សារព័ត៌មាន Khaosod របស់ថៃបានរាយការណ៍នៅថ្ងៃទី២១ ខែមេសា ថា រដ្ឋមន្រ្តីការពារជាតិថៃលោក អាឌុល ប៊ុនថាមចារឿន (Adul Boonthamcharoen) បានបញ្ជាឱ្យអាជ្ញាធរស៊ើបអង្កេតលើករណីបាត់ទង់ជាតិថៃចេញពីដងនៅតំបន់ព្រំដែនកម្ពុជា-ថៃ ទោះបីជាមានការធានាពីមន្ត្រីយោធាកម្ពុជាថាកងទ័ពកម្ពុជាមិនបានពាក់ព័ន្ធនឹងករណីនេះក៏ដោយ។
អ្វីដែលធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងនោះ គឺការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពជើងទឹកថៃលោកឧត្តមនាវីឯក ប៉ារ៉ាច រតនាឆៃយ៉ាផាន (Parach Rattanachaiyaphan) ដែលបានប្រកាសថា ថៃនឹង សងសឹកភ្លាមៗ ប្រសិនបើរកឃើញថា មានការរំលោភបំពានពីកម្លាំងយោធាកម្ពុជា។ គិតត្រឹមថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៦ យោធាថៃបានប្រញាប់ប្រញាល់លើកទង់ជាតិថ្មី ដំឡើងរបងលួសបន្លាបន្ថែម និងបង្កើនការល្បាតយ៉ាងងងើលនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន។
ជុំវិញភាពមិនប្រក្រតីនេះ អ្នកជំនាញភូមិសាស្ត្រនយោបាយនៅកម្ពុជា បានលើកឡើងដោយមន្ទិលថា ហេតុការណ៍នេះអាចជាយុទ្ធសាស្ត្របង្កកម្ដៅដើម្បីផលចំណេញរបស់ភាគីថៃ។ លោកបានកត់សម្គាល់ថា កាលពីមុនថៃយកលេសរឿងជាន់មីន ឥឡូវបែរជាយករឿងបាត់ទង់ជាតិមកធ្វើជាបញ្ហាធំទៅវិញ។ សម្រាប់អ្នកជំនាញវាហាក់ដូចជាមិនសមហេតុផលទាល់តែសោះ ដែលទង់ជាតិបាត់ពីដងនៅក្នុងតំបន់ ដែលមានកងទ័ពថៃឈរជើងការពារយ៉ាងរឹងមាំនោះ។ នេះអាចគ្រាន់តែជាលេស ដើម្បីបង្កើតសកម្មភាពយោធាតាមអំពើចិត្តតែប៉ុណ្ណោះ។
ជាមួយគ្នានេះ អ្នកជំនាញ បានផ្តល់យោបល់ និងលើកទឹកចិត្តឱ្យវីរៈកងទ័ពកម្ពុជា ដែលកំពុងប្រចាំការនៅតំបន់នោះបន្តតាមដានសភាពការណ៍ឱ្យជាប់ជានិច្ច និងរក្សាភាពម្ចាស់ការខ្ពស់ ដើម្បីទប់ស្កាត់រាល់ការប៉ុនប៉ងឈ្លានពានណាមួយ ដែលកើតចេញពីល្បិចកលមិនច្បាស់លាស់នេះ៕ដោយៈ សរ សុជាតិ