យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ជំហានបត់បែនថ្មីនេះធ្វើឡើងក្នុងគោលបំណងបើកផ្លូវឱ្យមានការធ្វើតេស្តស្រាវជ្រាវ និងទាក់ទាញលំហូរទុនវិនិយោគអន្តរជាតិ ដើម្បីបង្កើនសមត្ថភាពកែច្នៃរ៉ែកម្រនៅក្នុងស្រុក។
ប្រទេសម៉ាឡេស៊ី បានផ្លាស់ប្តូរយុទ្ធសាស្ត្រពាណិជ្ជកម្មដោយអនុញ្ញាតឱ្យមានការនាំចេញរ៉ែកម្រក្នុងទម្រង់ជាវត្ថុធាតុដើមឆៅជាលើកដំបូង ដើម្បីរុញច្រានកំណើនសេដ្ឋកិច្ច និងជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុក។ ក្រសួងធនធានធម្មជាតិ និងនិរន្តរភាពបរិស្ថានម៉ាឡេស៊ី បានគូសបញ្ជាក់ថា នាយកដ្ឋានរ៉ែ និងភូគព្ភសាស្ត្របានអនុម័តលើពាក្យស្នើសុំនាំចេញចំនួន១ករណីសម្រាប់ទិសដៅស្រាវជ្រាវ និងអភិវឌ្ឍន៍។ ទោះជាយ៉ាងណា អាជ្ញាធរម៉ាឡេស៊ី មិនបានទម្លាយឈ្មោះក្រុមហ៊ុន ដែលទទួលបានសិទ្ធិនេះ ឬផ្តល់ព័ត៌មានលម្អិតបន្ថែមនោះឡើយ។
សូមបញ្ជាក់ថា រ៉ែកម្រ គឺជាវត្ថុធាតុដើមដ៏សំខាន់បំផុតនៅលើពិភពលោក ដោយវាជាសមាសធាតុស្នូលក្នុងការផលិតបច្ចេកវិទ្យាទំនើប ឧបករណ៍អេឡិចត្រូនិក និងអាវុធយុទ្ធភណ្ឌក្នុងវិស័យការពារជាតិ។
ស្របបេលដែលចិន កំពុងក្តោបក្តាប់ និងគ្របដណ្តប់លើខ្សែច្រវាក់ផ្គត់ផ្គង់រ៉ែកម្រសកលស្ទើរទាំងស្រុងនោះ ប្រទេសជាច្រើនរួមទាំងម៉ាឡេស៊ី ផងដែរ កំពុងបង្កើនល្បឿនអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួន ដើម្បីកាត់បន្ថយការពឹងផ្អែកលើទីក្រុងប៉េកាំង។ បច្ចុប្បន្នម៉ាឡេស៊ី ជាទីតាំងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនអូស្ត្រាលី Lynas Rare Earths ដែលជាក្រុមហ៊ុនកែច្នៃរ៉ែកម្រធំជាងគេបំផុតមួយក្នុងចំណោមក្រុមហ៊ុនតែពីរគត់នៅក្រៅដែនដីចិន។ ជាមួយគ្នានេះក្រុមហ៊ុនយក្សក្នុងស្រុកដូចជា Berjaya ក៏កំពុងសម្លឹងមើលឱកាសវិនិយោគក្នុងវិស័យនេះផងដែរ។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន Carester របស់បារាំងគ្រោងសាងសង់រោងចក្របំបែករ៉ែកម្រនៅក្នុងរដ្ឋភេរ៉ាក់ (Perak) ភាគខាងជើងប្រទេស ដោយសហការជាមួយក្រុមហ៊ុន Malaco Mining Group របស់ម៉ាឡេស៊ី។ លើសពីនេះ ក្រុមហ៊ុនអាម៉េរិកជាង១០ក្រុមហ៊ុនផ្សេងទៀត ក៏កំពុងស៊ើបយកការណ៍ និងស្វែងរកឱកាសបោះទុនវិនិយោគលើរ៉ែកម្រនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ៕