អ្នកនាំពាក្យរដ្ឋាភិបាលថៃ បាននិយាយថា កញ្ចប់ថវិកាដែលត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តឡើងនេះ គឺនឹងត្រូវដកយកមកពីកញ្ចប់ថវិកាប្រចាំឆ្នាំសារពើពន្ធ២០២២ និងកញ្ចប់ថវិការដ្ឋាភិបាលកណ្ដាល។ នេះបើតាមការរាយការណ៍ដោយការិយាល័យព័ត៌មានជាតិរបស់ថៃ។
ក្រោយគណៈរដ្ឋមន្ត្រីថៃ អនុម័តកញ្ចប់ថវិកាបន្ថែមជាង ៤០លានដុល្លារអាមេរិក ដើម្បីប្រយុទ្ធទប់ទល់នឹងកូវីដ១៩ ការិយាល័យលេខាធិការអចិន្ត្រៃយ៍នៃក្រសួងសុខាភាពសាធារណៈរបស់ថៃ នឹងទទួលបានប្រមាណជាង ១៦លានដុល្លារ ខណៈទឹកប្រាក់ជិត២លានដុល្លារ នឹងត្រូវផ្ដល់ទៅឲ្យនាយកដ្ឋានជំងឺឆ្លង និងទឹកប្រាក់នៅសល់ជាង២០លានដុល្លារទៀត គឺនឹងបែងចែងទៅឲ្យនាយកដ្ឋានឱសថរបស់ថៃ។
កញ្ចប់ថវិកាដែលត្រូវបានអនុម័តបន្ថែមថ្មីនេះ នឹងត្រូវប្រើប្រាស់សម្រាប់រយៈពេល៣ខែចុងក្រោយនៃឆ្នាំ២០២១នេះ ដោយរដ្ឋាភិបាលថៃ មានគោលបំណងបង្កើនទំនុកចិត្តសាធារណៈ បង្កើនភាពស៊ាំនៅក្នុងសហគមន៍ កាត់បន្ថយអត្រាការស្លាប់ដោយសារកូវីដ១៩ ជំរុញការស្ទុះងើបឡើងវិញនៃកំណើនសេដ្ឋកិច្ច និងអនុញ្ញាតឲ្យមានសកម្មភាពវប្បធម៌-សង្គមឡើងវិញជាដើម។គួរបញ្ជាក់ថា ថ្មីៗនេះ ក្រសួងសុខាភិបាលថៃ ក៏បានលើកឡើងដែរថា ក្រសួងកំពុងរៀបចំបញ្ជាទិញថ្នាំព្យាលបាលកូវីដ១៩ ពីក្រុមហ៊ុនអាមេរិកចំនួន២ គឺថ្នាំគ្រាប់របស់ក្រុមហ៊ុន Merck និង Pfizer ដែលទើបតែបានរកឃើញថ្មីៗនេះ។ តាមផែនការ ថៃគ្រោងនឹងនាំយកថ្នាំគ្រាប់ព្យាលបាលកូវីដ១៩ទាំងនេះ មកផ្គត់ផ្គង់ឲ្យពលរដ្ឋរបស់ខ្លួនប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ ខណៈដែលលោកនាយករដ្ឋមន្ត្រីថៃ ប្រយុត ចាន់អូចា ក៏បានជំរុញឲ្យក្រសួងសុខាភិបាលរួសរាន់កក់ទុកថ្នាំគ្រាប់ព្យាបាលកូវីដទាំងនេះផងដែរ។
សូមបញ្ជាក់ថា ក្នុងចំណោម ថ្នាំទាំងពីរប្រភេទរបស់ក្រុមហ៊ុន Merck និង Pfizer គឺទើបតែមានថ្នាំរបស់ ក្រុមហ៊ុន Merck មួយប៉ុណ្ណោះ ដែលទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់នៅប្រទេសអង់គ្លេស ខណៈដែលនៅប្រទេសផ្សេងទៀត ថ្នាំទាំងពីរប្រភេទនេះ នៅមិនទាន់ត្រូវបានអាជ្ញាធរសុខាភិបាលអនុម័តឲ្យប្រើនៅឡើយទេ។ ទោះយ៉ាងណា តាមការធ្វើតេស្ដសាកល្បង ថ្នាំទាំងពីរប្រភេទនេះ មានប្រសិទ្ធភាពក្នុងការការពារអ្នកជំងឺកូវីដ១៩ មិនឲ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ និងកាត់បន្ថយអត្រាស្លាប់បាត់បង់ជីវិតជាដើម ហើយបណ្ដាប្រទេសមួយចំនួន ក៏បានទាក់ទងទៅក្រុមហ៊ុនផលិតថ្នាំទាំងពីរនេះ ដើម្បីកក់ទុកជាបណ្ដើរៗផងដែរ៕