លោកឈូកៀត អូផាសាវុង (Chookiat Ophaswongse) ដែលជាប្រធានក្រុមប្រឹក្សាភិបាលកិត្ដិយសនៃសមាគមអ្នកនាំចេញអង្ករថៃអះអាងថា ការនាំចេញអង្កររបស់ថៃឈានដល់ ១លាន៥សែនតោនក្នុងរយៈពេលពីរខែដំបូងក្នុងឆ្នាំនេះ ធៀបនឹងការនាំចេញក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ គឺមាន ៩ សែន តោនប៉ុណ្ណោះ។ លោកបានបន្តថា ប្រសិនបើប្រទេសថៃអាចនាំចេញជាមធ្យម ៧០ ម៉ឺនតោនក្នុងមួយខែ នោះទំហំនាំចេញសរុបទំនងជាមានយ៉ាងហោចណាស់ ៨ លានតោននៅឆ្នាំនេះ។ យ៉ាងណាមិញ តម្លៃនៃការនាំចេញត្រូវបានប៉ាន់ប្រមាណថានឹងមានជិត៤ពាន់លានដុល្លារ ខណៈតម្លៃអង្ករថៃឥឡូវនេះ គឺជិតស្មើនឹងតម្លៃអង្ករវៀតណាមដែរហើយ។ លោក បានថ្លែងថា តម្លៃនាំចេញអង្កររបស់ថៃឥឡូវមានការប្រកួតប្រជែង ខណៈប្រាក់បាតធ្លាក់ចុះ មួយផ្នែកដោយសារតែសង្គ្រាមរុស្ស៊ីលើអ៊ុយក្រែនដែលកំពុងបន្តផងដែរ។
គួរកត់សម្គាល់ថា តម្លៃអង្ករសថៃមានការឡើងថ្លៃ ៥% ដែលបានកើនឡើង ២០ ដុល្លារបន្ថែមទៀតក្នុងតម្លៃអង្ក ១ តោន។ បើតាមការកត់ត្រានៅដើមខែនេះតម្លៃអង្កថៃមានតម្លៃ ៤២០ ដុល្លារអាមេរិក ក្នុង ១ តោន ដែលជាតម្លៃ ដូចអង្ករវៀតណាមដែរ។
អ្នកជំនាញស្រូវអង្ករថៃ បានអះអាងថា នៅពេលណាដែលអង្ករថៃមានតម្លៃស្មើនឹងអង្ករវៀតណាម អ្នកនាំចូលក្នុងប្រទេសអាស៊ី ដូចជាហ្វីលីពីន ម៉ាឡេស៊ី និងចិន នឹងងាកមកទិញអង្ករថៃកាន់តែច្រើនឡើង។ សំខាន់ជាងនេះទៅទៀត ទីផ្សារនាំចេញនៅមជ្ឈិមបូព៌ា ដូចជាអ៊ីរ៉ាក់ អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត ក៏បានត្រលប់មកចាប់ដៃគូរសហប្រតិបត្តិការជាមួយថៃវិញនៅក្នុងឆ្នាំនេះផងដែរ។ ក្នុងនោះ ដោយសារការផ្ទុះឡើងនៃជំងឺ កូវីដ ១៩ នៅហុងកុង និងសិង្ហបុរី ក៏ដូចជាការបិទទីក្រុង ស៊ិនជិន ប្រទេសចិន អ្នកប្រើប្រាស់កំពុងទិញអង្ករថៃកាន់តែច្រើននៅក្នុងផ្សារទំនើបដើម្បីស្តុកទុក។
គួរជម្រាបថា សង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែន បានជះឥទ្ធិពលដល់តម្លៃអង្ករថៃឲ្យឡើងថ្លៃបន្ថែម ដោយសារតម្លៃស្រូវសាលី និងពោតឡើងថ្លៃ។ សមាគមអ្នកនាំចេញអង្ករថៃ រំពឹងថា តម្លៃអង្ករថៃនឹងកើនឡើង ៥ ភាគរយ ឬ ២០ ដុល្លារក្នុងមួយតោនបន្ថែមទៀត នៅត្រីមាសទីពីរឆ្នាំនេះ។
ទោះបីជាយ៉ាងនេះក្តី ការកើនឡើងដែលត្រូវបានព្យាករណ៍ គឺតិចតួច ដោយសារតែមានស្តុកខ្ពស់ក្នុងប្រទេសឥណ្ឌា ខណៈដែលផលិតកម្មស្រូវត្រូវបានគេរំពឹងថា នឹងកើនឡើងនៅឆ្នាំនេះ ទាំងនៅក្នុងប្រទេសវៀតណាម និងប្រទេសថៃ។
យ៉ាងណាមិញ នៅរដូវប្រមូលផលស្រូវឆ្នាំ២០២១-២០២២នេះ ថៃរំពឹងថា នឹងអាចប្រមូលផលស្រូវបានដល់ជាង៣០លានតោន៕
អត្ថបទ វ៉ាន់ ស្រីរ័ត្ន