បើទោះបីជា សេដ្ឋកិច្ចថៃនឹងងើបឡើងវិញជាបណ្តើរៗចាប់ពីនៅឆ្នាំ ២០២២ ដែលត្រូវបានជំរុញដោយការបើកដំណើរការប្រទេសឡើងវិញ បន្ទាប់ពីពន្លឿនផែនការចាក់វ៉ាក់សាំងក៏ដោយ តែហានិភ័យដែលថៃនឹងប្រឈមក្នុងរយៈពេលមធ្យមនាពេលខាងមុខនេះ គឺការប្រកួតប្រជែងជាសកលកាន់តែខ្លាំងឡើង ដែលស្របតាមសន្ទុះនៃការងើបឡើងនៃសេដ្ឋកិច្ចសកល ក៏ដូចជាការរំខានផ្នែកបច្ចេកវិទ្យាឌីជីថល ភាពតានតឹងរវាងសង្គ្រាមពាណិជ្ជកម្មរដ្ឋអាមេរិក-ចិន និងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយនៅអាស៊ីជាដើម។ នេះបើតាមការអះអាងរបស់អនុប្រធានធនាគារបាងកករបស់ថៃលោក កុបស័ក្ដិ ភូត្រាកុល (Kobsak Pootrakul)។
ចំពេលជាមួយគ្នានេះ អាជីវកម្មនានាក៏អាចទទួលបានឱកាសថ្មី ដើម្បីរៀបចំសម្រាប់ការចាប់ផ្តើមអាជីវកម្មឡើងវិញបន្ទាប់ពីជំងឺរាតត្បាតផងដែរ។ ឱកាសទាំងនោះរួមមាន ការអភិវឌ្ឍន៍ឌីជីថល ការកែលម្អអាជីវកម្ម និងការផលិតជាដើម។
ទន្ទឹមនេះ អនុប្រធានប្រតិបត្តិជាន់ខ្ពស់របស់ធនាគារបាងកកបាននិយាយថា សន្ទុះសេដ្ឋកិច្ចរបស់ប្រទេសថៃក៏នឹងពឹងផ្អែកលើវិស័យទេសចរណ៍ និងការរីកចម្រើននៃការចាក់វ៉ាក់សាំងរបស់ប្រទេសផងដែរ ខណៈវិស័យទេសចរណ៍មានបុគ្គលិកបម្រើការរដល់ទៅប្រមាណ ១០ លាននាក់ ឬស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ។
សូមជម្រាបថា ចាប់ពីពាក់កណ្តាលឆ្នាំក្រោយ ប្រទេសថៃត្រូវបានគេរំពឹងថា នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិប្រហែល ៥០% នៃចំនួនសរុប ដែលធ្លាប់បានកត់ត្រានៅមុនពេលមានជំងឺរាតត្បាត ហើយចំនួននេះនឹងបន្ដកើនឡើងដល់ ៨០% នៅត្រឹមឆ្នាំ ២០២៣។ ខណៈមុនពេលជំងឺរាតត្បាត ក្នុងឆ្នាំ ២០១៩ ថៃបានទទួលភ្ញៀវទេសចរបរទេសចំនួន ៤០ លាននាក់។
សូមបញ្ជាក់ថា តាមការព្យាករចុងក្រោយរបស់ក្រសួងហិរញ្ញវត្ថុថៃបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចថៃ នៅឆ្នាំ២០២១នេះ រំពឹងនឹងកើនឡើងជាង១% បន្ទាប់ពីបានធ្លាក់ចុះជាង៦%កាលពីឆ្នាំ២០២០ ហើយសម្រាប់ឆ្នាំ២០២២វិញ រំពឹងនឹងបន្ដកើនឡើងចន្លោះពី ៣,៥% ទៅ ៤,៥% ដោយសារតែការនាំចេញកើនឡើង និងការងើបឡើងវិញនៃវិស័យទេសចរណ៍៕
អត្ថបទ៖ ស៊ើង និមល់