រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក ជូរិន បាននិយាយថា សម្រាប់ឆ្នាំ២០២២នេះ កត្តាដែលនឹងរួមចំណែកដល់ការពង្រីកពាណិជ្ជកម្មឆ្លងព្រំដែន រួមមានការបន្តការងើបឡើងវិញនៃសេដ្ឋកិច្ចតំបន់ និងសកលពីផលប៉ះពាល់នៃជំងឺកូវីដ១៩ កម្សោយនៃប្រាក់បាតដែលនឹងបង្កើនការប្រកួតប្រជែងតម្លៃផលិតផលនាំចេញ និងការប្រើប្រាស់ផ្លូវរថភ្លើងចិន-ឡាវ ដែលនឹងជួយយ៉ាងច្រើនក្នុងការដឹកជញ្ជូនផលិតផលកសិកម្មពីប្រទេសថៃទៅកាន់ទីក្រុងវៀងច័ន្ទ ប្រទេសឡាវ និងទីក្រុងឆុងឈីង ប្រទេសចិន ដែលជាទីផ្សារដ៏ធំបំផុតសម្រាប់ផលិតផលកសិកម្មថៃ។
ទន្ទឹមនេះ លោកបានបន្តទៀតថា ដើម្បីសម្រួលបន្ថែមទៀតដល់ពាណិជ្ជកម្មឆ្លងព្រំដែន ក្រសួងនឹងបន្តធ្វើការជាមួយភ្នាក់ងាររដ្ឋាភិបាល និងវិស័យឯកជន ទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីកំណត់ទីតាំងអ្នកបញ្ជាទិញ ដែលមានសក្តានុពលនៅក្នុងទីផ្សារថ្មីៗ ។
លើសពីនេះទៅទៀត នៅក្នុងឆ្នាំ២០២២ ថៃរំពឹងថា នឹងបើកច្រកព្រំដែនដែលបានបិទក្នុងអំឡុងពេលផ្ទុះកូវីដ១៩ ចំនួន ១២ បន្ថែមទៀត។ ពោលគឺក្នុងចំណោមប៉ុស្តិ៍ត្រួតពិនិត្យចំនួនជិត ១០០កន្លែង ដែលប្រទេសថៃបានដាក់សម្រាប់ត្រួតពិនិត្យជាមួយប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា គឺទើបតែមាន ៤៨ កន្លែងប៉ុណ្ណោះ ដែលត្រូវបានបើកឡើងវិញសម្រាប់ពាណិជ្ជកម្មឆ្លងព្រំដែន។
យ៉ាងណាមិញ ក្រសួងនឹងបន្តតាមដានយ៉ាងដិតដល់នូវកត្តាហានិភ័យចំនួន ២ ដែលអាចរារាំងដល់ការពង្រីកការជួញដូរឆ្លងដែន ទី១ គឺជាស្ថានភាពមេរោគអូមីក្រុងដែលរកឃើញនៅក្នុងប្រទេសថៃ និងប្រទេសជិតខាង។ ហើយមួយទៀត គឺបញ្ហាសេដ្ឋកិច្ច និងស្ថានភាពនយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ជាពិសេសគោលនយោបាយត្រួតពិនិត្យការនាំចូល ដែលមានបំណងកាត់បន្ថយតុល្យភាពឱនភាពរបស់ប្រទេសនេះ។
សូមជម្រាបថា ទំហំពាណិជ្ជកម្មថៃតាមព្រំដែនសរុបរបស់ថៃ នៅក្នុងឆ្នាំ ២០២១ មានចំនួនប្រមាណ ៥១ពាន់លានដុល្លារកើនឡើង ៣០% ធៀបនឹងឆ្នាំ២០២០ ជាមួយនឹងការនាំចេញកើនឡើងជាង ៣៤% មានដល់ជាង ៣១ពាន់លានដុល្លារ ខណៈការនាំចូលកើនឡើងជិត ២៤% មានដល់ ២០ពាន់លានដុល្លារអាមេរិក៕អត្ថបទ ស៊ើង និមល់