តាមផែនការ វិធានការជួយសម្រាលបន្ទុកជីវភាពពលរដ្ឋនេះ អាចនឹងត្រូវអនុវត្តក្នុងរយៈរយៈពេលបីខែ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្តិ៍។
សំណើដែលដាក់ដោយក្រសួងពាណិជ្ជកម្មថៃត្រូវបានពិគ្រោះជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា រួចហើយ ហើយលោក ប្រាយុទ្ធក៏បានយល់ព្រមលើសំណើនេះដែរ ប៉ុន្តែ លោកនាយករដ្ឋមន្ត្រីថៃ ស្នើសុំឲ្យមានការពន្យល់លម្អិតបន្ថែមទៀតអំពីវិធានការនេះ។
អំពីវិធានការនេះ ក្រសួងគ្រោងនឹងរៀបចំយុទ្ធនាការលក់ទំនិញបញ្ចុះតម្លៃនៅចំនុចទីតាំងចែកចាយចំនួនជាង ៣ពាន់ទីតាំង និងបន្ថែមគម្រោងលក់ទំនិញតម្លៃទាប ដើម្បីចែកចាយផលិតផលសំខាន់ៗ និងចំណីអាហារដល់សហគមន៍ទូទាំងប្រទេស។ ផលិតផលដែលនឹងត្រូវលក់បញ្ចុះតម្លៃនោះ រួមមានសាច់មាន់ សាច់ជ្រូក ស៊ុត និងផលិតផលសំខាន់ៗផ្សេងទៀត នឹងមានលក់នៅទីធ្លាសហគមន៍ ផ្សារលក់បន្លែត្រីសាច់ ហាងលក់ទំនិញ ស្ថានីយ៍ប្រេងឥន្ធនៈ និងតូបលក់ទំនិញចល័តជាដើម។ទន្ទឹមនេះ ក្រសួងពាណិជ្ជកម្មថៃក៏នឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកលក់ដែលលក់ដំឡើងថ្លៃខ្លាំងផងដែរ។ ដើម្បីតាមដានពីតម្លៃទំនិញដែលអាជីវករលក់នៅតាមទីផ្សារ អភិបាលខេត្តនឹងដឹកនាំក្រុមអធិការកិច្ចដើម្បីអង្កេតតម្លៃលក់រាយនៃផលិតផល និងសេវាកម្មដែលសង្ស័យថា មានការឡើងថ្លៃ ដោយបញ្ជាឱ្យអ្នកលក់បង្ហាញតារាងតម្លៃទំនិញ ដែលពួកគេលក់ជាដើម។
គួរជម្រាបថា អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងបានឱ្យដឹងថា ក្រសួងក៏មានគម្រោងស្វែងរកកិច្ចសហការពីក្រុមហ៊ុនផលិត និងអាជីវករ ដើម្បីជួយកំណត់តម្លៃផលិតផលរបស់ពួកគេ ឬពន្យារពេលឡើងតម្លៃផលិតផល ដែលជាមធ្យោបាយមួយដើម្បីកាត់បន្ថយការលំបាករបស់អ្នកប្រើប្រាស់ផងដែរ៕អត្ថបទ៖ ស៊ើង និមល់