សំណុំរឿង UNCLOS

ថៃ បញ្ចេញសន្លឹកបៀររបស់ខ្លួនហើយក្នុងសំណុំរឿង UNCLOS ដោយជ្រើសរើសអ្នកជំនាញការផ្នែកច្បាប់អន្តរជាតិពីររូប ដើម្បីតតាំងនឹងកម្ពុជា


ទីបំផុតរដ្ឋាភិបាលថៃ ដែលធ្លាប់តែរឹងទទឹងក្នុងដំណើរការដោះស្រាយបញ្ហាទឹកដីតាមផ្លូវច្បាប់អន្តរជាតិ ជាមួយកម្ពុជានោះ ឥឡូវនេះសម្រេចចិត្តដើរចូលគន្លងផ្លូវច្បាប់អន្តរជាតិ ដែលកម្ពុជា ជាអ្នកគូសវាសហើយ។ បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីការបរទេសថៃ លោក ស៊ីហាសាក់ ភួងកេតកែវ ទីក្រុងបាងកក បានតែងតាំងអ្នកជំនាញផ្នែកច្បាប់អន្តរជាតិពីររូប គឺជនជាតិអាហ្វ្រិកខាងត្បូងម្នាក់ និងអាល្លឺម៉ង់ម្នាក់ ដើម្បីមកតតាំងជាមួយកម្ពុជា ក្រោមយន្តការផ្សះផ្សាដោយបង្ខំ នៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីនីតិសមុទ្រ (UNCLOS)។
សំណុំរឿង UNCLOS
ដោយ

ទោះបីជាមាត់ប្រកែកមិនចង់ ហើយទាមទារប្រើយន្តការទ្វេភាគី ក្រោយលុបចោលអនុស្សរណៈយោគយល់​គ្នា​ឆ្នាំ២០០១ ដោយឯកតោភាគី ដើម្បីកេងចំណេញនយោបាយយ៉ាងណាក៏ដោយ ក៏ទីបំផុតទៅរដ្ឋាភិបាលក្រុ​ង​បាងកក គ្មានជម្រើសអ្វីក្រៅ​ពីដើរចូលតុចរចាទាំងមិនសូវពេញចិត្ត ក្រោមក្រសែភ្នែកអ្នកច្បាប់អន្តរជាតិឡើយ។ លោក ស៊ីហាសាក់ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃ បានទម្លាយប្រាប់អ្នកកាសែតថា ថៃ បានសម្រេចចិត្ត​តែងតាំងលោក អាល់បឺត ហូហ្វមេន (Albert Hoffman) អ្នកជំនាញច្បាប់សមុទ្រមកពីអាហ្វ្រិកខាងត្បូង និងលោក រូឌីហ្គឺ វូហ្វរ៉ាំ (Rüdiger Wolfrum) អ្នកច្បាប់កំពូលរបស់អាល្លឺម៉ង់ ដើម្បីរៀបចំខ្លួនតតាំងក្នុង​ដំណើរការ​ផ្សះផ្សា​ដោយបង្ខំ ដែលផ្តួចផ្តើមឡើងដោយភាគីកម្ពុជា។ បុគ្គលទាំងពីរនេះ សុទ្ធតែជាអតីត​ប្រធានតុលាការ​ច្បាប់សមុទ្រអន្តរជាតិ។

ដោយឡែក ខាងភាគីកម្ពុជាវិញ បានជ្រើសរើសកំពូលអ្នកច្បាប់អន្តរជាតិ ចំនួន២រូប រួចមុនថៃទៅទៀត។ អ្នកច្បាប់អន្តរជាតិ២រូប ដែលកម្ពុជាបានជ្រើសរើសនោះ រួមមាន៖

១៖ លោក Peter Taksoe-Jensen ជាមន្រ្តីជាន់ខ្ពស់ផែ្នកច្បាប់អន្តរជាតិ ក្រសួងការបរទេស និងជាអ្នកកា​រ​ទូតអាជីព របស់ប្រទេសដាណឺម៉ាក។ លោកមានបទពិសោធយ៉ាងជ្រៅជ្រះ​លើកិច្ចការងារការទូត​ និងផ្លូវច្បាប់អន្តរជាតិ ដូចជាធ្លាប់ធ្វើជាអគ្គរាជទូតប្រចាំប្រទេសជប៉ុន អាមេរិក និងឥណ្ឌា, ធ្លាប់ជាជំនួយ​ការផ្នែកច្បាប់​របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកប៉ាន គីម៉ូន និងធ្លាប់ធ្វើជា​ប្រធានគណៈកម្មការសម្របសម្រួលជម្លោះដែនសមុទ្ររវាងអូស្រ្តាលី និងទីម័រ របស់អង្គការ​សហប្រជាជាតិស្តីពីនិតិសមុទ្រផងដែរ។

២៖ លោកសាស្រ្តាចារ្យ Jean-Marc Thouvenin ជាអគ្គលេខាធិការបណ្ឌិតសភាច្បាប់អន្តរជាតិក្រុងឡាអេ និងជាសមាជិក​នៃវិទ្យាស្ថានអន្តរជាតិ ដឺត្រយ (Institute de Droit International)។ លោកក៏ធ្លាប់ជា​សមាជិកមជ្ឈមណ្ឌលច្បាប់អន្តរជាតិនៃសាកលវិទ្យាល័យបារីស ណាត់ទែរ៉េ (Universite Paris-Nanterre)។ ព្រមទាំង ធ្លាប់ជាទីប្រឹក្សាតុលាការយុត្តិធម៌អន្តរជាតិ (ICJ) របស់អង្គការសហប្រជាជាតិថែមទៀតផង។

ការបង្ហាញសមសភាពនៃតំណាងអ្នកច្បាប់អន្តរជាតិនេះ គឺជាការបោះជើងទៅមុខមួយជំហានទៀត នៅក្នុង​ការដោះស្រាយបញ្ហាដែនសមុទ្រត្រួតស៊ីគ្នារវាង​កម្ពុជា និងថៃ បន្ទាប់ពីប្រទេសថៃបានសម្រេចលុបចោល MoU ឆ្នាំ២០០១ ដោយឯកតោភាគីកាលពីដើមខែឧសភាកន្លងទៅ។ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ យន្តការទ្វេភាគីរវាងខ្មែរ និងថៃមិនអាចទៅមុខរួច សូម្បីតែមួយជំហាន ដោយសារតែបញ្ហានយោបាយផ្ទៃក្នុង និងកំអែលនយោបាយបែប​ជាតិនិយមជ្រុល​ពីសំណាក់​ក្រុមអ្នកនយោបាយ​ចាស់គំរិល​របស់ក្រុងបាងកក ដែលតែងតែសម្លឹងមើលបូរណភាពទឹកដីកម្ពុជា និងធនធាន​កម្ពុជា​ដូចជា សាច់ជ្រូកបីជាន់ ចង់ខ្វៃ ចង់ស្ងោរ ឬចង់ក្រឡុកតាមចិត្តនឹកឃើញ។

ទោះយ៉ាងណា កំណប់រ៉ែប្រេងកាត និងឧស្ម័នធម្មជាតិទំហំជាង ៣៤០ពាន់លានម៉ែត្រគូប ដែលមានតម្លៃ​ជាទឹកប្រាក់រហូតដល់ទៅ​ប្រមាណ ៣០០ពាន់លានដុល្លារនៅក្នុងតំបន់ទាមទារត្រួតស៊ីគ្នា (OCA) ទំហំ២៦,០០០ គីឡូម៉ែត្រការ៉េ មិនមែនចំណាប់ខ្មាំងនយោបាយរបស់បុគ្គលណាម្នាក់ឡើយ។

កម្ពុជាក្នុងនាមជា​រដ្ឋតូចមាន​ធនធាន​មានកម្រិត បានឱ្យតម្លៃលើសន្តិភាព និងគោរពបទដ្ឋានគតិយុទ្ធនានា​តាមច្បាប់អន្តរជាតិ និងវៃឆ្លាត មិនបាន​ជ្រើសរើស​ផ្លូវប្រើហិង្សា ឬបង្កជម្លោះយោធានោះឡើយ។ ផ្ទុយទៅវិញកម្ពុជា បានប្រើយុទ្ធសាស្ត្រ​យកច្បាប់អន្តរជាតិ​ធ្វើជាខ្នងបង្អែក ដោយទាញកាតព្វកិច្ច UNCLOS មកដេញជើងថៃ ដែលបានបង្ហាញទៅកាន់ពិភពលោកថា ជម្លោះ​ត្រូវតែដោះស្រាយដោយច្បាប់អន្តរជាតិ មិនមែន​អាងប្រើ​កម្លាំងអាវុធ ឬអាងខ្លួនធំ ធ្វើបាបអ្នកតូចជាងខ្លួននោះទេ៕

ដោយៈ ខេមបូណូមីស




អត្ថបទបន្ទាប់


តើវៀតណាម ធ្វើកំណែទម្រង់ស៊ីជម្រៅអ្វីខ្លះ ដើម្បីឈានទៅសម្រេចមហិច្ឆតាស្រូបទាញការវិនិយោគបរទេសឱ្យបានដល់ ៣០% នៃ GDP នៅត្រឹមឆ្នាំ២០៤៥?

ប្រទេសវៀតណាម ដែលមានប្រជាជនសរុបប្រមាណ១០០លាននាក់កំពុងដាក់ចេញកំណែទម្រង់ទ្រង់ទ្រាយធំជាច្រើន ដើម្បីទាក់ទាញវិនិយោគបរទេស ដែលមានគុណភាពខ្ពស់ ន…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ