ការនាំចេញ

ថៃរំពឹងការនាំចេញគ្រឿងសំណង់ទៅមីយ៉ាន់ម៉ាកើនឡើងខ្ពស់ និងកំពុងយកចិត្តភ្ញៀវទេសចរក្រោយរងការរញ្ជួយដី


ក្រសួងពាណិជ្ជកម្មថៃរំពឹងថា ការនាំចេញគ្រឿងសំណង់ និងសម្ភារៈប្រើប្រាស់ផ្សេងៗទៅកាន់ប្រទេសមីយ៉ាន់ម៉ា នឹងមានការកើនឡើងខ្ពស់ បន្ទាប់ពីប្រទេស ដែលកំពុងហ៊ុមព័ទ្ធដោយសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃនេះបានរងការវាយប្រហារដោយគ្រោះរញ្ជូយដីកម្រិត៧,៧រ៉ិចទ័រដ៏ធ្ងន់ធ្ងរ។ ជាមួយគ្នានេះថៃ ដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីដែរនោះ កំពុងលួងចិត្តភ្ញៀវទេសចរអន្តរជាតិ ស្របពេលពិធីសង្ក្រាន្តឆ្នាំថ្មីកាន់តែខិតជិតចូលមកដល់។
ការនាំចេញ
ដោយ

ក្រសួងពាណិជ្ជកម្មថៃបានវាយតម្លៃថា គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅប្រទេសមីយ៉ាន់ម៉ា ដែលបណ្តាលឱ្យមានការបាក់រលំអគារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនកាលថ្ងៃសុក្រ សប្តាហ៍មុននេះ នឹងជួយជំរុញកំណើននាំចូលសម្ភារៈប្រើប្រាស់ ជាពិសេសសម្ភារៈសំណង់របស់ថៃទៅកាន់ប្រទេសនេះមានការកើនឡើងខ្ពស់។

លោកស្រី អារ៉ាដា ហ្វួងថុង (Arada Fuangthong) អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មបរទេសជឿជាក់ថា ការចេញសម្ភារៈសំណង់របស់ថៃទៅកាន់ប្រទេសមីយ៉ាន់ម៉ានឹងស្ទុះឡើងខ្ពស់ចាប់ពីខែមេសា តទៅ ដោយសារប្រទេសមីយ៉ាន់ម៉ាក្រោមការដឹកនាំរបស់របបសឹកយោធា មានតម្រូវការសម្ភារៈសំណង់ដូចជាស៊ីម៉ង់ត៍ និងដែកថែបខ្ពស់សម្រាប់កសាងប្រទេស និងជួសជុលហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បន្ទាប់ពីរងការបំផ្លិចបំផ្លាញដោយសារគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ។

ទន្ទឹមនឹងនេះ លោកស្រី រំពឹងថា រដ្ឋាភិបាលមីយ៉ាន់ម៉ានឹងបន្ធូរបន្ថយតម្រូវការអាជ្ញាប័ណ្ណនាំចូល ដើម្បីពន្លឿនលំហូរទំនិញសំខាន់ៗចូលទៅកាន់ប្រទេសនេះកាន់តែមានភាពងាយស្រួល។ តាមរយៈក្តីសង្ឃឹមខាងលើ រដ្ឋាភិបាលថៃរំពឹងថា ការដោះដូរពាណិជ្ជកម្មឆ្លងព្រំដែនថៃ-មីយ៉ាន់ម៉ា នឹងមានភាពរស់រវើកឡើងវិញ ក្រោយធ្លាក់ចុះ២,៤% នៅក្នុងខែកុម្ភៈ កន្លងទៅ។

ដោយឡែកលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃកំពុងយកចិត្តភ្ញៀវទេសចរ ក្រោយប្រទេសខ្លួនរងគ្រោះដោយសារគ្រោះរញ្ជួយដី ដែលបណ្តាលឱ្យមានការបាក់រលំអគារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ស្របពេលប្រទេសក្បែរខាងកម្ពុជាគ្រោងជះលុយរហូតដល់៧លានដុល្លាររៀបចំពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ក្រៅពីដួលរលំអគារដែលកំពុងតែសាងសង់មួយកន្លែង ហេដ្ឋារចនាសម្ព័ន្ធអគារផ្សេងៗទៀតបើទោះបីជាមិនដួលរលំ ក៏ហេដ្ឋារចនាសម្ព័ន្ធនៃសំណងរងការខូចខាតដែរ។ ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្រ្តីថៃ បានបញ្ជាឲ្យអ្នកបច្ចេកទេសចុះសិក្សា ហើយអគារណាដែលមិនធានាសុវត្ថិភាព១០០%ទេនោះ នឹងត្រូវបិទបណ្តោះអាសន្តដើម្បីសិក្សាលម្អិត។

គ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ ដែលបានកើតឡើងកាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ អាចចាត់ទុកជាគ្រោះមហន្តរាយដ៏ធ្ងន់ធ្ងរនៅតំបន់អាស៊ាន ជាពិសេសសម្រាប់មីយ៉ាន់ និងថៃ ដោយសារគ្រោះធម្មជាតិនេះមិនត្រឹមតែបង្កឱ្យរលំអគារ និងខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួននោះទេ ថែមទាំងបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ និងរងរបួសជាច្រើននាក់ផងដែរ។ តែយ៉ាងណាមកទល់ពេលនេះមិនទាន់មានការវាយតម្លៃពីទំហំនៃការខូចខាតដោយសារគ្រោះរញ្ជួយដីនេះនៅឡើយទេ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


តើតម្លៃមាស អាចមានការប្រែប្រួលយ៉ាងណានៅឆ្នាំ២០២៥ នេះ និងទៅអនាគត?

ហាងឆេងមាសនៅលើទីផ្សារកម្ពុជា ក៏ជាអន្តរជាតិ មានការប្រែប្រួលឡើងចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ ជាពិសេសបន្ទាប់ពីលោក ដូណាល់ ត្រាំ ឡើ…

សមាគមពាណិជ្ជករមាសថៃព្យាករថា តម្លៃមាសនៅឆ្នាំ២០២៥ នឹងហក់ឡើងលើស៤ពាន់ដុល្លារក្នុង១តម្លឹង

ដោយសារស្ថានភាពសេដ្ឋកិច្ចពិភពលោកមិនច្បាស់លាស់ ជាពិសេសបញ្ហាកំណត់ពន្ធរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ម្តងបែបនេះម្តងបែបនោះពិបាកព្យាករ ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ