ប្រធានក្រុមប្រឹក្សាភិបាលទេសចរណ៍ថៃបានឲ្យដឹងថា ខេត្តភូកេតតែឯងប៉ុណ្ណោះ រំពឹងស្រូបទាញភ្ញៀវទេសចរប្រមាណ ២លាននាក់ ដែលភាគច្រើនជាជនជាតិចិន ខណៈដែលភ្ញៀវមួយចំនួនទៀតមកពីលោកខាងលិច។ អាជ្ញាធរថៃក៏បានប៉ាន់ស្មានដែរថា ជាមួយនឹងវិធានការកាត់បន្ថយការធ្វើចត្តាឡីស័ក និងខ្លះទៀតមានការលើកលែងតែម្តងនោះ នឹងអាចទាញចំណូលបានប្រមាណ ១០០ពាន់លានបាត ឫស្មើនឹងជាង ៣ពាន់លានដុល្លារអាមេរិកពីទេសចរបរទេសក្នុងខេត្តជាប់មាត់សមុទ្រដ៏មានសក្តានុពលមួយនេះ។
វិស័យទេសចរណ៍ថៃរួមចំណែកប្រមាណ ២០%ដល់សេដ្ឋកិច្ចប្រទេសថៃទាំងមូល ខណៈដែលក្នុងនោះចំណូលជាង ៩០% ទៅហើយ ដែលត្រូវទាញបានពីវិស័យទេសចរណ៍ក្នុងខេត្តភូកេត។
នៅមុនពេលមានកូវីដ១៩ ថៃទទួលបានភ្ញៀវជនជាតិចិនចូលមកកម្សាន្តយ៉ាងច្រើនកុះករ ដូចនេះគេរំពឹងថា ភ្ញៀវចិននឹងនៅតែឈានមុខគេក្នុងការមកកម្សាន្តក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា បច្ចុប្បន្នភូកេត កំពុងពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩របស់ខ្លួន ក្នុងគោលដៅចាក់ឲ្យបាន ៧០%នៃចំនួនប្រជាជនក្នុងខេត្តទាំងមូល មុននឹងឈានទៅទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ។
គិតមកទល់ពេលនេះ អ្នកទទួលបានវ៉ាក់សាំងមានចំនួន ១ម៉ឺន២ពាន់នាក់ហើយ នៅភូកេតខណៈដែលពលរដ្ឋជិត ៥០ម៉ឺននាក់ទៀត នឹងទទួលបានវ៉ាក់សាំងយ៉ាងយូរត្រឹមខែមិថុនាខាងមុខ៕