ថៃ-​ការនាំចេញ

ការ​នាំ​ចេញ​របស់​ថៃ​នៅ​ឆមាស​ទី២​ឆ្នាំ​នេះ នឹង​មាន​កំណើន​យឺត


ការ​នាំចេញ​ទំនិញ​របស់​ថៃ​នៅ​ឆមាស​ទី២ ឆ្នាំនេះ ត្រូវ​បាន​អ្នក​ជំនាញ​ប៉ាន់​ប្រមាណ​ថា ទំនង​ជា​នឹង​មាន​កំណើន​យឺត បន្ទាប់​ពី​ឆមាស​ទី១​ឆ្នាំ​នេះ មាន​កំណើន ១១% ខណៈ​ដែល​កាល​ពី​ឆមាស​ទី២ ឆ្នាំមុន មាន​កំណើន ១២%។ នេះ​បើ​តាម​ការ​ចុះផ្សាយ​ដោយ​កាសែត​បាងកក​ប៉ុស្ដិ៍ កាល​ពី​ពេល​ថ្មីៗ​នេះ។
ទង់ជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ
ដោយ

តាម​ការ​ព្យាករ​ចុង​ក្រោយ​របស់​សាកល​វិទ្យាល័យ​សភាពាណិជ្ជកម្ម​ថៃ UTCC បាន​ឲ្យ​ដឹង​ថា នៅពេញ​១​ឆ្នាំ ឆ្នាំ​២០១៨​នេះ ការ​នាំ​ចេញ​របស់​ថៃ ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​មាន​កំណើន​តែ​មួយ​ខ្ទង់​ប៉ុណ្ណោះ គឺ​ជាង ៨%។ អ្នក​ជំនាញ​សេដ្ឋកិច្ច​ថៃ បាន​និយាយ​ថា ការ​នាំចេញ​របស់​ថៃ នៅ​ឆមាស​ទី២ នៃ​ឆ្នាំ​នេះ ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា អាច​នឹង​សម្រេច​បាន​ជា​ទឹក​ប្រាក់ ១៣០​ពាន់​លាន​ដុល្លារ​អាមេរិក ពោល​គឺ​កើន​ឡើង​តែ​៥,៥% ប៉ុណ្ណោះ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន។

ប្រភព​ព័ត៌មាន​ដដែល បាន​ឲ្យ​ដឹង​ទៀត​ថា កំណើន​នៃ​ការ​នាំ​ចេញ​យឺត​របស់​ថៃ​នេះ ត្រូវ​បាន​គេ​សន្មត់​ថា បណ្ដាល​មក​ពី​កត្តា​មួយ​ចំនួន​ដូចជា ការ​កើន​ឡើង​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​មហា​អំណាច​ចិន និង​អាមេរិក ហើយ​ឥទ្ធិពល​នេះ អាច​នឹង​ប៉ះ​ទង្គិច​ខ្លាំង​ក្នុង​ឆមាស​ទី២ នៃ​ឆ្នាំ​២០១៨​នេះ។ បន្ថែម​ពី​នេះ ភាព​ចុះ​ខ្សោយ​នៃ​រូបិយបណ្ណ​នៃ​ប្រទេស​មួយ​ចំនួន ក៏​បាន​ទាញ​ឲ្យ​តម្លៃ​លុយ​បាត​ថៃ​ចុះ​ថោក និង​​បាត់​បង់​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ផង​ដែរ។ 

មួយ​វិញ​ទៀត តម្លៃ​ប្រេង​ឡើង​ថ្លៃ ក៏​បាន​ជំរុញ​ឲ្យ​ការ​ចំណាយ​លើ​ផលិតកម្ម​របស់​សហគ្រាស​ផលិត​ក្នុង​ស្រុក​មាន​ការ​កើន​ឡើង​ជាង​មុន គួបផ្សំ​នឹង​តម្លៃ​កសិផល​មាន​ការ​ធ្លាក់​ចុះ​ផង​ដែរ។ ទាំង​នេះ​ហើយ គឺ​ជា​ដើមចម​សំខាន់ៗ ដែល​អ្នក​ជំនាញ​សេដ្ឋកិច្ច​ថៃ​អះអាង​ថា បាន​និង​កំពុង​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ថៃ​នៅ​ឆមាស​ទី២ ឆ្នាំ​នេះ នឹង​មាន​កំណើន​យឺត។

បើតាម​ការព្យាករ​ពី​ស្ថាប័ន​ស្រាវជ្រាវ​សេដ្ឋកិច្ច​ថៃ UTCC ការ​នាំ​ចេញ​របស់​ថៃ នៅ​ពេញ​១​ឆ្នាំ ឆ្នាំ​២០១៨​នេះ រំពឹង​ថា នឹង​សម្រេច​បាន ២៥៦​ពាន់​លាន​ដុល្លារ​អាមេរិក មាន​កំណើន​កើន​ឡើង​តែ​មួយ​ខ្ទង់​ប៉ុណ្ណោះ គឺ៨%។ ការ​ព្យាករ​នេះ គឺ​ផ្អែក​លើ​កំណើន​សេដ្ឋកិច្ច​សកល មាន ៣,៥% តម្លៃ​ប្រេងឆៅ​មាន​តម្លៃ​៧០​ដុល្លារ​ក្នុង​មួយ​បារែល និង​អត្រា​ប្ដូរ​ប្រាក់​ជាមធ្យម​របស់​ថៃ ៣២​បាត ស្មើនឹង​១​ដុល្លារ​អាមេរិក។ 

ជាមួយ​គ្នា​នេះ កម្ដៅ​កើន​ឡើង​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​អាមេរិក​និង​ចិន ត្រូវ​បាន​អ្នក​ជំនាញ​គិត​ទុក​ថា នឹង​បន្ត​អូស​បន្លាយ​ពេល​យូរ​ទៀត ដែល​វា​នឹង​មាន​ឥទ្ធិពល​មក​លើ​ការ​នាំចេញ​របស់​ថៃ ថម​ថយ​ពី ០,៤% ទៅ ០,២៣% ឬ​ស្មើ​នឹង​តម្លៃ​ជា​ទឹក​ប្រាក់​ដែល​ត្រូវ​ខាត​បង់ ចន្លោះ​ពី ៣៥០​លាន​ដុល្លារ ទៅ ៦០០​លាន​ដុល្លារ​អាមេរិក និង​អាច​ធ្វើ​ឲ្យ​កំណើន GDP របស់​ថៃ​ថយ​ចុះ ពី ០,១២% ទៅ ០,២១% ផង​ដែរ៕ 




អត្ថបទបន្ទាប់


ADB គ្រោងផ្តល់កម្ចីដល់ម៉ាស៊ីនកិនស្រូវនីមួយៗក្នុងទឹកប្រាក់ជាង៣លានដុល្លារ

ធនាគារអភិវឌ្ឍន៍អាស៊ី ADB គ្រោងនឹងផ្តល់កម្ចីរហូតដល់ជាង៣លានដុល្លាទៅកាន់រោងម៉ាស៊ីននីមួយៗ ក្នុងចំណោមរោងម៉ាស៊ីនទាំង១០ ដែលលោក Ung Malar …

ការលក់ដូរតាមអនឡាញ កំពុងពេញនិយមខ្លាំងនៅកម្ពុជា

បន្ទាប់ពីបណ្តាញសង្គមហ្វេសប៊ុក ដែលជាប្រព័ន្ធទំនាក់ទនងដ៏មានប្រជាប្រិយភាពរបស់ពិភពលោក បានចូលមកដល់កម្ពុជា ការលក់ដូរតាមហ្វេសប៊ុក ក៏បានចាប់ផ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ