទ្ធភាពបំផុត។
គួរបញ្ជាក់ថា រយៈពេលជាង ៥ឆ្នាំ ចុងក្រោយនេះ រាជរដ្ឋាភិបាលថៃ បានជំរុញឲ្យមានការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗ នៅក្នុងប្រព័ន្ធការងារ ដើម្បីឆ្លើយតបទៅនឹង ភាពរីកចម្រើននៃបច្ចេកវិទ្យាសកល ដែលជាលទ្ធផល បានធ្វើឲ្យ ប្រទេសថៃ ទទួលបានចំណាត់ថ្នាក់ល្អ ក្នុងរបាយការណ៍ស្តីពីភាពងាយស្រួលធ្វើអាជីវកម្ម ឆ្នាំ ២០២០ របស់ ធនាគារពិភពលោក ដោយថៃ ឡើងពីលេខ ២៧ មកដល់លេខ ២១ ប្រសើរជាងមុន៕